ពលរដ្ឋ​នៅ​តាកែវ​ត្អូញ​ពី​ក្លិន​ស្អុយ​ចេញ​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង

0:00 / 0:00

អាជីវកម្ម​ចិញ្ចឹម​ជ្រូក​យក​សាច់​មួយ​កន្លែង​នៅ​ក្នុង​ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ មិន​គោរព​ការ​សន្យា​កាល​ពី​ឆ្នាំ​មុន ថា​នឹង​គ្រប់គ្រង​លាមក​សត្វ​ជ្រូក​មិន​បង្ក​ក្លិន​ស្អុយ ប៉ះពាល់​ការ​រស់នៅ​របស់​អ្នក​ជិត​ខាង​ទៀត​ទេ។ ប៉ុន្តែ មួយ​ឆ្នាំ​កន្លង​មក​នេះ ក្លិន​ស្អុយ​នៅ​តែ​បន្ត​ជះ​ក្លិន​មក​លើ​អ្នក​ជិត​ខាង ទើប​អាជ្ញាធរ​មូលដ្ឋាន​សន្យា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

អាជ្ញាធរ​ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ គ្រោង​ប្ដឹង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង នៅ​តែ​បង្ក​ក្លិន​ស្អុយ​មក​លើ​បរិយាកាស​អ្នក​រស់នៅ​ជិត​ខាង។

គម្រោង​ប្ដឹង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ភូមិ​ទង្គែ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ កន្លង​ទៅ ថា​នឹង​ស្តុក​លាមក​ជ្រូក​ឲ្យ​ល្អ មិន​បង្ក​ក្លិន​ស្អុយ​ប៉ះពាល់​ការ​រស់នៅ​របស់​អ្នក​ជិត​ខាង​ទេ។

អនុប្រធាន​ភូមិ​ទង្គែ ឃុំ​ស្នោ លោក ច្រិច សុខ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ថា លោក គា វាសនា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ជ្រូក​ទ្រង់ទ្រាយ​ធំ។ លោក​ថា ច្រើន​ឆ្នាំ​មក​ហើយ​ដែល​អ្នក​រស់នៅ​ក្បែរ​កសិដ្ឋាន​នោះ​ប្ដឹង​មក​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន សុំ​ដោះស្រាយ​អំពី​បញ្ហា​ក្លិន​ស្អុយ​នៃ​លាមក​ជ្រូក ដែល​ម្ចាស់​កសិដ្ឋាន​មិន​បាន​ទុក​ដាក់​ល្អ។ លោក​ថា ម្ចាស់​កសិដ្ឋាន​បាន​សន្យា​សុំ​សាងសង់​ឡ​ស្តុក​លាមក​ជ្រូក​ឲ្យ​បាន​ចប់​សព្វគ្រប់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០១៣។ ប៉ុន្តែ​កាក​សំណល់​នៅ​សល់​តិចតួច នៅ​តែ​បន្ត​បាញ់​ទឹក​ទម្លាក់​មក​លើ​ផ្លូវ​លំ ដែល​អ្នក​ភូមិ​ដើរ​កាត់៖ «កាក​សំណល់​ធំៗ​នោះ គឺ​កើប​ចេញ​ដែរ ប៉ុន្តែ​នៅ​តិចតួច គឺ​បាញ់​បង្ហូរ​ចូល​កន្លែង​ហ្នឹង ដល់​ពេល​អ៊ីចឹង វា​ជះ​ក្លិន​ហ្នឹង​ទៅ ហើយ​ខាង​បរិស្ថាន​គេ​មក​ធ្វើ​ហើយ ប៉ុន្តែ​ខាង​នោះ​គេ​អត់​ប្រព្រឹត្ត​កិច្ចសន្យា»

អ្នក​ភូមិ​ដែល​នៅ​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក លោក ហាន់ ហ៊ុត ថ្លែង​ថា ក្នុង​រដូវ​ក្តៅ និង​លាយឡំ​អាកាស​ធាតុ​អួរ​អ័ព្វ​ធ្លាក់​ភ្លៀង​ម្តងម្កាល ក្លិន​ស្អុយ​នៃ​លាមក​ជ្រូក​ជះ​ក្លិន​ពេញ​ទំហឹង​មក​លើ​ផ្ទះ​គាត់ ដែល​នៅ​ប្រមាណ ៥​ម៉ែត្រ​ពី​ទ្រុង​ជ្រូក។ លោក​សុំ​ឲ្យ​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ឃុំ ជំរុញ​ឲ្យ​ម្ចាស់​កសិដ្ឋាន គ្រប់គ្រង​កាក​សំណល់​លាមក​ជ្រូក​តាម​ការ​សន្យា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ដែល​បាន​សន្យា​ថា មិន​បង្ក​ក្លិន​ស្អុយ​ប៉ះពាល់​អ្នក​ជិត​ខាង​ទៀត​ទេ៖ «គេ​មាន​អាង​រណ្ដៅ​ស្តុក​គេ​មួយ ក្នុង​បរិវេណ​ដី​គេ​ហ្នឹង អ៊ីចឹង​អា​ស្តុក​ហ្នឹង​វា​ស្អុយ​ណាស់ ស្អុយ​ពពុះ​ស្កុល​តែ​ម្តង។ ពេល​ណា​មាន​ភ្លៀង​រលឹម​តិចៗ​មក គេ​បូម​បង្ហូរ​តាម​ផ្លូវ​លំ ខែ​ហ្នឹង​ខ្យល់​វា​បក់​មក​ពី​អាគ្នេយ៍ វា​បក់​មក​មូល​ចំ​តែ​ម្តង ខ្ញុំ​នៅ​ខាង​ក្រោម​ខ្យល់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក គា វាសនា ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ភូមិ​ទង្គែ សុំ​ការ​បំភ្លឺ​តប​ការ​លើក​ឡើង​នេះ​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា។

