ប្រជាពលរដ្ឋជនជាតិដើមព្នង អ្នកអភិរក្សព្រៃឈើនៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃពុធ ទី២២ ខែមករា អំពាវនាវសុំឲ្យអាជ្ញាធរខេត្តចាត់វិធានការបញ្ឈប់សកម្មភាពកាប់យកឈើប្រណីតមានតម្លៃក្នុងព្រៃសហគមន៍ដោយបំពានច្បាប់។
សេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតំណាងសហគមន៍មួយក្រុម កាលពីដើមសប្ដាហ៍ បានស្វែងរកកិច្ចគាំពារពីមន្ត្រីសិទ្ធិមនុស្សខេត្ត ដើម្បីប្រឹក្សារកវិធីផ្លូវច្បាប់រារាំងសកម្មភាពកាប់បំផ្លាញព្រៃឈើបានតទៅទៀត។
តំណាងសហគមន៍ លោក ស ភ័ក្រ រៀបរាប់ថា ឈើមានតម្លៃរាប់ពាន់ដើមក្នុងព្រៃសហគមន៍ ត្រូវបានគេកាប់យកឈើតាំងពីឆ្នាំ២០១២ រហូតបច្ចុប្បន្ន។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនសម្បទានចំនួនពីរដែលជាទូទៅគេហៅឈ្មោះកាត់ថា ក្រុមហ៊ុន ៩៥ និងក្រុមហ៊ុន ៩៧ មានបរិវេណដីជិតនឹងព្រៃសហគមន៍ គឺជាប់ពាក់ព័ន្ធសកម្មភាពកាប់យកឈើក្នុងព្រៃសហគមន៍៖ «ចូលកាប់ច្រើនឥឡូវនេះ ចង់ឲ្យទប់ស្កាត់កុំឲ្យគេចូលកាប់ទៀត»។
សេចក្តីរាយការណ៍របស់សហគមន៍ភូមិស្រែធំ បញ្ជាក់ចំឈ្មោះតំណាងក្រុមហ៊ុន ៩៥ លោក ចក់ និងមេការឈ្មោះ ដំ ថុល ពាក់ស័ក្ដិបី មេការក្រុមហ៊ុន ៩៧ លោក ថេន ចាន់រក្ស។ ក្រុមសហគមន៍ក៏បានចោទប្រកាន់មេឃុំសុខសាន្ត លោក សាន ចិន និងអនុប្រធាននគរបាលប៉ុស្តិ៍ឃុំសុខសាន្ត លោក សាន កិល ថាជាអ្នកបើកដៃក្នុងបទល្មើសព្រៃឈើនេះដូចគ្នា។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែមករា មិនអាចស្វែងរកអត្តសញ្ញាណតំណាងក្រុមហ៊ុនទាំងពីរ សុំបំភ្លឺសេចក្តីចោទប្រកាន់នេះបានទេ។
យ៉ាងនេះក្តី មេឃុំសុខសាន្ត លោក សាន ចិន បានបដិសេធថាការចោទនេះ គឺជារឿងមិនពិត។ លោកទទួលស្គាល់ថា មានការលួចកាប់ឈើក្នុងព្រៃសហគមន៍មែន ប៉ុន្តែជាបទល្មើសតូចតាច៖ «ព្រៃហ្នឹងដែលគេយកសុទ្ធតែជារបស់គេចោលហើយ របស់ចុងៗកាលគាត់អត់ទាន់ការពារ គេយកអាតែអាចុងៗហ្នឹង មានឯណាឈើហ្នឹង។ ពួកគាត់ដឹងស្រាប់ហើយចេះតែថា»។
តំបន់ព្រៃអភិរក្សភូមិស្រែធំ មានផ្ទៃដី ៣ពាន់ហិកតារ។ ប្រធានក្រុមការពារព្រៃអភិរក្សសហគមន៍ស្រែធំ លោក ជ្រើន ចែន មានប្រសាសន៍បញ្ជាក់ថា អង្គការមូលនិធិអន្តរជាតិ ដើម្បីធនធានធម្មជាតិ ហៅកាត់ថា ដាប់បែលយ៊ូ.អែហ្វ.អិន (Worldwide Fund for Nature) ប្រចាំខេត្ត និងស្ថាប័នពាក់ព័ន្ធ បានប្រគល់ព្រៃនេះមកសហគមន៍ការពារតាំងពីឆ្នាំ២០០៥ រហូតមក។ លោកបន្តថា ក្រុមអាជ្ញាធរមិនបានសហការជួយសហគមន៍ក្នុងកិច្ចបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ៖ «រឿងហ្នឹងដោយសារមេឃុំបើកដៃ បានវាចូលបាន។ គេកាប់តែឈើប្រណីតទេ រឿងឈើសំណង់ គេមិនទាន់កាប់ទេ។ ខ្លាចអស់ឈើប្រណីត គេលេងអាឈើសំណង់ទៀត»។
នាយកកម្មវិធីនៃអង្គការសហប្រតិបត្តិការកម្ពុជាអន្តរជាតិ អាយ.ស៊ី.ស៊ី (International Cooperation Cambodia = ICC) លោក ចេង សុផល កត់សម្គាល់ថា អ្វីដែលក្រុមសហគមន៍ស្រែធំ លើកឡើង គឺក្រុមការងារមូលដ្ឋានអង្គការលោកក៏បានទទួលព័ត៌មានដូចគ្នា និងបានផ្តល់ព័ត៌មាននេះជូនអង្គការពាក់ព័ន្ធរួចហើយ៖ «តាមបុគ្គលិកយើងឃើញថា មានបញ្ហាអ៊ីចឹងមែន។ ដំណឹងពីប្រជាពលរដ្ឋគាត់ចេះតែប្រាប់យើងហូរហែពីការលំបាករបស់គាត់ គេចេះកាប់ព្រៃឈើហូរហែអ៊ីចឹង ហើយអត់មានអ្នកណាជួយបាន»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា ក្រុមសហគមន៍ស្រែធំ កំពុងរៀបចំធ្វើពាក្យប្ដឹងករណីតាមផ្លូវតុលាការបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
