ប្រជាពលរដ្ឋអះអាងថា សកម្មភាពរបស់ក្រុមហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានសភាពខ្លាំងឡើយជាបន្តបន្ទាប់។ ហើយបញ្ហានេះវាអាចធ្វើឲ្យរលាយបាត់ភ្នំទាំងមូលក្នុងពេលឆាប់ៗ ប្រសិនបើអាជ្ញាធរពុំមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះ។
រថយន្តដឹកថ្មតូចធំរបស់ក្រុមហ៊ុន ព្រមទាំងឧបករណ៍គ្រឿងចក្រផង បានដាក់តម្រៀបគ្នាហូរហែ មមាញឹកគាស់កកាយថ្មពីភ្នំឈើកាច់ រួចដឹកយកទៅឲ្យក្រុមហ៊ុនកិនថ្មធ្វើអាជីវកម្មថ្មមានគ្រប់ខ្នាត គ្រប់ប្រភេទទៅតាមតម្រូវការរបស់ទីផ្សារ។ ក្នុងនោះ ក៏មានរោងចក្រកិនថ្មរបស់ក្រុមហ៊ុនជាច្រើន ដែលបានដំណើរការធ្វើអាជីវកម្មរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងក្បែរជើងភ្នំ។ ហើយរោងចក្រទាំងនោះធ្វើអាជីវកម្មកិនថ្មក្នុងមួយថ្ងៃៗបានរហូតដល់រាប់ម៉ឺនម៉ែត្រគូបក៏មាន។ ក្រុមប្រជាពលរដ្ឋនៅតំបន់ភ្នំឈើកាច់ អះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មកិនថ្មនៅតំបន់នោះ សុទ្ធសឹងតែជាអ្នកមានឥទ្ធិពលនិងមានខ្នងក្រាស់ ជាសែស្រឡាយរបស់អ្នកធំ។
ប្រជាពលរដ្ឋវ័យ ៤០ឆ្នាំប្លាយម្នាក់រស់នៅភូមិបឹងរការ នៃឃុំជើងភ្នំ ស្រុកបាភ្នំ លោក សឿន ឡឹក ថ្លែងបញ្ជាក់ថា រូបលោកក៏ដូចជាក្រុមប្រជាពលរដ្ឋដែលរស់នៅតាមជើងភ្នំ គឺម្នាក់ៗមានការសោកស្ដាយនៅពេលដែលឃើញសកម្មភាពរបស់ក្រុមហ៊ុនកិនថ្មបានគាស់រំលើងយកថ្មភ្នំយ៉ាងគគ្រឹកគគ្រេង យកទៅធ្វើជាអាជីវកម្មបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានអាជ្ញាធរណាហ៊ានអើពើទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនធ្វើអាជីវកម្មថ្មភ្នំនេះឡើយ។
លោក សឿន ឡឹក ថ្លែងបន្តថា មិនយូរមិនឆាប់ ភ្នំឈើកាច់ វានឹងបាត់ឈ្មោះគ្មានស្រមោលពីទឹកដី ឲ្យកូនចៅខ្មែរជំនាន់ក្រោយបានឃើញរូបរាងដ៏ស្រស់ស្អាតរបស់ភ្នំមួយនេះដែលជាភ្នំនៃស្រុកកំណើតប្រវត្តិសាស្ត្ររបស់នេនទុំ ទៅថ្ងៃខាងមុខទៀតឡើយ៖ «ធ្វើអ៊ីចឹងរលាយអស់ហើយ កូនចៅជំនាន់ក្រោយលែងស្គាល់ព្រៃ លែងស្គាល់ភ្នំឈើកាច់ទៀតហើយ។ មិនយូរប៉ុន្មានទេ ប្រហែលជា ១០ឆ្នាំទៀតយ៉ាងយូរ នឹងរលាយហើយ។ ក្នុងក្រុមហ៊ុនម្នាក់ ដូចក្រុមហ៊ុន ហ៊ុន តូ ថ្មីៗនេះ គឺថ្មគាត់បាញ់យកមកចាក់ចេញម្ដងមួយម៉ឺនគូប ហើយក្នុងមួយថ្ងៃមិនដឹងគាត់កិនប៉ុន្មានម៉ឺនគូប