អ្នក​ភូមិ​ចោទ​អាជ្ញាធរ​ឃុំ​ថា​គំរាម​មិន​ឲ្យ​តវ៉ា​ប្រឆាំង​ការ​សង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២

ដោយ រដ្ឋា វិសាល
2015.04.07
តវ៉ា​នឹង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ស្ទឹងត្រែង ៦២០ ប្រជាពលរដ្ឋ​ភូមិ​ស្រែស្រណុក ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នាំ​គ្នា​មក​ប្រមូល​ផ្តុំ​នៅ​ផ្លូវ​ជាតិ​លេខ​៧៨​អា ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ​៤៧៩ ដើម្បី​តវ៉ា​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ពាក់ព័ន្ធ​ផ្ទេរ​ដី​សង់​លំនៅឋាន​ពលរដ្ឋ មុន​នឹង​ជម្លៀស​អ្នក​ភូមិ​ចេញ​ពី​ភូមិ​ចាស់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥។
Photo Adhoc

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង ចោទ​មន្ត្រី​មូលដ្ឋាន​ថា គំរាម​មិន​ឲ្យ​អ្នក​ភូមិ​លើក​បដា​តវ៉ា និង​មិន​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន។ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​អះអាង​ថា ក្រុម​ការងារ​ថ្នាក់​មូលដ្ឋាន​ចុះ​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ផ្តល់​ទិន្នន័យ​ដីធ្លី ទ្រព្យ​សម្បត្តិ​ពលរដ្ឋ ដើម្បី​ក្រុមហ៊ុន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មាន​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ ប្រធាន​ភូមិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា បាន​ចុះ​ទៅ​តាម​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​ដែល​តវ៉ា​មិន​ព្រម​ចុះ​បញ្ជី​ស្រង់​ទិន្នន័យ​ដីធ្លី ទ្រព្យ​សម្បត្តិ ហើយ​ប្រាប់​អ្នក​ភូមិ​ឲ្យ​ដក​ចេញ​បដា​ដែល​អ្នក​ភូមិ​ដាក់​នៅ​តាម​លំនៅឋាន។

ចាប់​តាំង​ពី​ដើម​ខែ​មេសា រហូត​មក ពាក្យ​ស្លោក​មាន​ន័យ​ថា ស៊ូ​ស្លាប់​មិន​ចាក​ចេញ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជាង ៤០​គ្រួសារ សរសេរ​នៅ​លើ​បដា​ដាក់​នៅ​តាម​ជញ្ជាំង​ផ្ទះ ឬ​ក្រោម​ផ្ទះ បង្ហាញ​ពី​ឆន្ទៈ​មិន​ទទួល​យក​សំណង​ផល​ប៉ះពាល់​ស្ដីពី​គម្រោង​សាងសង់​វារីអគ្គិសនី។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ១ លោក ហ្វុត ឃឿន អះអាង​ថា មន្ត្រី​មូលដ្ឋាន ៦​នាក់​បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​ទម្លាក់​បដា​ចេញ​វិញ បើ​មិន​ដូច្នេះ​ទេ​អាជ្ញាធរ​នឹង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ពី​គ្រួសារ​ណា​រឹង​ទទឹង។ លោក​បន្ត​ថា ក្រុម​ការងារ​ព្រមាន​បន្ថែម​ថា ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ភូមិ​នៅ​តែ​បន្ត​លើក​បដា​ពាក្យ​ស្លោក​នេះ៖ «បើ​មិន​ដក​ចេញ​គេ​ថា​នឹង​ចាប់​មេ​ភូមិ ក្រុម​ប្រឹក្សា​ឃុំ។ ប្រជាពលរដ្ឋ​ខ្លះ​ដក​ស្លាក​ចេញ ហើយ​ផ្ដិត​មេដៃ​ឲ្យ​គេ ខ្លះ​អត់​ដក​ចេញ​ទេ»

