ក្រុមអ្នកភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ជាង ៥០គ្រួសារ នៅតែជំរុញឱ្យអាជ្ញាធរដោះស្រាយបញ្ហាក្លិនស្អុយ ដែលភាយចេញកន្លែងស្តុកសំរាមរបស់ក្រុមហ៊ុន នៅជិតលំនៅឋានរបស់ពួកគេឱ្យបានឆាប់រហ័ស។
ក្រុមអ្នកភូមិសម្ដែងការខកចិត្តចំពោះក្រុមអាជ្ញាធរក្រុង និងខេត្តសៀមរាប ដែលបានចុះទៅពិនិត្យគំនរសំរាម ហើយបានត្រឹមតែសន្យាដោះស្រាយម្ដងហើយម្ដងទៀត។
អាជ្ញាធរក្រុង និងខេត្តសៀមរាប ឱ្យដឹងថា គេទុករយៈពេល៣ខែឱ្យក្រុមហ៊ុនប្រមូលសំរាមឈ្មោះ ហ្កាអ៊ីយ៉ា (GAEA) រិះរកវិធីយ៉ាងណា ដើម្បីបំបាត់ក្លិនស្អុយដែលភាយចេញពីសំរាម បណ្ដាលឱ្យប៉ះពាល់លើពលរដ្ឋច្រើនគ្រួសារជារៀងរាល់ថ្ងៃនោះ។
ការដាក់កំហិតឱ្យក្រុមហ៊ុនទទួលខុសត្រូវនេះ នៅពេលដែលអាជ្ញាធរចម្រុះថ្នាក់ខេត្ត ក្រុង សង្កាត់ និងភូមិ ព្រមទាំងមន្ត្រីជំនាញបរិស្ថាន បានចុះទៅពិនិត្យមើលជាក់ស្ដែងដល់កន្លែងហើយ រកឃើញការប៉ះពាល់ជាច្រើន ដោយសារតែក្លិនស្អុយ។
អភិបាលស្ដីទីក្រុងសៀមរាប គឺលោក សូ ប្លាតុង។ លោកមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា អាជ្ញាធរខេត្តសៀមរាប ក្រុង សង្កាត់ និងភូមិ រួមទាំងមន្ត្រីជំនាញបរិស្ថាន ចុះទៅពិនិត្យដល់កន្លែងស្ដុកសំរាមទំហំកន្លះហិកតាររបស់ក្រុមហ៊ុនហ្កាអ៊ីយ៉ា ដែលនៅក្នុងទីក្រុងនោះ។
លោក សូ ប្លាតុង ទទួលស្គាល់ថា គំនរសំរាមដែលប្រមូលពីតាមផ្ទះ និងផ្សារនានា ទៅស្ដុកទុកបណ្ដោះអាសន្នរង់ចាំការដឹកចេញពីទីក្រុងនោះ គឺពិតជាកំពុងភាយក្លិនស្អុយ បង្កឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារមែន៖ «យើងទទួលស្គាល់ថាមានក្លិន ប៉ុន្តែយើងបានណែនាំឱ្យខាងក្រុមហ៊ុនរកបច្ចេកទេស ដោយសហការជាមួយមន្ទីរបរិស្ថាន ធ្វើយ៉ាងម៉េចឱ្យមានយន្តការកាត់បន្ថយក្លិន ដូចជា បន្ថយការយកសំរាមទៅចាក់នៅកន្លែងស្តុកហ្នឹង។ យើងបានឯកភាពគ្នា សម្របសម្រួល ទី១ គឺទុករយៈពេល ៣ខែឱ្យក្រុមហ៊ុន ធ្វើយ៉ាងណាបំបាត់ក្លិនសំរាមដែលកំពុងប៉ះពាល់នេះ»។
នេះជាលើកទី២ហើយដែលអាជ្ញាធរខេត្ត និងក្រុងសៀមរាប សន្យាទៅលើការដោះស្រាយបញ្ហាក្លិនស្អុយរបស់សំរាមនៅក្នុងទីក្រុង ក៏ប៉ុន្តែដំណោះស្រាយពិតប្រាកដយ៉ាងណា គឺមិនទាន់ឃើញនៅឡើយ។