ហ្នឹងក្រុមហ៊ុន ហ៊ុន តូ។ ចុះក្រុមហ៊ុនផ្សេងក្រៅពីក្រុមហ៊ុន ហ៊ុន តូ នៅតាណា នៅតាវ៉ាត នៅតាហុង ជាដើម អីផ្សេងទៀត មិនដឹងជាប៉ុន្មានម៉ឺនគូបក្នុងមួយថ្ងៃ។ គេយកទៅលក់ថ្ម ក៏គេលក់ អាថ្មកាប់សីស ក៏គេលក់ អាថ្មល្អិត ក៏គេលក់ អាថ្មធំ ហើយអាដីខ្សាច់ជីកក្នុងដីនោះ គេយកទៅលក់ក្នុងមួយឡាន ៥ម៉ឺន ទៅ ៦ម៉ឺន។ អ៊ីចឹងមិនមែនធម្មតាទេ បានផលប្រយោជន៍តែក្រុមហ៊ុនមួយក្ដាប់តូច ហើយអ្នកមានអំណាច តែប្រជាពលរដ្ឋនៅតែអត់ដដែល នៅតែក្រដដែល នៅតែអត់ផ្លូវដើរដដែល»។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំឈើកាច់ ម្នាក់ទៀត លោក ស៊ា វុទ្ធី ថ្លែងបញ្ជាក់ថា ក្រុមហ៊ុនធ្វើអាជីវកម្មថ្មនៅភ្នំឈើកាច់ ពុំបានផ្ដល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ភ្នំនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ចាប់តាំងពីមានក្រុមហ៊ុនចុះមកធ្វើអាជីវកម្មវាយថ្មនៅភ្នំឈើកាច់មក ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែករបរវាយថ្មលក់ចិញ្ចឹមជីវិតនោះ ពួកគាត់បានបាត់បង់ការងាររបស់ខ្លួន ដោយពុំអាចវាយថ្មយកទៅលក់បានប្រាក់កម្រៃដូចពេលមុនៗបានទៀតឡើយ។
លោក ស៊ា វិទ្ធី ថ្លែងបន្តថា មិនតែប៉ុណ្ណោះ ក្រុមហ៊ុនធ្វើថ្មទាំងនោះថែមទាំងបានបង្កផលលំបាកមួយចំនួនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះទៀតផង ជាពិសេស គឺផលលំបាកបង្កដោយរថយន្ត ដឹកដីដឹកថ្មរបស់ក្រុមហ៊ុនទាំងនោះគ្មានស្លាកលេខតែម្ដង៖ «ខ្នងក្រាស់ៗណាស់បង! សូម្បីតែឡានរាល់ថ្ងៃ ខ្ញុំជាអ្នកបើកបរដែរ ប៉ុន្តែខ្ញុំពេលខ្លះ ខ្ញុំមានអារម្មណ៍ខ្លាចឡានហ្នឹងតែម្ដង វាអត់សណ្ដាប់ធ្នាប់ បើសិនមានគ្រោះថ្នាក់ហើយ គឺដោះស្រាយមិនដែលឈ្នះគេទេ ...ដោយសារខ្នង។ មនុស្សថ្ងៃមុនហ្នឹងឃើញបុកប៉ះដៃមួយជើងមួយហ្នឹងឡាន ឥឡូវដោះស្រាយមិនទាន់ចេញផង។ ឃើញដូចថា មនុស្សគ្រោះថ្នាក់ចរាចរណ៍ផ្លូវហ្នឹង ខ្លះស្លាប់បាត់អ៊ីចឹងទៅ ខ្លះគ្រោះថ្នាក់មើលលុយឯង បែរជាសម្ភារៈនៅលើដៃប៉ូលិសគេយកប្រើប្រាស់ទៅ។ យើងមានប្រយោជន៍អីសម្រាប់រងគ្រោះទទេ ហើយត្រូវជាបងប្អូនខ្ញុំដែរ។ ខ្ញុំសំណូមពរគួរតែបំបែរទិសទៅរកស៊ីកន្លែងណាផ្សេងទៅ ទុកឲ្យថ្មទុកឲ្យខ្សាច់ហ្នឹងវាមានប៉ុនហ្នឹង ឲ្យកូនចៅជំនាន់ក្រោយស្គាល់ភ្នំស្គាល់ថ្មផង ហើយបើថាអ៊ីចឹងទេ រលាយអស់ ក្រុមហ៊ុនហ្នឹងបើថាមិនជួយអភិវឌ្ឍន៍ទេ កុំមកបំផ្លាញធនធានធម្មជាតិទៀត»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងក្រុមហ៊ុនធ្វើអាជីវកម្មថ្មតាមទូរស័ព្ទដើម្បីសុំការពន្យល់បញ្ហានេះបាននៅឡើយទេ។