មេ​ឃុំ​ស្នោ លោក ខៀម ឡេង ថ្លែង​ថា ការ​សន្យា​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កាល​ពី​មុន ថា​មិន​បង្ក​ក្លិន​ស្អុយ និង​ធ្វើ​ឲ្យ​កខ្វក់​បរិស្ថាន​ដល់​អ្នក​ជិត​ខាង​ទេ។ បើ​សិន​គាត់​នៅ​តែ​មិន​អាច​គ្រប់គ្រង​លាមក​ជ្រូក​របស់​ខ្លួន​បាន​ល្អ​ទេ អាជ្ញាធរ​នឹង​ប្ដឹង​បញ្ហា​នេះ​ទៅ​មន្ត្រី​បរិស្ថាន ឲ្យ​ចុះ​ផាក​ពិន័យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​ទង្គែ ទៅ​តាម​ច្បាប់៖ «ឯកសារ​ដែល​គាត់​ធ្វើ​លក្ខខណ្ឌ​កន្លង​មក បើ​កាល​ណា​គាត់​មិន​គោរព​ទៅ​តាម​លក្ខខណ្ឌ នោះ​យើង​មាន​តែ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់ បើ​ស្អី​ដែល​គាត់​បាន​ព្រមព្រៀង​ហើយ រឿង​អី​គាត់​មិន​ព្រម​ធ្វើ​តាម»

មន្ត្រី​បរិស្ថាន​ស្រុក​ព្រៃកប្បាស លោក ណយ ឡី ថ្លែង​ថា លោក​បាន​ចុះ​អង្កេត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​បាន​ឲ្យ​គេ​ធ្វើ​កិច្ចសន្យា​គ្រប់គ្រង​កាក​សំណល់ កាល​ពី​ឆ្នាំ​មុន។ លោក​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​អាង​ស្តុក​លាមក​សត្វ និង​បាន​ណែនាំ​ឲ្យ​ចេះ​គ្រប់គ្រង​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។ លោក​ថា​នឹង​ចុះ​ទៅ​ពិនិត្យ​ជា​ថ្មី​ទៀត បើ​សិន​មាន​បណ្ដឹង​បញ្ជូន​ពី​អាជ្ញាធរ​ឃុំ។ លោក​បន្ត​ថា បើ​មាន​កិច្ច​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន ទើប​ការ​អនុវត្ត​ច្បាប់​បាន​លឿន៖ «អាង​ហ្នឹង​ខ្ញុំ​ឲ្យ​មាន​ដាក់​គម្រប​ដៃ​អី​ត្រឹមត្រូវ។ ហើយ​ដល់​ពេល​អាង​ពេញ ខ្ញុំ​ឲ្យ​បូម​ទឹក​ចេញ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​ទៅ ខ្ញុំ​បាន​ចុះ​ទៅ​មើល​កាល​នោះ គេ​កំពុង​តែ​ធ្វើ​ហើយ។ ដល់​ខ្ញុំ​រវល់​ការងារ​ច្រើន ខ្ញុំ​អត់​បាន​ទៅ​តាម​ដាន ហើយ​ម្យ៉ាង​អ្នក​ជុំវិញ​ហ្នឹង​គាត់​អត់​បាន​ឲ្យ​ដំណឹង​ដល់​ខ្ញុំ។ ដល់​អ៊ីចឹង ការងារ​ផល​ប៉ះពាល់​ថ្ងៃ​ក្រោយ ខ្ញុំ​អត់​ទាន់​ដឹង​ដែរ»

អាជ្ញាធរ​ភូមិ​ទង្គែ ឲ្យ​ដឹង​ថា ក្នុង​ភូមិ​នោះ​អ្នក​ចិញ្ចឹម​ជ្រូក​ទ្រង់ទ្រាយ​ធំ​ចាប់​ពី ៤០​ក្បាល ទៅ ៥០​ក្បាល មាន ៣ ទៅ ៤​គ្រួសារ។ ប៉ុន្តែ​អ្នក​ចិញ្ចឹម​ជ្រូក​ដទៃ​ទៀត គេ​ចេះ​គ្រប់គ្រង​សំណល់​លាមក​សត្វ​បាន​ល្អ ហើយ​ទ្រុង​ចិញ្ចឹម​ជ្រូក​គេ​សង់​នៅ​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ដទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។