ប្រជាពលរដ្ឋរស់នៅភូមិចំនួន៩ ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ស្នើសុំឲ្យអាជ្ញាធរខេត្ត ពិនិត្យពីការបូមរ៉ែពីបាតទន្លេសេសាន ជាបន្ទាន់ ដើម្បីការពារបរិស្ថានធនធានធម្មជាតិ និងគុណភាពទឹកទន្លេសម្រាប់អ្នកភូមិប្រើប្រាស់។
កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍ តំណាងអ្នកភូមិបាននាំយកញត្តិប្ដឹងតវ៉ាពីករណីនេះ សុំកិច្ចអន្តរាគមន៍ពីមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្ត បន្ទាប់ពីអ្នកភូមិបានដាក់ញត្តិនេះជូនអាជ្ញាធរខេត្តកាលពីដើមខែមករា។
តំណាងអ្នកភូមិ លោក ជ្រូប កាសូម រៀបរាប់ថា សាឡង់មួយគ្រឿងបានចាប់ផ្ដើមបូមខ្សាច់ពីបាតទន្លេ នៅចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីភូមិ កាលពីដើមសប្ដាហ៍មុន ដើម្បីរែងរកមាស បង្កឲ្យទឹកល្អក់ និងមានផលប៉ះពាល់ជំនឿប្រពៃណីជនជាតិដើម ជាពិសេសផលប៉ះពាល់បរិស្ថានទន្លេ និងធនធានត្រី។ លោកបន្តថា អ្នកភូមិជាង ៧០០គ្រួសារ អ្នកប្រើប្រាស់ទឹកទន្លេនៅតំបន់នោះ ប្រឆាំងមិនឲ្យមានការផ្តល់សម្បទាននៅតំបន់នោះឡើយ៖ «គេកំពុងបូម ហើយគេបូមបណ្ដើរៗខ្ញុំឃើញ។ គេបូមយកខ្សាច់អត់ឃើញឡានដឹកខ្សាច់ គេបូមមាសមិនដឹង ទឹកក៏ល្អក់ ប្រជាពលរដ្ឋខ្លាចព្រួយបារម្ភត្រីបាត់បង់ ចំណែកអន្លង់អភិរក្សបាត់បង់ទាំងអស់»។
ក្រសួងឧស្សាហកម្ម បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឌីសខូវឺរី អិនវេសមែន (Discovery Investment) ធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង ៥៩ហិកតារ នៅតំបន់ព្រំប្រទល់ឃុំតាវែង និងឃុំកោះប៉ង់ សម្រាប់រយៈពេលមួយឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០១៣។ ក៏ប៉ុន្តែ នៅក្នុងវេទិកាសាធារណៈ រៀបចំឡើងដោយអាជ្ញាធរស្រុកតាវែង កាលពីខែធ្នូ ប្រជាពលរដ្ឋនៅឃុំតាវែងក្រោម ជាច្រើននាក់ បានស្នើសុំឲ្យអាជ្ញាធរខេត្តផ្អាកសកម្មភាពដំឡើងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយអ្នកភូមិចោទថា ក្រុមហ៊ុនគ្រោងធ្វើសកម្មភាពបូមរែងយកមាសពីបាតទន្លេ។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី១៤ ខែមករា មិនអាចទាក់ទងតំណាងក្រុមហ៊ុន សុំបំភ្លឺករណីនេះបានទេ។
ក៏ប៉ុន្តែ ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តរតនគិរី លោក ហែម វណ្ណថន មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរជំនាញបានសម្រេចឲ្យក្រុមហ៊ុននេះផ្អាកសកម្មភាពដំឡើងគ្រឿងចក្រ តាំងពីខែធ្នូ រហូតមក ដើម្បីឲ្យក្រុមហ៊ុនធ្វើបទបង្ហាញពីគ្រឿងចក្ររបស់ក្រុមហ៊ុន ទាក់ទិនអាជីវកម្មបូមខ្សាច់។ លោកបន្តថា មិនទាន់ឃើញមានឯកសារ ឬគោលការណ៍អនុញ្ញាតឲ្យក្រុមហ៊ុននេះធ្វើអាជីវកម្មនៅឡើយ៖ «ខ្ញុំឃើញហើយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។ ក្រសួងមិនទាន់ស្អីឯណា ក្រសួងឲ្យផ្អាកសិន ខ្ញុំកំពុងរៀបចំទៅមើលទៀតហើយ ព្រោះកាលខ្ញុំទៅលើកមុនធ្វើកំណត់ហេតុឲ្យផ្អាក»។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា នេះជាលើកទីពីរហើយដែលប្រជាពលរដ្ឋបានតវ៉ាពីការផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់ ដល់ក្រុមហ៊ុននៅតំបន់ជនជាតិដើមរស់នៅ ដោយមិនបានពិគ្រោះយោបល់ស្ដីពីផលប៉ះពាល់ប្រជាពលរដ្ឋ។ លោកបន្តថា ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនឈ្មោះ ឌីសខូវឺរី អិនវេសមែន និងក្រុមហ៊ុន ទីង ឆាង (Tin Chhan) កាលពីខែតុលា បានចូលមកបោះទីតាំងនៅឃុំតាវែងក្រោម ហើយដំឡើងគ្រឿងចក្រប្រភេទបូមយករ៉ែពីបាតទន្លេ។ ករណីនេះ លោកនឹងចុះស៊ើបអង្កេតធ្វើរបាយការណ៍សុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធ តាមសំណូមពរប្រជាពលរដ្ឋ៖ «ក្រុមហ៊ុនបូមខ្សាច់ ប៉ុន្តែក្នុងរូបភាពបូមយករ៉ែមាស។ ពួកគាត់មានការបារម្ភក្នុងការប៉ះពាល់ធនធានធម្មជាតិក្នុងទឹក ហើយនិងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។
ចាប់ពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ន ប្រជាពលរដ្ឋសហគមន៍រស់នៅតាមដងទន្លេសេកុង ខេត្តស្ទឹងត្រែង និងទន្លេសេសាន ខេត្តរតនគិរី បានអះអាងថា ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស មានអាជ្ញាប័ណ្ណបូមខ្សាច់បម្រើការសាងសង់ ប៉ុន្តែក្រុមហ៊ុនបានធ្វើអាជីវកម្មបូមរែងរកមាសពីបាតទន្លេ ផ្ទុយនឹងអាជ្ញាប័ណ្ណកំណត់ និងបង្កផលប៉ះពាល់ប្រជាពលរដ្ឋ។
យ៉ាងនេះក្តី ប្រជាពលរដ្ឋសំណូមពរឲ្យរាជរដ្ឋាភិបាលសិក្សាផ្តល់ទីតាំងថ្មី សម្រាប់ក្រុមហ៊ុនធ្វើអាជីវកម្ម ហើយរក្សាទីតាំងបច្ចុប្បន្នទុកជាតំបន់អភិរក្សធនធានធម្មជាតិ និងជាតំបន់វប្បធម៌ ជំនឿ ប្រពៃណី របស់ជនជាតិដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
