ពលរដ្ឋ​កាប់​ឆ្ការ​ព្រៃ​តាំង​លំនៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌលគិរី

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មក​រស់នៅ​ខេត្ត​មណ្ឌលគិរី រាប់​រយ​គ្រួសារ បាន​នាំគ្នា​ទៅ​កាប់​រាន​ព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ ដើម្បី​តាំង​ទី​លំនៅ​ដោយសារ​អស់​សង្ឃឹម​មិន​ឃើញ​ក្រុម​អាជ្ញាធរ​ដោះស្រាយ​សំណើ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​របស់​ពួក​គាត់ ប្រមាណ​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ករណី​នេះ ក្រុម​អាជ្ញាធរ​បាន​ដាក់​កង​កម្លាំង​ចុះ​ទប់ស្កាត់។

0:00 / 0:00

ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មាន​កង​នគរបាល និង​កង​អាវុធហត្ថ​ប្រមាណ ២០​នាក់ ប្រដាប់​ដោយ​អាវុធ បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ជាង ១៥០​គ្រួសារ អស់​រយៈពេល​ប្រមាណ ៥​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៣ ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ប្រជាពលរដ្ឋ​ដែល​បាន​នាំគ្នា​កាប់​ឆ្ការ​ព្រៃ ហើយ​សង់​ជា​រោង​ស្នាក់​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស។

ហេតុការណ៍​នេះ កើត​មាន​ឡើង​នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​អ្វី​កើត​ឡើង​នោះ​ទេ ពីព្រោះ​ក្រុម​សមត្ថកិច្ច​បាន​ព្យាយាម​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​សកម្មភាព​កាប់​រាន​ព្រៃ ហើយ​នាំគ្នា​ទៅ​សាលា​ឃុំ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ជា ហយ មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ភាគ​ច្រើន​ជា​ជន​ចំណាក​ស្រុក បាន​មក​រស់នៅ​តំបន់​នេះ​ជា​បន្តបន្ទាប់​គ្នា​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​ពួក​គាត់​គ្មាន​ដី​សង់​លំនៅឋាន និង​ដី​ធ្វើ​ស្រែ​ចម្ការ។ គាត់​បន្ត​ថា អ្នក​ភូមិ​បាន​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​តាម​រយៈ​អាជ្ញាធរ​ភូមិ​ឃុំ ទៅ​អាជ្ញាធរ​ស្រុក​ខេត្ត ឲ្យ​ផ្តល់​ដី​សម្រាប់​អ្នក​ភូមិ​រស់នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ៖ «កាប់​បោះ​តង់​នៅ កំពុង​កាប់។ ឥឡូវ​មាន​បី​បួន​ស្ថាប័ន​គេ​មក​ព័ទ្ធ។ គ្នា​វា​អត់​មែន ខ្លះ​ទៅ​ជួល​ដី​គេ ខ្លះ​ទៅ​សុំ​ដី​គេ​នៅ។ ឥឡូវ​ដល់​កំណត់​ឆ្នាំ​គេ​ដេញ»

កាល​ពី​សប្ដាហ៍​មុន​នេះ ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ទាំង​នោះ​បាន​ព្យាយាម​កាប់​ឆ្ការ​ព្រៃ​នេះ​មួយ​លើក​រួច​ហើយ ប៉ុន្តែ​បាន​នាំគ្នា​ផ្អាក​វិញ បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​មក​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ ប៉ុន្តែ​មិន​បាន​លទ្ធផល ទើប​អ្នក​ភូមិ​នាំគ្នា​ទៅ​កាប់​រាន​ព្រៃ​ជា​ថ្មី​ទៀត។

មេ​ឃុំ​ពូជ្រៃ លោក កើញ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ និង​ស្រុក បាន​ចុះ​ហត្ថលេខា​រួច​ហើយ​លើ​លិខិត​ស្នើសុំ​ដី​នៅ​តំបន់​នោះ​ជូន​អាជ្ញាធរ​ខេត្ត​ដោះស្រាយ ប៉ុន្តែ​ថ្នាក់​ខេត្ត​មិន​ទាន់​ឆ្លើយ​តប៖ «ខ្ញុំ​រង់ចាំ​តែ​ខេត្ត​ស្រុក​ដែរ​ហ្នឹង ឃុំ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច ខ្ញុំ​អត់​មាន​សិទ្ធិ​ដែរ។ សូម្បី​បង​អភិបាល​ស្រុក​ក៏​អត់​សិទ្ធិ​ចែក​ចាយ​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ដែល​ដឹកនាំ​កង​កម្លាំង​ទប់ស្កាត់​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី១៥ ខែ​ឧសភា។

យ៉ាង​នេះ​ក្តី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រៃ​ដែល​អ្នក​ភូមិ​ចូល​ទៅ​កាប់​រាន គឺ​ជា​ព្រៃ​អភិរក្ស​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​តាំង​ទី​លំនៅ​បាន​ឡើយ៖ «ឥឡូវ​យើង​កំពុង​ចាត់​វិធាន​ការ​ឲ្យ​គាត់​រើ​ចេញ​ពី​ហ្នឹង បើ​អ្នក​ណា​ខ្វះ​ដី​ពិត​ប្រាកដ គេ​មាន​ដី​សម្បទាន​សង្គម​កិច្ច​ចែក​ជូន​ពួក​គាត់​ឲ្យ​គាត់​ទៅ​ចុះ​ឈ្មោះ​តាម​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​គាត់​ទៅ»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ផ្តល់​យោបល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ស្វែង​រក​ដំណោះស្រាយ​ផ្តល់​ទីតាំង​បណ្ដោះ​អាសន្ន ឬ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​រស់នៅ​ជាក់ស្តែង។ លោក​បន្ត​ថា នេះ​ជា​រដូវ​ធ្លាក់​ភ្លៀង ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​ការ​ទីតាំង​ស្នាក់​នៅ​សម្រាប់​ក្រុម​គ្រួសារ​ការពារ​ផល​ប៉ះពាល់​ផ្នែក​សុខភាព៖ «គាត់​អាច​ស្រាវជ្រាវ​ថា អ្នក​ណា​អត់​ដី​ពិត​ប្រាកដ ឬ​ផ្តល់​ដី​កន្លែង​ណា​ឲ្យ​គាត់​រស់នៅ​បណ្ដោះ​អាសន្ន ឬ​រដ្ឋ​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ណា​ផ្សេង។ អាជ្ញាធរ​ខ្ញុំ​គិត​ថា គាត់​មាន​តួនាទី​ចំណុច​ហ្នឹង​ដែរ»

ប្រជាពលរដ្ឋ​អះអាង​ថា ការ​ជួប​ពិភាក្សា​រវាង​អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ មិន​បាន​លទ្ធផល​អ្វី​ទេ ហេតុ​នេះ​ពួក​គាត់​អះអាង​ថា​នឹង​ធ្វើ​ញត្តិ​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។