កាលពីខែមករា ឆ្នាំ២០១៤ កន្លងទៅ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ធ្លាប់ប្ដឹងជុំវិញបញ្ហាក្លិនស្អុយដែលភាយចេញពីគំនរសំរាមនេះទៅអាជ្ញាធរខេត្តសៀមរាប ម្ដងមកហើយ។ ក៏ប៉ុន្តែ កាលណោះអភិបាលរងខេត្តសៀមរាប លោក នូ ផល្លា បានត្រឹមតែចាត់វិធានការតាមលិខិត ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវតែជញ្ជូនសំរាមចេញពីកន្លែងស្ដុកឱ្យអស់ជារៀងរាល់ថ្ងៃ និងប្រើថ្នាំកម្ចាត់ក្លិនស្អុយតាមបច្ចេកទេស ព្រមទាំងធ្វើលូបង្ហូរទឹកស្អុយ និងត្រូវចាក់បេតុងនៅកន្លែងប្រតិបត្តិការចាំបាច់ប៉ុណ្ណោះ។ ដោយសារតែអាជ្ញាធរមិនមានចំណាត់ការក្ដៅក្នុងរឿងក្លិនស្អុយពីគំនរសំរាមនេះ គឺប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតែទទួលរងការប៉ះពាល់ដដែល។
ទោះយ៉ាងណា នាយកក្រុមហ៊ុនសំរាមហ្កាអ៊ីយ៉ា លោក ផូ ផល្គុណ មិនបានទទួលទូរស័ព្ទដើម្បីអធិប្បាយបញ្ហានេះយ៉ាងណានៅឡើយទេ។
ប៉ុន្តែ អ្នកគ្រប់គ្រងការដ្ឋានចាក់សំរាមម្នាក់ ឱ្យដឹងថា ក្នុង១ថ្ងៃៗ គឺមានសំរាមប្រហែល ១២០តោន ដឹកយកទៅស្តុកទុកនៅទីនោះ។
ក្លិនស្អុយពីគំនរសំរាមនេះ គឺបានបង្កការប៉ះពាល់ទៅលើប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅជុំវិញជាច្រើនឆ្នាំមកហើយ ដោយប្រជាពលរដ្ឋខ្លះធ្លាប់សន្លប់នៅពេលដែលខ្យល់បក់នាំយកក្លិនស្អុយខ្លាំងមកប៉ះចំម្ដងៗ។
ក្រុមប្រជាពលរដ្ឋជាង ១០០នាក់ រស់នៅក្នុងភូមិខ្នារថ្មី ដែលកំពុងទទួលរងក្លិនស្អុយជាប្រចាំ សម្ដែងការខកចិត្តចំពោះអាជ្ញាធរខេត្ត ក្រុងសៀមរាប ដែលចេះតែប្រើវិធីពន្យារពេលដោះស្រាយម្ដងហើយម្ដងទៀត។
បុរសម្នាក់ដែលរស់នៅជិតកន្លែងគំនរសំរាមបំផុត មានប្រសាសន៍ថា គាត់មិនចង់ឮការដោះស្រាយដែលទុកពេលម្ដងហើយម្ដងទៀត ឱ្យក្រុមហ៊ុនប្រមូលសំរាមបំបាត់ក្លិនស្អុយទាំងនោះទេ គឺគាត់ចង់ឱ្យអាជ្ញាធរដោះស្រាយ ដោយប្ដូរទីតាំងកន្លែងស្តុកសំរាមនោះចេញ៖ «១ខែ៣០ថ្ងៃស្អុយរហូត ហិតក្លិនរហូត។ សំណូមពរឱ្យក្រុមហ៊ុនគាត់ចាកចេញឱ្យឆាប់ៗ»។
