នៅស្រុកវ៉ារិន ចម្ងាយប្រមាណជាង ៩០គីឡូម៉ែត្រភាគខាងលិចឆៀងខាងជើងពីទីរួមខេត្តសៀមរាប មានព្រៃសេសសល់ធំមួយកន្លែងក្នុងឃុំស្វាយស ដែលអាចជាជម្រកសត្វព្រៃរស់នៅបានសុខសាន្ត ក្នុងពេលដែលព្រៃឈើជាច្រើនកន្លែងទៀត បានបាត់បង់អស់ទៅហើយ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជុំវិញ ហើយតែងទទួលផលប្រយោជន៍ពីព្រៃនោះ កំពុងព្រួយបារម្ភ ដោយសារតែការកាប់បំផ្លាញព្រៃនៅទីនោះកើតមានជាបន្តបន្ទាប់។
ប្រជាពលរដ្ឋមួយចំនួននៅភូមិបាយដុត ឃុំស្វាយស កំពុងចោទប្រកាន់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមួយចំនួន ថាអាចជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើជួញដូរខុសច្បាប់ និងរុករានយកដី ដែលគ្រប់គ្រងដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិកម្ពុជា មួយ នាតំបន់ជប់ភ្លង់។
បុរសម្នាក់ គឺជាអ្នកភូមិដែលធ្លាប់ចេញចូលទៅតំបន់ព្រៃការពារនោះ។ គាត់អះអាងកាលពីរសៀលថ្ងៃអង្គារ ទី២១ ខែតុលា ថា បច្ចុប្បន្ន ព្រៃឈើដែលគ្រប់គ្រងដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិកម្ពុជា នៅក្នុងស្រុកវ៉ារិន ១កន្លែង កំពុងទទួលរងការកាប់យ៉ាងខ្លាំងពីអ្នកជួញដូរខុសច្បាប់ និងអ្នកដែលរុករានយកដីធ្វើជាកម្មសិទ្ធិ។
បុរសដដែលបញ្ជាក់ថា តាមផ្លូវចូលទៅតំបន់ព្រៃនោះ គឺមានសមត្ថកិច្ចចម្រុះជាច្រើនផ្នែក តាំងពីមេព្រៃ ប៉ូលិស ទាហាន បានដាក់កុងត្រូលចាំយកលុយពីការដឹកជញ្ជូនឈើខុសច្បាប់ ក៏ប៉ុន្តែមិនមានការបង្ក្រាបទេ។ គាត់សង្ស័យថា កម្លាំងចម្រុះទាំងនោះ ព្រមទាំងមេឃុំស្វាយស ផង អាចជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់ព្រៃឈើ៖ «ឮតែសន្ធឹកម៉ាស៊ីនរំពង គេជួលអ្នកភូមិបាយដុត គេកាប់យកឈើផង គេកាប់យកដីលក់ផង។ មានអ្នកឃើញក៏ច្រើនដែរ ហើយខ្ញុំក៏ឃើញផ្ទាល់ដែរ មានខាងចម្រុះស្រុកវ៉ារិន ជាមួយនិងទាហាន ជាមួយនិងឃុំស្វាយស អីគ្នាគេនៅដាក់កុងត្រូលនៅកន្លែងភូមិបាយដុត យកលុយរាប់ឆ្នាំហើយ ព្រោះកន្លែងភូមិហ្នឹងឆ្ងាយពីផ្លូវជាតិទៅប្រហែលជា ៥-៦គីឡូម៉ែត្រ»។
ក៏ប៉ុន្តែ អាជ្ញាធរឃុំស្វាយស បានបដិសេធចោលការអះអាងរបស់ប្រជាពលរដ្ឋនោះ ថាគឺជារឿងមិនពិត។
មេឃុំស្វាយស លោក លីវ រីណា មានប្រសាសន៍ថា មិនមានការកាប់ និងបំផ្លាញព្រៃឈើ ដើម្បីយកដីដូចអ្នកភូមិអះអាងនោះទេ។ លោកមេឃុំបញ្ជាក់ថា ការត្រួសព្រៃដែលអ្នកភូមិឃើញនោះ គឺគ្រាន់តែរៀបចំធ្វើជាកន្លែងសហគមន៍ ដើម្បីការពារព្រៃឈើទីនោះ។ លោកមេឃុំបានដៅអ្នកដែលរាយការណ៍អំពីការកាប់ឈើនោះថា គ្រាន់តែជាមនុស្សមិនល្អ ដែលមិនសូវនៅចុះសម្រុងនឹងគេ៖ «មានឈើដឹកចេញពីណា សហគមន៍នោះធ្វើកុំឱ្យកាប់ព្រៃដឹកចេញនោះឯង។ អ្នកដែលនិយាយនោះច្រើនតែអ្នកបង្ខូចបង្កាច់ពេក ច្រើនតែអ្នកនៅមិនសូវសមស្របនឹងគេ ក៏ចេះតែរាយការណ៍។ សហគមន៍នោះមានផែនទីផែនអីត្រឹមត្រូវរបស់គេ»។
អាជ្ញាធរឃុំស្វាយស ឱ្យដឹងថា នៅតំបន់ព្រៃដែលអ្នកភូមិរាយការណ៍ថាមានសកម្មភាពកាប់ឈើនោះ គឺជាតំបន់ព្រៃសហគមន៍ចង្ក្រានរយ ដែលមានផ្ទៃដីជាង ៩.៥០០ហិកតារ។
ទោះយ៉ាងណា សមាជិកក្រុមប្រឹក្សាស្រុកវ៉ារិន លោក ប្រន យ៉ុន មានប្រសាសន៍ថា លោកក៏សង្ស័យទីនោះមានការកាប់ឈើដែរ ក៏ប៉ុន្តែលោកមិនដែលបានទទួលព័ត៌មានជុំវិញរឿងនោះទេ។ សមាជិកក្រុមប្រឹក្សាស្រុកដដែលបញ្ជាក់ថា មូលហេតុដែលលោកសង្ស័យនោះ ដោយសារតែលោកបានឃើញកម្លាំងចម្រុះជាច្រើនស្ថាប័ន ដូចជាមេព្រៃ ទាហាន និងបរិស្ថាន ជាដើម ពិតជាទៅនៅកកកុញគ្នាទីនោះ ហើយលោកនឹងស្រាវជ្រាវជុំវិញរឿងនេះ ដើម្បីរកភស្តុតាងឱ្យបានច្បាស់លាស់នៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
