ពលរដ្ឋ​នៅ​បាវិត​រិះគន់​អាជ្ញាធរ​ថា​មិន​អើពើ​រឿង​ក្លិន​ស្អុយ​គំនរ​សំរាម​ក្បែរ​ភូមិ

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្អូញត្អែរ​ពី​បញ្ហា​ក្លិន​ស្អុយ​ពី​គំនរ​ចាក់​សំរាម​របស់​ក្រុមហ៊ុន​ដឹក​សំរាម សុខ ខេង ថា​បាន​យក​ទីតាំង​ចាក់​គំនរ​សំរាម​ក្បែរ​ភូមិ​របស់​ប្រជាពលរដ្ឋ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទី​លំនៅ​ក្បែរ​គំនរ​សំរាម​នោះ។ ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​របស់​ខ្លួន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ក្លិន​ស្អុយ​របស់​គំនរ​សំរាម​នេះ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ចំពោះ​បញ្ហា​នេះ​ឡើយ។
ដោយ ហ៊ុំ ចំរើន
2014.01.01
សំរាម ស្វាយរៀង ៦១០ ៣១-ធ្នូ-២០១៣៖ គំនរ​សំរាម​ដែល​​ក្រុមហ៊ុន​ដឹក​សំរាម សុខ ខេង យក​មក​ចាក់​ចោល​នា​ភូមិ​ច្រកម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្ត​ស្វាយរៀង។
RFA/Hum Chamroeun

ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​តំបន់​គំនរ​ចាក់​សំរាម បញ្ជាក់​ថា បញ្ហា​ប្រឈម​ខ្លាំង​របស់​ប្រជាពលរដ្ឋ គឺ​នៅ​ពេល​ណា​ដែល​មាន​ខ្យល់​បក់​មក​លើ​ផ្ទះ​របស់​ខ្លួន​ម្ដងៗ ពេល​នោះ​ក្លិន​ស្អុយ រួម​ទាំង​ផ្សែង​ដុត​គំនរ​សំរាម​ផង វា​បាន​ជះ​ក្លិន​អាក្រក់​មក​លើ​ប្រជាពលរដ្ឋ​តែ​ម្ដង។ ហើយ​អ្នក​ដែល​ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​ក្មេងៗ និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​តែ​ម្ដង។