ចំណែកស្ត្រីម្នាក់ទៀតមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ក្លិនស្អុយដែលភាយចេញពីគំនរសំរាម តែងរំខានដល់ប្រជាពលរដ្ឋ មិនថាយប់ឬក៏ថ្ងៃ និងពេលទទួលទានអាហារទេ៖ «ខ្យល់មក អូយ! ស្អុយណាស់ ជួនកាលអត់ខ្យល់ហប់ឈឹង ហើយក្លិនមកទៀត ពិបាកទ្រាំណាស់។ តំបន់នេះជាតំបន់អភិវឌ្ឍន៍មួយដែរ ប៉ុន្តែកន្លែងស្អុយរលួយមកនៅកណ្ដាលអ៊ីចឹង វាអត់សម។ រាល់ថ្ងៃចង់ឱ្យគេផ្លាស់ប្ដូរទៅឆ្ងាយដែលមិនសូវមានមនុស្សរស់នៅ កុំឱ្យវានៅកណ្ដាលក្រុងវាអត់ល្អទេ»។
ប្រធានស្ដីទីរបស់មន្ទីរបរិស្ថាន លោក ភួង លីណា ពន្យល់ថា ក្រុមហ៊ុនមិនមានលទ្ធភាពបំបាត់ក្លិនស្អុយដែលភាយចេញពីគំនរសំរាមនោះ ដោយការប្រើបច្ចេកទេសគីមីទេ។ លោក ភួង លីណា បញ្ជាក់ថា តាមជំនាញរបស់លោក ដំណោះស្រាយប្រសើរមានតែផ្លាស់ប្ដូរទីតាំងគំនរសំរាម ចេញឱ្យឆ្ងាយពីទីក្រុង៖ «ខាងខ្ញុំជំនាញថា ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរ ព្រោះផលប៉ះពាល់ហ្នឹង យើងសង្កេតឃើញមានបញ្ហាច្រើន ហើយវាមិនមែនជារឿងទើបនឹងកើតទេ។ ប៉ុន្តែការចូលរួមដោះស្រាយ យើងមានស្ថាប័នច្រើន យើងមានក្រុង យើងមានខេត្ត មានក្រុមហ៊ុន និងតំណាងប្រជាពលរដ្ឋបណ្ដឹង។ អ៊ីចឹងអត់ដឹងថាក្រុមការងារហ្នឹង គេត្រូវដោះស្រាយយ៉ាងម៉េចទេ»។
បច្ចុប្បន្ននៅក្នុងទីរួមខេត្តសៀមរាប មានបញ្ហាក្លិនស្អុយសំរាមនៅ២កន្លែង គឺនៅផ្សារសាមគ្គី និងនៅគំនរស្តុកសំរាមរបស់ក្រុមហ៊ុនក្នុងភូមិខ្នារថ្មី។
ជាច្រើនឆ្នាំមកហើយ អាជ្ញាធរខេត្តសៀមរាប កំពុងខិតខំប្រឹងប្រែងខាងផ្នែកទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យចូលមកទស្សនា ក៏ប៉ុន្តែបញ្ហាសំរាមហាក់ដូចជាមិនសូវបានផ្ដោតការយកចិត្តទុកដាក់ឱ្យធំដុំនៅឡើយ។
គ្រូពេទ្យរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោកវេជ្ជបណ្ឌិត ញាណ សារិន ពន្យល់ថា ឥទ្ធិពលនៃក្លិនស្អុយដែលភាយចេញពីសំរាម គឺមានជាតិពុលម្យ៉ាង បើកាលណាមនុស្សដកដង្ហើម ហើយស្រូបចូលទៅក្នុងសួត ក្រៅតែពីបណ្ដាលឱ្យកើតរោគផ្សេងៗ វាក៏កើតជំងឺចម្បងៗមួយចំនួន ដូចជា ជំងឺផ្លូវដង្ហើម រលាកសួត ជំងឺមហារីកសួត និងជំងឺរលាកចម្រុះ ព្រមទាំងបណ្ដាលឱ្យកើតផ្ដាសាយរ៉ាំរ៉ៃ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
