ពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ស្រុក​បរិបូរណ៍​មាន​ទឹក​ប្រើប្រាស់​វិញ

0:00 / 0:00

អណ្ដូង​លូ​របស់​ពលរដ្ឋ​ជាង ២០​គ្រួសារ នៅ​ចំណុច​កំប៉ូតស្បូវ នៃ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មាន​ទឹក​ចេញ​អាច​ប្រើប្រាស់​បាន​ខ្លះ​ហើយ ប៉ុន្តែ​ពួកគេ​នៅ​តែ​ប្រើ​ប្រាស់​សន្សំសំចៃ​ខ្លាំង ព្រោះ​កម្រិត​ទឹក​អណ្ដូង​ដែល​ចាប់​ផ្ដើម​ចេញ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា មក​នោះ​យឺត​ពេក។ អាជ្ញាធរ​អះអាង​ថា ពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់គ្រាន់។

អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី បាន​ចុះ​ទៅ​តំបន់​កំប៉ូតស្បូវ នៃ​ភូមិ​អញ្ចាញរូង ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង ចេញ​លិខិត​បំភ្លឺ​មួយ​ច្បាប់ ដោយ​ចោទ​ថា វិទ្យុ​អាស៊ីសេរី ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ពលរដ្ឋ​នៅ​តំបន់​នោះ​ខ្វះខាត​ទឹក​ប្រើប្រាស់។ នៅ​ក្នុង​លិខិត​បំភ្លឺ​របស់​សាលា​ខេត្ត​ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ បញ្ជាក់​ថា ពលរដ្ឋ​មាន​ទឹក​ប្រើ​គ្រប់គ្រាន់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ពីរ​មេ​ជាប់ៗ​គ្នា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា និង​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។

អណ្ដូង​របស់​អ្នក​ភូមិ​ជាង​២០ ហើយ​ធ្លាប់​ចេញ​តែ​ពីរ​អណ្ដូង​នោះ បច្ចុប្បន្ន​ចេញ​ទឹក​ស្ទើរ​គ្រប់​អណ្ដូង​វិញ​ហើយ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​ខក​ចិត្ត​នឹង​ការ​អះអាង​របស់​អាជ្ញាធរ ដែល​ថា គាត់​មាន​ទឹក​ប្រើ​គ្រប់គ្រាន់។

អ្នក​ភូមិ​ថា ពួកគាត់​មិន​អាច​ទៅ​ដង​ទឹក​មិន​ស្អាត​ដែល​ដក់​តាម​ប្រឡាយ​មក​ប្រើ​នោះ​ទេ ដោយ​គាត់​សុខ​ចិត្ត​សម្រេង​ទឹក​ពី​ក្នុង​អណ្ដូង​ដែល​ចេញ​កាន់​តែ​ច្រើន​ឡើងៗ ក្រោយ​ភ្លៀង​ធ្លាក់​នោះ​មក​ប្រើ។

ពលរដ្ឋ​រស់នៅ​ចំណុច​កំប៉ូតស្បូវ​ម្នាក់ គឺ​លោក ហុង សើ មាន​ប្រសាសន៍​ថា បាន​គុណបុណ្យ​ភ្លៀង​ធ្លាក់​ពីរ​មេ ទើប​បាន​ទឹក​ជ្រាប​ចូល​ក្នុង​ដី​ធ្វើ​ឲ្យ​ទឹក​អណ្ដូង​ខ្លះ​ចេញ​ទឹក​ឡើង​វិញ។ ប៉ុន្តែ​ពលរដ្ឋ​អាច​នឹង​ខ្វះខាត​ទឹក​ជា​ថ្មី​ទៀត បើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នោះ​ទេ។

លោក​ថា អាកាស​ធាតុ​ក្ដៅ​ខ្លាំង និង​គ្រោះ​រាំង​ស្ងួត​នៅ​ឆ្នាំ​នេះ បាន​បង្ក​ទុក​លំបាក​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ ហើយ​លោក​ខ្លាច​រឿង​បែប​នេះ​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៖ «ទឹក​វា​មាន​តិចតួច បាន​ភ្លៀង អ៊ីចឹង​មាន​ខ្លះ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ខាង​ណោះ​គេ​បាន​ទៅ ខាង​ណេះ​អត់។ មុន​ហ្នឹង​អត់​បណ្ដោយ! កាយ​ទៅ​អត់​ទឹក បង​មិន​ដើរ​មើល​បើ​ខ្ញុំ​ថា​ភូត សុទ្ធ​តែ​អាចម៍​ដី​គ្រប់​ផ្ទះ នេះ​ផ្ទះ​បង​នេះ​ក៏​អ៊ីចឹង​ដែរ អត់​មាន​ទឹក​ឯ​ណា ទើប​បាន​ភ្លៀង​នេះ​ទេ»

លិខិត​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា អភិបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង​នៅ​ចំណុច​កំប៉ូតស្បូវ នៃ​ភូមិ​អញ្ចាញរូង។ ជា​លទ្ធផល​លោក​អះអាង​ថា ការ​ផ្សាយ​របស់​គេហទំព័រ​វិទ្យុ​អាស៊ីសេរី មិន​ពិត ព្រោះ​ពលរដ្ឋ​នៅ​តំបន់​កំប៉ូតស្បូវ ប្រាប់​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា មក​ពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់ នា​ថ្ងៃ​នោះ ហើយ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ទឹក​ដក់​នៅ​ក្នុង​ប្រឡាយ នៃ​តំបន់​នោះ​ទៀត​ផង។

ការ​បញ្ជាក់​របស់​ពលរដ្ឋ និង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា នោះ គឺ​ស្រប​ពេល​ដែល​ទឹក​អណ្ដូង​របស់​អ្នកភូមិ​ចាប់​ផ្ដើម​ចេញ និង​អាច​ដង​យក​ទឹក​មក​ប្រើប្រាស់​បាន​ខ្លះ​ហើយ។ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ភ្លៀង​ធ្លាក់ គឺ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទៅ​ដល់​ទីតាំង​នោះ ឃើញ​អណ្ដូង​ទឹក​ភាគ​ច្រើន​ក្នុង​ចំណោម ២០​អណ្ដូង មាន​សភាព​រីង​រាក់​ឃើញ​បាត​ដី និង​មាន​ទឹក​ដក់​ខ្លះ​នៅ​តាម​ប្រឡាយ​អម​សង​ខាង​ផ្លូវ​ចូល​ទៅ​ចំណុច​ដែល​ពលរដ្ឋ​រស់នៅ​នោះ។ ប្រជា​ពលរដ្ឋ​ប្រមាណ ១០​នាក់​ដែល​វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាសន៍ និង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា សុទ្ធ​តែ​ត្អូញត្អែរ​ពី​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ស្ដារ​អណ្ដូង ឬ​ជីក​ស្រះ​ក្បែរ​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។