ពលរដ្ឋរស់នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនកម្ពុជា-វៀតណាម ត្អូញត្អែរថាខ្វះទឹកប្រើប្រាស់ ដោយសារមិនមានប្រភពទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ពោលគឺអណ្ដូងទឹកប្រើប្រាស់រីងជាប្រចាំ។ យ៉ាងណា អាជ្ញាធរលើកឡើងថា ពួកគេក៏បានធ្វើការងារនេះដែរនាពេលកន្លងមក។
បញ្ហាកង្វះទឹកស្អាត បញ្ហាកង្វះបង្គន់អនាម័យ នៅតែជាបញ្ហាធំដែលកំពុងចោទឡើងចំពោះពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលនាស្រុកមេមត់ ពិសេសនៅតំបន់ក្បែរៗខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ ពលរដ្ឋត្រូវនាំគ្នាមកប្រើប្រាស់អណ្ដូងទឹករួមនៅក្នុងភូមិដែលមានពីរ ឬបីប៉ុណ្ណោះក្នុងមួយភូមិៗ ក៏ប៉ុន្តែពួកគាត់នឹងគ្មានទឹកប្រើប្រាស់នៅពេលអណ្ដូងទាំងនោះរីង។
កំពុងឈរដងទឹកអណ្ដូងដែលមានជម្រៅប្រមាណ ៣ម៉ែត្រ មានដើមឈើនៅអមមាត់អណ្ដូងផង ពលរដ្ឋជនជាតិដើមភាគតិចស្ទៀង ក្នុងភូមិចង្គុំទី១ ឃុំទន្លូង អ្នកស្រី ញ៉ែម តូច មានប្រសាសន៍ថា នៅសល់តែអណ្ដូងទឹកមួយប៉ុណ្ណោះក្នុងភូមិដែលមានទឹកចេញអាចប្រើបាន។ អ្នកស្រីថា ទឹកអណ្ដូងដែលពលរដ្ឋប្រើប្រាស់ គឺរីងជារៀងរាល់ថ្ងៃ ហើយពលរដ្ឋត្រូវរង់ចាំបន្តកន្ទុយគ្នា ដើម្បីបានទឹកប្រើប្រាស់៖ «ខ្វះខាតថាតាំងពីខ្ញុំដឹងក្តីមក គឺអណ្ដូងហ្នឹងអត់មានទឹកមានអី។ ចា៎ គឺប្រើរីងរាល់ថ្ងៃមិនដែលលស់ថ្ងៃណា»។
អ្នកស្រីបន្ថែមទៀតថា ទឹកដងចេញពីអណ្ដូង គឺយកទៅប្រើប្រាស់តែម្តង ដោយមិនមានឧបករណ៍សម្រាប់ចម្រោះ ឬចម្អិនជាមុននោះទេ ដោយអ្នកស្រីអាងថាមិនធ្លាប់មានបញ្ហាឈឺថ្កាត់កើតឡើងដោយសារប្រើទឹកអណ្ដូងនេះ។

ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត លោក ញ៉ែម កោះ ឲ្យដឹងដែរថា ប្រសិនបើនៅក្នុងភូមិមានអណ្ដូងទឹកស្អាតសម្រាប់ប្រើច្រើន គឺអាចបង្កភាពងាយស្រួលដល់ពលរដ្ឋបានច្រើន។ ក្រៅពីបញ្ហាអណ្ដូងទឹក ប្រជាពលរដ្ឋឲ្យដឹងថា កន្លែងបត់ដៃបត់ជើងរបស់ពួកគាត់ ក៏ជួបបញ្ហាដែរ ព្រោះពួកគាត់ត្រូវនាំគ្នាទៅគុម្ពោតព្រៃនៅខាងក្រោយភូមិ ឬវាលស្រែតែម្តង៖ «បើបានច្រើនកាន់តែល្អហើយ អណ្ដូងតែមួយហ្នឹងពិបាកប្រើការណាស់។ តាំងយប់គ្នាមកដង ហើយអីណោះក៏រីងនៅឡើយ តែអាហ្នឹងមួយដងទល់ៗភ្លឺគ្នាហ្នឹង»។
ទាក់ទងបញ្ហានេះ សមាជិកក្រុមប្រឹក្សាឃុំទន្លូង លោក ប៊ុន សៅ មានប្រសាសន៍ថា ដោយឃើញភាពលំបាករបស់ពលរដ្ឋនៅក្នុងភូមិ ខាងលោកក៏បានស្នើទៅអាជ្ញាធរឃុំជារឿយៗអំពីរឿងនេះ ដើម្បីធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ប៉ុន្តែខាងមេឃុំថាមិនទាន់មានគម្រោងធ្លាក់មក។ លោកចង់ឲ្យមេឃុំជួយជំរុញរឿងនេះទៅថ្នាក់លើ ដើម្បីអាចឲ្យពលរដ្ឋទទួលបានអណ្ដូងទឹកស្អាត និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០១៥៖ «ខ្ញុំនៅតែបារម្ភរឿងហ្នឹងគម្រោងហ្នឹង មិនទាន់ធ្លាប់មក។ ខ្ញុំចង់ឲ្យពលរដ្ឋតវ៉ាទាំងអស់គ្នាឲ្យបានកើតឆាប់ៗកើតនៅឆ្នាំ២០១៥»។
លោកបន្ថែមថា នៅពេលពលរដ្ឋមិនទាន់ទទួលបានសេវាទឹកស្អាតប្រើប្រាស់នោះ គប្បីពួកគាត់ប្រើប្រាស់ទឹកទាំងនោះឲ្យបានត្រឹមត្រូវ ពិសេសដាំឲ្យឆ្អិនមុនទទួលទាន ដើម្បីជៀសវាងកុំឲ្យមានជំងឺកើតឡើង។