ផ្ទុយ​ពី​ការ​អះអាង​នេះ ប្រធាន​ភូមិ​ស្រែគរ១ លោក លៀង សារឿន មាន​ប្រសាសន៍​ថា មេ​ឃុំ​ស្រែគរ គឺ​ជា​អ្នក​ចាត់​តាំង​ក្រុម​ការងារ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ភូមិ​ទម្លាក់​បដា​តវ៉ា​ដោយ​ស្ម័គ្រចិត្ត ហើយ​ចូលរួម​ផ្តល់​ទិន្នន័យ​ដីធ្លី ទ្រព្យ​សម្បត្តិ ផល​ដំណាំ​របស់​ពលរដ្ឋ ដើម្បី​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ប្រមូល​ទិន្នន័យ​ទាំង​នោះ រៀបចំ​ដោះស្រាយ​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​មាន​គោលការណ៍​ជាក់លាក់​ចាត់​តាំង​ក្រុម​ការងារ​ចុះ​អប់រំ​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់​ពី​គម្រោង​ការ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល។ លោក​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ការ​តវ៉ា​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​ទាន់​ឃើញ​ជាក់ស្តែង​ពី​សំណង​ផល​ប៉ះពាល់ ដែល​ក្រុមហ៊ុន​បាន​កំណត់​ថា ប្រជាពលរដ្ឋ​នឹង​ត្រូវ​ទទួល​សំណង​ស្មើ ឬ​លើស​ការ​ខូចខាត​របស់​ពលរដ្ឋ៖ «មិន​មែន​ថា​គំរាម​កំហែង​គាត់​ទេ ឲ្យ​គាត់​ទម្លាក់​ស្លាក​ដោយ​សន្តិវិធី។ យក​គោលការណ៍​អភិវឌ្ឍន៍​ជម្រាប​ជូន​គាត់ ព្យាយាម​ផ្សព្វផ្សាយ​ជូន​ពួក​គាត់​ពី​រឿង​សំណង»

ឃុំ​ស្រែគរ មាន​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ស្រែគរ១ និង​ភូមិ​ស្រែគរ២ និង​មាន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ។ រហូត​បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ជាង ៥០​ភាគរយ​មិន​យល់ព្រម​ផ្តល់​ទិន្នន័យ​ដីធ្លី​ទ្រព្យ​សម្បត្តិ ផល​ដំណាំ ដើម្បី​ទទួល​សំណង​ផល​ប៉ះពាល់។

ទាក់ទិន​ការ​តវ៉ា​របស់​ពលរដ្ឋ មន្ត្រី​សម្រប​សម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន ចាត់​ទុក​ថា​ជា​សេរីភាព​របស់​ពលរដ្ឋ។ លោក​ថា ការ​ពិភាក្សា​ណា​មួយ​ដែល​ពលរដ្ឋ​ទទួល​យក ឬ​មិន​ទទួល​យក គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ដោយ​ស្ម័គ្រចិត្ត និង​គ្មាន​ការ​បង្ខិតបង្ខំ៖ «ការ​ពិភាក្សា​គ្នា​ទាក់ទង​គម្រោង​អភិវឌ្ឍន៍ បើ​សិន​សហគមន៍​មិន​ព្រម​ចេញ នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់»

របាយការណ៍​របស់​គណៈកម្មការ​ស្រង់​ទិន្នន័យ​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​បី មាន​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ៧០​ភាគរយ បាន​យល់ព្រម​ផ្តល់​ទិន្នន័យ។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​គណៈកម្មការ​ស្រង់​ទិន្នន័យ និង​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​ថា គ្មាន​គោលការណ៍​ណា​មួយ​បង្ខំ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​សំណង ឬ​ផ្តល់​ទិន្នន័យ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​នឹង​ព្យាយាម​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​កិច្ច​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ហើយ​យល់ព្រម​ទទួល​យក​សំណង​ផល​ប៉ះពាល់​ដោយ​ស្ម័គ្រចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។