ករណីបូមខ្សាច់នៅខេត្តចំនួនពីរ គឺខេត្តកោះកុង ក្នុងសហគមន៍កោះស្រឡៅ និងបូមខ្សាច់ទន្លេក្នុងស្រុកតាខ្មៅ ខេត្តកណ្ដាល កំពុងមានសកម្មភាព។ ប៉ុន្តែខាងក្រសួងរ៉ែ និងថាមពល បំភ្លឺថា ក្រុមហ៊ុន អ៊ីនធឺណេសិនណល់ រេនបូ ខាំបូឌា (International Renbo Cambodia) បូមខ្សាច់នៅសហគមន៍កោះស្រឡៅ មានអាជ្ញាប័ណ្ណខ្សាច់នាំចេញមិនផុតសុពលភាពទេ។ ឯក្រុមហ៊ុនកំពុងធ្វើអាជីវកម្មខ្សាច់នៅការដ្ឋានព្រែកសំរោង ខេត្តកណ្ដាល ជាសកម្មភាពក្រុមហ៊ុន សុខ ទៀង បានបូមខ្សាច់ពីកោះអន្លង់ចិន យកទៅដាក់នៅដេប៉ូក្រុងតាខ្មៅ ក្រុមហ៊ុននោះក៏នៅមានសុពលភាពអាជ្ញាប័ណ្ណខ្សាច់ដែរ។
ពលរដ្ឋក្នុងសហគមន៍កោះស្រឡៅ ឃុំកោះកាពិ ស្រុកត្រពាំងរូង ខេត្តកោះកុង លើកគ្នាទប់ស្កាត់សាឡង់បូមខ្សាច់ ១២គ្រឿងនៅក្នុងសហគមន៍នោះ ហើយស្នើសុំឲ្យក្រុមហ៊ុនបង្ហាញអាជ្ញាប័ណ្ណអាជីវកម្មខ្សាច់សមុទ្រស្របច្បាប់។
ពលរដ្ឋរស់នៅភូមិកោះស្រឡៅ លោក លី សាង ឲ្យដឹងថា សាឡង់ជាង ១០គ្រឿង មានកម្មករជនជាតិវៀតណាម បានចូលបូមខ្សាច់នៅក្នុងសហគមន៍កោះស្រឡៅច្រើនឆ្នាំហើយ។ អ្នកភូមិចង់ដឹងថា សាឡង់បូមខ្សាច់ទាំងនោះមានអាជ្ញាប័ណ្ណ ឬអត់? ព្រោះថ្មីៗនេះគាត់ឃើញការផ្សាយតាមទូរទស្សន៍ ឲ្យក្រុមហ៊ុនអាជីវកម្មខ្សាច់អនាធិបតេយ្យផ្អាកសកម្មភាព ទើបអ្នកភូមិសុំឲ្យក្រុមហ៊ុននោះបង្ហាញច្បាប់អនុញ្ញាត៖ «ឈប់ឲ្យបូមខ្សាច់តាមឃុំខេត្ត ដេញវាឲ្យចេញពីកន្លែងហ្នឹង ដើម្បីកុំឲ្យប៉ះពាល់កន្លែងយើងរកស៊ីដាក់លប ដាក់ក្តាម ដាក់ខ្យង»។
មន្ត្រីអង្គការមាតាធម្មជាតិ ខេត្តកោះកុង លោក ហាន់ ម៉ាឡា ឲ្យដឹងថា អ្នកភូមិប្រមាណ ៣០០នាក់ឡើងទៅតវ៉ាជាថ្មីនៅថ្ងៃទី១១ ខែមេសា បន្តពីថ្ងៃទី១០ មេសា ដែលអ្នកភូមិបានទប់ស្កាត់សាឡង់បូមខ្សាច់មិនឲ្យបូមនោះមក។ លោកថា ប្រសិនបើអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ មិនប្រកាសឲ្យដឹងថា សាឡង់បូមខ្សាច់ ១២គ្រឿងដែលពាក់ស្លាកក្រុមហ៊ុន អ៊ីនធឺណេសិនណល់ រេនបូ ខាំបូឌា មានច្បាប់ធ្វើអាជីវកម្មខ្សាច់សមុទ្រ ឬអត់ នោះអ្នកភូមិនៅសហគមន៍កោះស្រឡៅ លើកគ្នាទប់ស្កាត់ទៀត៖ «ថ្ងៃនេះយើងនៅតែបន្តការតវ៉ា ហើយមានមនុស្សចូលរួមជាមួយយើងកាន់តែច្រើន»។
បំភ្លឺចំពោះបញ្ហាទប់ស្កាត់សាឡង់នោះ ប្រធានក្រុមហ៊ុន អ៊ីនធឺណេសិនណល់ រេនបូ ខាំបូឌា ដែលមិនបញ្ចេញឈ្មោះ ឲ្យដឹងថា គាត់មានច្បាប់ត្រឹមត្រូវពីរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើអាជីវកម្មខ្សាច់សមុទ្រសម្រាប់នាំចេញទៅបរទេស៖ «ហើយមានតែក្រុមហ៊ុនខ្ញុំទេនៅមានសុពលភាពនោះ ហើយនៅក្រុមហ៊ុនមួយទៀតនៅស្ពានទី២ មានតែពីរក្រុមហ៊ុនទេ ក្រៅពីនេះគេអស់សុពលភាព»។