ដោយឡែកអភិបាលស្រុកមេមត់ លោក ចេង ប៊ុណ្ណារ៉ា មានប្រសាសន៍ថា ត្បិតតែខាងអាជ្ញាធរស្រុកមិនមានគម្រោងថវិកាដើម្បីធ្វើអណ្ដូងទឹកទាំងស្រុងជូនពលរដ្ឋក៏ដោយ ប៉ុន្តែនៅពេលទទួលបានព័ត៌មានជាក់លាក់ ខាងស្រុកនឹងបញ្ជូនរបាយការណ៍ទាំងនោះទៅស្ថាប័នពាក់ព័ន្ធ ឬដៃគូអភិវឌ្ឍន៍ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់៖ «យើងមានអង្គការដូចជាវាត់ធើស្ទីក និងអង្គការដែលគេធ្វើលើការងារហ្នឹង លើរឿងទឹករឿងអីហ្នឹង។ ហើយយើងក៏បានរៀបចំគម្រោងលើទឹកស្អាតហ្នឹងដែរនៅឆ្នាំ២០១៥»។
លោកបន្ថែមថា កន្លងមកក៏មានការជីកអណ្ដូងទឹកជូនពលរដ្ឋនៅតំបន់ខ្លះក្នុងស្រុកមេមត់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការជាដៃគូ។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ពលរដ្ឋនៅក្នុងសហគមន៍គប្បីចេះសហការគ្នាជីកអណ្ដូងទឹករួមសម្រាប់ប្រើប្រាស់ទាំងអស់គ្នា។
របាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) សហការជាមួយក្រសួងផែនការ ដែលធ្វើឡើងកាលពីឆ្នាំ២០១៣ គឺស្រដៀងគ្នានឹងរបាយការណ៍របស់អង្គការ អ៊ុកស្វាម (OFXAM) កាលពីឆ្នាំ២០១៤ ដែលសិក្សាលើបញ្ហានេះបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា រស់នៅតំបន់ដាច់ស្រយាលប្រមាណជិត ២០ភាគរយ (១៦,៨៤%) ដែលមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ និងជាង ៨០ភាគរយ (៨៣,១៤%) គឺមានទឹកស្អាតសម្រាប់ប្រើ។ លើសពីនេះ ប្រជាពលរដ្ឋតាមជនបទចំនួន ៦០ភាគរយ គឺមិនមានបង្គន់អនាម័យត្រឹមត្រូវទេ។

ទាក់ទិនរឿងនេះ អ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺផ្ដោតទៅលើទីក្រុង ឬទីប្រជុំជន ជាជាងតំបន់ជនបទដាច់ស្រយាល បើទោះបីជាប្រទេសកម្ពុជា ជាប្រទេសកសិកម្មក៏ដោយ។ លោកបន្តថា បញ្ហាទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ សាលារៀន និងបង្គន់អនាម័យ គឺជារឿងអាទិភាពសម្រាប់ប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់កោះ សហគមន៍ជនជាតិដើមភាគតិច តាមជនបទដាច់ស្រយាល និងនៅតាមព្រំដែន។ លោកបន្ថែមថា រាជរដ្ឋាភិបាលមានក្រសួងអភិវឌ្ឍន៍ជនបទ មានកាកបាទក្រហមកម្ពុជា ក៏ដោយ ប៉ុន្តែស្ថាប័នទាំងនោះហាក់ពុំមានផែនការច្បាស់លាស់ ដើម្បីជួយដោះស្រាយបញ្ហាទាំងនេះទេ។ លោកថា ប្រសិនបើការអភិវឌ្ឍមួយចេះតែយកចិត្តទុកដាក់ទៅលើតំបន់តាមទីក្រុង ជាងតំបន់ជនបទនោះ នឹងអាចធ្វើឲ្យបញ្ហាមួយចំនួនកើតមានឡើងចំពោះពលរដ្ឋនៅតាមតំបន់ជនបទដាច់ស្រយាលជាក់ជាមិនខាន៖ «ឃើញសញ្ញាហើយ គឺវាធ្វើឲ្យមានចំណាកស្រុកច្រើនមូលមកទីក្រុង។ ទីពីរ ធ្វើឲ្យកកកុញនៅតាមទីក្រុង។ ទីបី កើតឲ្យមានចោរកម្ម ឧក្រិដ្ឋកម្មច្រើន ហើយទីបួន កសិកម្មយើង គឺកសិកម្មស្លាប់ វាអត់មានរស់រវើកទេ»។
លោកផ្ដល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលគប្បីទម្លាក់ថវិកាជាតិខ្លះទៅឲ្យថ្នាក់ឃុំសម្រាប់ចាត់ចែងនៅសហគមន៍របស់ពួកគេ ដោយផ្ដោតលើបញ្ហាសេដ្ឋកិច្ច បញ្ហាសង្គមកិច្ច និងបញ្ហាបរិស្ថាន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
