តំណាងសហគមន៍ព្រៃឈើបឹងទន្លេម្រេច នៅភូមិអូរពោធិ មួយចំនួន បានធ្វើដំណើរទៅកាន់ទីរួមខេត្តព្រះវិហារ កាលពីរសៀលថ្ងៃច័ន្ទ ទី២០ ខែមករា ដើម្បីដាក់ពាក្យប្ដឹងក្រុមហ៊ុន ទ្រី ភាព ទៅតុលាការពីបទឈូសបំផ្លាញព្រៃសហគមន៍ជាច្រើនហិកតារ។
តំណាងសហគមន៍ទាំងនោះកំពុងត្រូវការឱ្យអង្គការក្រៅរដ្ឋាភិបាលជួយជ្រោមជ្រែងពួកគេ ដើម្បីឱ្យអាចតតាំងគ្នាខាងផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុន ទ្រី ភាព បាន។
សមាជិកសហគមន៍ព្រៃឈើបឹងទន្លេម្រេច មួយរូបក្នុងចំណោមជាច្រើនទៀត គឺលោក ហួន គាណូ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២០ ខែមករា ថា លោកបានចូលទៅប្រឹក្សាយោបល់ជាមួយសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីឈានទៅដល់ការដាក់ពាក្យប្ដឹងក្រុមហ៊ុន ទ្រី ភាព ទៅតុលាការ។ បុរសដដែលបានចោទប្រកាន់ថា កន្លងទៅក្រុមហ៊ុន ទ្រី ភាព បានព្យាយាមកាន់កាប់ដីរបស់សហគមន៍ ព្រមទាំងឈូសបំផ្លាញព្រៃការពារចំនួនប្រមាណ ១៥ហិកតារ៖ «ខ្ញុំសង្ឃឹមថាគេដោះស្រាយឱ្យ ព្រោះអីខាងតុលាការ ពាក់ព័ន្ធរឿងខាងច្បាប់ បានថាមកដាក់ប្ដឹង។ គេបំផ្លិចបំផ្លាញព្រៃសហគមន៍ ធ្វើឱ្យខូចខាតច្រើនណាស់។ គេឈូស គេធ្វើជាបង្គោលរបង ហើយគេជីករណ្ដៅៗប្រុងបោះបង្គោលថែមទៀតទៅ ខ្ញុំទៅឃាត់ បើអត់ឃាត់ គឺគាត់ចេះតែធ្វើបង្គោលទៅទៀត»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ទ្រី ភាព ដើម្បីសុំការបំភ្លឺជុំវិញរឿងនោះបានថាយ៉ាងណានៅឡើយ។
ចំណែកប្រធានស្ដីទីនៃក្រុមប្រឹក្សាឃុំរមណី លោក សូរ សៀ បានទទួលស្គាល់ថា កន្លងទៅ ក្រុមហ៊ុន ទ្រី ភាព ពិតជាបានឈូសឆាយប៉ះដីរបស់សហគមន៍ព្រៃឈើខ្លះមែន។ លោក សូរ សៀ បានមានប្រសាសន៍ទៀតថា អាជ្ញាធរឃុំធ្លាប់បានសម្របសម្រួល ក៏ប៉ុន្តែលោកមិនបានដឹងថា តំណាងសហគមន៍បានប្ដឹងរឿងនោះទៅតុលាការទេ៖ «វាមានដីចាស់ដីថ្មីអី វាចូលខ្លះ នៅម្ដុំអូរពោធិ ហ្នឹង មានការដោះស្រាយសម្របសម្រួលខ្លះ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន គេអត់ទទួលស្គាល់ គេអត់មកចូលរួមឱ្យអាជ្ញាធរដឹងទេ»។
តំណាងសហគមន៍ដែលសម្រេចដាក់ពាក្យប្ដឹង ក្រុមហ៊ុន ទ្រី ភាព នេះ បានធ្វើឡើងបន្ទាប់ពីគេដឹងថា អាជ្ញាធរបានដាក់ពាក្យប្ដឹងពួកគេនៅឯតុលាការមុន។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ កន្លងទៅ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាកោះហៅតំណាងអ្នកភូមិអូរពោធិ ចំនួន ១០រូប ទៅសាកសួរជុំវិញករណីរារាំងកិច្ចការសាធារណៈ ដោយសារតែអ្នកភូមិបានតវ៉ាជុំវិញរឿងដីធ្លីទីនោះ។
អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ បានមានប្រសាសន៍ថា លោកបានចុះទៅពិនិត្យមើលនៅតំបន់អូរពោធិ នោះរួចហើយ ឃើញថា ក្រុមហ៊ុន ទ្រី ភាព បានឈូសឆាយដី ធ្វើឱ្យប៉ះពាល់ដល់តំបន់សហគមន៍ព្រៃឈើខ្លះមែន។ លោក ឡោ ចាន់ បានបញ្ជាក់ថា អង្គការរបស់លោកនឹងជួយជ្រោមជ្រែងសហគមន៍ ក្នុងការដាក់ពាក្យប្ដឹងទៅតុលាការជុំវិញករណីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