ប៉ុន្តែអភិបាលស្រុកបាភ្នំ លោក ទេព ភិរុណ មានប្រសាសន៍បញ្ជាក់ថា ក្រុមហ៊ុនធ្វើថ្មទាំងនោះគេមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មថ្មដែលមានការអនុញ្ញាតពីក្រសួង និងស្ថាប័នពាក់ព័ន្ធត្រឹមត្រូវ ហើយចំពោះចំនួនក្រុមហ៊ុនដែលទទួលបានសិទ្ធិធ្វើអាជីវកម្មកិនថ្មនៅភ្នំឈើកាច់ នោះ លោកថា លោកទើបតែមកកាន់តំណែងជាអភិបាលស្រុកថ្មីពុំទាន់បានដឹងពីចំនួនក្រុមហ៊ុនពិតប្រាកដដែលធ្វើអាជីវកម្មនៅតំបន់នោះនៅឡើយទេ។
លោក ទេព ភិរុណ៖ «ខ្ញុំមកក្រោយ ខ្ញុំដឹងអត់ទាន់ច្បាស់ ប៉ុន្តែ អាជ្ញាប័ណ្ណគេអនុញ្ញាតធ្វើអាជីវកម្មហ្នឹង គឺដើម្បីធ្វើផ្លូវធ្វើអីផ្សេងនៅក្នុងស្រុកក៏មាន ហើយនិងធ្វើផ្លូវនៅក្នុងខេត្តទាំងអស់ ស្រុកហ្នឹង ហើយនិងធ្វើផ្លូវនៅតាមខេត្តផ្សេងៗ។ បញ្ហាហ្នឹង មែនទែនទៅមិនមែនតែប្រជាពលរដ្ឋខ្ញុំផ្ទាល់ខ្លួនឯង ខ្ញុំមកទីនេះ ក៏ខ្ញុំបារម្ភរឿងហ្នឹងដែរ។ អ៊ីចឹងក៏ខ្ញុំយកចិត្តទុកដាក់ពិនិត្យមើលរឿងនេះឡើងវិញ ហើយការសម្រេចនេះមិនមែនត្រឹមស្រុកទេ ជម្រាបថាអ៊ីចឹងរឿងហ្នឹង»។
តែយ៉ាងណាប្រជាពលរដ្ឋឲ្យដឹងថា យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនកិនថ្មធំៗ ចំនួន ៤ដែរ រួមមានក្រុមហ៊ុនរបស់លោក ហ៊ុន តូ ក្រុមហ៊ុន លោក ឡុង ណាំ លោក សូ សាវ៉ាត និងក្រុមហ៊ុនអាជីវកម្មថ្មរបស់លោក តា ហុង ជាដើម ដែលក្រុមហ៊ុនទាំងនោះ កំពុងធ្វើអាជីវកម្មរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេងនៅលើទឹកដីនៃភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ហើយក្រុមហ៊ុននីមួយៗ ប្រដាប់ដោយឧបករណ៍ទាន់សម័យ មានគ្រឿងចក្រ និងរថយន្តជាច្រើនគ្រឿងសម្រាប់ធ្វើអាជីវកម្មរបស់ខ្លួន ទៀតផង។ ក្នុងនោះ មានក្រុមហ៊ុនខ្លះ អាចផលិតថ្មបានក្នុងមួយថ្ងៃរហូតដល់ទៅរាប់ម៉ឺនម៉ែត្រគូបទៀតផងក៏មាន។ ចំណែកឯថ្មដែលក្រុមហ៊ុនទាំងនោះផលិតបានគេយកទៅលក់ឲ្យក្រុមហ៊ុនធ្វើផ្លូវធ្វើសំណង់អាគារនានា នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