ប្រជាពលរដ្ឋ​វ័យ ៥០​ឆ្នាំ​ប្លាយ​ម្នាក់ រស់​នៅ​ក្បែរ​តំបន់​គំនរ​សំរាម នៅ​ភូមិ​ច្រកម្ទេស សង្កាត់​ច្រកម្ទេស នៃ​ក្រុង​បាវិត អ្នកស្រី កៅ សុវណ្ណ ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ធ្នូ ថា ក្រុម​គ្រួសារ​របស់​អ្នកស្រី​ជួប​ការ​លំបាក ដោយសារ​ក្លិន​ជះ​ស្អុយ​របស់​គំនរ​ចាក់​សំរាម​នោះ​មក​លើ​ផ្ទះ​របស់​ខ្លួន​យូរ​មក​ហើយ។ ហើយ​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បញ្ហា​នេះ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ៖ «ធុំ​ណាស់​ទ្រាំ​មិន​បាន​ទេ វា​ពេល​ធុំ​ម្ដងៗ អ៊ីចឹង​ទាល់​តែ​បិទ​ទៅ​បិទ​ច្រមុះ ទាល់​តែ​វា​បាត់​ធុំ​ទៅ។ ម្នាក់ៗ​កូន​ខ្ចី​វា​ទាល់​វា​យ៉ាប់​ក្នុង​ខ្លួន​ហ្នឹង ពិបាក​ប្រឹង​ណាស់​ដល់​ពេល​វា​ជះ​ម្ដងៗ។ អា​ក្លិន​ផ្សែង​បើ​ថា​ស្រូវ​យើង​វា​វី​វល់​ទៅ វា​ជះ​ចំ​ស្រូវ​អ៊ីចឹង វា​រួញ​ស្រូវ ក្រហម​ស្រូវ។ តែ​យើង​ធ្វើ​យ៉ាង​ម៉េច​គេ​ឥឡូវ​បើ​គេ​អ្នក​ដាក់​អ៊ីចឹង​ហើយ យើង​ប្រជាជន​ធ្វើ​ម៉េច​ក៏​មិន​ឈ្នះ​គេ​ដែរ គេ​ថា​សុទ្ធតែ​ច្បាប់​មក​ពី​ខេត្ត​ពី​ស្រុក ហើយ​យើង​មិន​ដឹង​ធ្វើ​ម៉េច»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្បែរ​ខាង​ម្នាក់​ទៀត​ឈ្មោះ អ្នកស្រី យិន បុប្ផា ថ្លែង​បញ្ជាក់​ថា ចាប់​តាំង​ពី​មាន​គំនរ​សំរាម​មក សង្កេត​ឃើញ​មាន​សត្វ​ល្អិត ដូច​ជា​រុយ ជាដើម បាន​កើត​ឡើង​យ៉ាង​ឆាប់​រហ័ស។ ហើយ​បញ្ហា​នេះ បាន​បង្ក​ផល​លំបាក​រំខាន​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​ខ្លាំង៖ «ប៉ះពាល់ ជា​ពិសេស​យើង​មាន​ជំងឺ អ៊ីចឹង​វា​អាច​មាន​មេរោគ ហើយ​មាន​សត្វ​ល្អិត​មក​ច្រើន​អ៊ីចឹង ដូច​ជា​រុយ យើង​ហូប​បាយ​កូន​ចៅ​អី​តូច​ធំ​ដែល​មិន​បាន​គិត​ដិត​ដល់​អ៊ីចឹង វា​អាច​មាន​ប៉ះពាល់​ដល់​កូន​ដល់​ចៅ​អ៊ីចឹង។ និយាយ​រឿង​ប៉ះពាល់ វា​ខ្លាំង​មែន​ទែន ប៉ុន្តែ​យើង​មិន​ដឹង​ធ្វើ​ម៉េច ពាក្យ​ថា​មិន​ដឹង​ធ្វើ​ម៉េច​អ៊ីចឹង​តែ​ម្ដង ពីព្រោះ​ថា​យើង​ជា​ប្រជាពលរដ្ឋ​ដ៏​តូច​មួយ ហើយ​យើង​គ្មាន​អី​អ៊ីចឹង ពិបាក​ណាស់។ យើង​ទៅ​តវ៉ា​ហ្នឹង គេ​ក៏​មិន​ដឹង​បាន​លទ្ធផល​អី​មក​ដែរ។ បើ​គេ​អ្នក​មាន​គេ​ត​បាន ហើយ​សំខាន់​អ្នក​នៅ​ជិត​អ៊ីចឹង​ដូច​ជា​ខ្ញុំ​ជា​ដើម គឺ​ប៉ះពាល់​ធ្ងន់​ជាង​គេ​បំផុត​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ច្រកម្ទេស លោក ហួត សាមៃ មាន​ប្រសាសន៍​ថា បញ្ហា​គំនរ​សំរាម​របស់​ក្រុមហ៊ុន សុខ ខេង ដែល​បាន​យក​ទៅ​ចាក់​នៅ​តំបន់​ភូមិ​ច្រកម្ទេស នោះ ពុំ​បាន​បង្ក​ផល​លំបាក​អ្វី​ជា​ដុំ​កំភួន​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​ក៏​ពុំ​ទាន់​បាន​ទទួល​ពាក្យ​រិះគន់​ពី​អ្នក​ភូមិ​នៅ​តំបន់​ចាក់​គំនរ​សំរាម​នោះ​នៅ​ឡើយ​ដែរ។

«សំឡេង»

តែ​យ៉ាង​ណា ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ប្ដឹង​អាជ្ញាធរ​របស់​ខ្លួន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​គំនរ​សំរាម​មួយ​នេះ​ច្រើន​ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ជួយ​ដោះស្រាយបញ្ហា​គំនរ​សំរាម​នេះ​ដល់​អ្នក​ភូមិ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។