នៅក្នុងខេត្តកណ្ដាល វិញ ពលរដ្ឋនៅស្រុកកោះធំ លោក ជឿន សុខណា ឲ្យដឹងថា មានការធ្វើអាជីវកម្មខ្សាច់ទន្លេនៅមុខវត្តព្រែកសំរោង គល់ស្ពានតាខ្មៅ។ លោកអះអាងថា សកម្មភាពអាជីវកម្មខ្សាច់នៅខេត្តកណ្ដាល នោះ គឺមានសាឡង់មួយចំនួនដឹកខ្សាច់ មួយចំនួនកំពុងបូម និងមួយចំនួនលើកខ្សាច់ចាក់បំពេញទៅក្នុងដីអ្នកមានអំណាចម្នាក់នៅជិតវត្តព្រែកសំរោង។ ទន្ទឹមគ្នានោះ ក៏នៅមានសាឡង់បូមខ្សាច់ពីរកន្លែង កំពុងបូមពីសួនច្បារក្រុងតាខ្មៅ ទៅតំបន់ស្វាយរលំ ដែរ៖ «ក្រោយបឋមសិក្សា ថាក កុមារស្វាយរលំ ហ្នឹង គឺកន្លែងធំមួយហ្នឹងមានខ្នងធំដែរ បានឃើញមានបូមចេញតិចតួចៗដែរ»។
ពាក់ព័ន្ធករណីទប់ស្កាត់សាឡង់បូមខ្សាច់នៅខេត្តកោះកុង និងការប្រាប់ពីសកម្មភាពបូមខ្សាច់ទន្លេ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា អះអាងថា ក្រុមហ៊ុន អ៊ីនធឺណេសិនណល់ រេនបូ ខាំបូឌា កំពុងធ្វើអាជីវកម្មខ្សាច់នៅក្នុងសមុទ្រនោះមានច្បាប់ ហើយអស់សុពលភាពដល់ចុងឆ្នាំ២០១៥។ ចំណែកការបូមខ្សាច់ទន្លេនៅកោះអន្លង់ចិន គឺក្រុមហ៊ុន សុខ ទៀង ក៏មានសុពលភាពអាជ្ញាប័ណ្ណដែរ ប៉ុន្តែការបូមខ្សាច់នៅតំបន់ស្វាយរលំ មន្ត្រីក្រសួងរ៉ែ និងសហការជាមួយអាវុធហត្ថចុះតាមដាន៖ «ប៉ុន្តែនៅស្វាយរលំ ហ្នឹងក៏ធ្លាប់ឮសូរគេប្ដឹងមកដែរ ហើយយើងចុះទៅមើល គឺឃើញមានការតទុយោ ដែលមានសល់ពីមុន ប៉ុន្តែមិនឃើញមានសកម្មភាពទេ ប៉ុន្តែឥឡូវបើឮសូរថាមានទៀត យើងចុះទៅមើលទៀត»។
លោក ឌិត ទីណា បន្តថា ក្រសួងរ៉ែ និងថាមពល សូមឲ្យប្រជាពលរដ្ឋទាក់ទងមកលេខ ៧២៧ និងលេខ ០៩៥ ៧២៧ ៧២៧ គ្រប់ ២៤ម៉ោង ក្រសួងនឹងចុះចាប់ការបូមខ្សាច់អនាធិបតេយ្យ។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ក្រសួងរ៉ែ និងថាមពល ទើបចេញអាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ទន្លេជូនទៅអគ្គនាយកដ្ឋានកំពង់ផែស្វយ័តភ្នំពេញ ឲ្យធ្វើការស្ដារទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម ដោយបានចេញអាជ្ញាប័ណ្ណឲ្យបូមខ្សាច់ពីរកន្លែង តាមអាជ្ញាប័ណ្ណទី១ គឺនៅឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ អាជ្ញាប័ណ្ណទី២ ចេញឲ្យបូមខ្សាច់នៅភូមិខ្សុំ ឃុំបន្ទាយដែក រហូតដល់ប្រឡាយកោះកែវ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ការចេញអាជ្ញាប័ណ្ណទាំងពីរនេះឲ្យកំពង់ផែស្វយ័តភ្នំពេញ ស្ដារខ្សាច់ និងល្បប់ក្នុងទន្លេ ដើម្បីសម្រួលផ្លូវនាវាចរណ៍ចាប់ពីក្អមសំណ ទៅទល់ទន្លេបិទខេត្តកំពង់ចាម។ មួយទៀត ដើម្បីផ្តល់ខ្សាច់តាមដេប៉ូជាច្រើន ដើម្បីផ្គត់ផ្គង់ខ្សាច់ ២ម៉ឺនម៉ែត្រគូបក្នុង ១ថ្ងៃ ដើម្បីកុំឲ្យស្ទះការដ្ឋានសំណង់។ អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ទន្លេនេះ ក្រសួងរ៉ែ និងថាមពល ទើបចេញលើកដំបូងក្រោយពីរដ្ឋាភិបាលប្រគល់សិទ្ធិផ្តាច់មុខ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ មក ឲ្យក្រសួងនេះគ្រប់គ្រងធនធានរ៉ែ និងការពារច្រាំងទន្លេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
