ព្រះសង្ឃប្រមាណ ១០អង្គ និងប្រជាពលរដ្ឋចំណុះជើងវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ង ៥០នាក់ កាលពីរសៀលថ្ងៃទី៣ ខែមីនា ស្រុះស្រួលគ្នារៀបចំវេទិកាមួយស្នើឲ្យអាជ្ញាធរមូលដ្ឋានទប់ស្កាត់រោងចក្រផលិតទឹកកក ឲ្យបញ្ឈប់ការបង្ហូរទឹកស្អុយចូលក្នុងបណ្ដាញបង្ហូរទឹកសាធារណៈដែលប៉ះពាល់ដល់សុខភាពរបស់អ្នកស្រុកទៀត។ ការស្នើសុំនេះ បន្ទាប់ពីព្រះសង្ឃ និងប្រជាពលរដ្ឋមួយចំនួនធ្លាក់ខ្លួនឈឺ ដោយសារការបង្ហូរទឹកស្អុយនោះ ហើយពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយ។
ប្រជាពលរដ្ឋ និងព្រះសង្ឃ នៅវត្តពោធិ៍វាល លើកឡើងថា ទឹកស្អុយ កាកសំណល់ហូរចេញពីរោងចក្រទឹកកកវត្តពោធិ៍វាល រៀងរាល់ថ្ងៃ បានជះក្លិនអាក្រក់ ប៉ះពាល់សុខភាពពលរដ្ឋប្រមាណ ៥ឆ្នាំហើយ តែពុំដឹងថា ធ្វើយ៉ាងណាដោះស្រាយបញ្ហានេះបាននោះទេ។
ព្រះតេជព្រះគុណ ប៊ិត វណ្ណា មានថេរដីកានៅថ្ងៃទី៣ ខែមីនា ថា ប្រជាពលរដ្ឋចំណុះជើងវត្តនិងព្រះសង្ឃ បានសម្រេចចិត្តរៀបចំវេទិកាសាធារណៈនេះឡើង ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ការបង្ហូរទឹកស្អុយតាមប្រព័ន្ធលូសាធារណៈជាបន្ទាន់ ពីព្រោះទឹកលូនោះ មានជាតិពុល ដោយក្លិនស្អុយឈួល និងផ្សារភ្នែកនៅពេលដែលមានចំហាយចេញពីលូទឹកនោះ៖ «ព្រះសង្ឃក្នុងវត្តជាង ១៤០អង្គ ឈឺប្រហែល ៧០អង្គរហើយ ដោយសារតែប៉ះពាល់ពីក្លិនស្អុយលូបង្ហូរនេះ ព្រោះក្នុងវត្តមានលូបង្ហូរទឹកដល់ទៅ ៥ខ្សែ ហូរខ្វាត់ខ្វែងអមដងផ្លូវ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋចំណុះជើងវត្តម្នាក់ គឺអ្នកស្រី គឹម យាត ថ្លែងថា ក្មេងៗក្នុងផ្ទះរបស់អ្នកស្រីរួមទាំងអ្នកភូមិក្បែរខាងផង ធ្លាក់ខ្លួនឈឺ ស្ទើរគ្រប់គ្នា ដោយសារតែចំហាយលូទឹកស្អុយរោងចក្រទឹកកកនោះ៖ «ប្រឡាយទឹកស្អុយនៅមុខផ្ទះ ហើយពេលយើងបើកទ្វាឡើងភ្ញាក់ពីគេងស្រាប់តែក្រហាយពេញភ្នែក រហូតមានអ្នកខ្លះនៅមិនបានរត់ទៅគេងផ្ទះមិត្តភ័ក្ដិក៏មានដែរ»។
ឆ្លើយតបនឹងបញ្ហានេះ ម្ចាស់រោងចក្រទឹកកកវត្តពោធិ៍វាល លោក ឡៅ ប៊ុនហាន អះអាងថា កន្លងមកលោកពុំបានដឹងថា ប្រជាពលរដ្ឋប៉ះពាល់សុខភាពដោយលូបង្ហូរទឹករបស់រោងចក្រនោះទេ។លោកបញ្ជាក់ថា បន្ទាប់ពីវេទិកានេះទៅខាងរោងចក្រនឹងរៀបចំធ្វើប្រព័ន្ធលូសាជាថ្មីឡើងវិញ ដើម្បីបញ្ចៀសការប៉ះពាល់សុខភាពរបស់ពលរដ្ឋ៖ «បញ្ហាក្លិនស្អុយ ខ្ញុំគិតថា មិនដល់ ៥ឆ្នាំនោះទេ បើរយៈពេលប្រហែលមួយឆ្នាំនេះមានខ្លះមែន»។
ទាក់ទងនឹងបញ្ហានេះដែរ ចៅសង្កាត់រតនៈ លោក សួស សុភិន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីលូបង្ហូរទឹកស្អុយនេះ មានប្រមាណ ៣០គ្រួសារ រស់នៅភូមិរំចេក៥ សង្កាត់រតនៈ និងព្រះសង្ឃ សិស្សនិស្សិតក្នុងវត្តពោធិ៍វាល មួយចំនួនទៀត៖ «ខ្ញុំជាអាជ្ញាធរដែនដីអត់បានដឹងថា លូបង្ហូរទឹកប៉ះពាល់សុខភាពប្រជាពលរដ្ឋទេ គឺទើបតែបងប្អូនគាត់មកប្រាប់ខ្ញុំថាមានក្លិនស្អុយថ្មីៗនេះឯង»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង ដែលបានតាមដានរឿងនេះ មានប្រសាសន៍ថា ការរៀបចំវេទិកាសួរឆ្លើយរវាងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងម្ចាស់រោងចក្រទឹកកកនេះ គឺជាគំនិតផ្ដួចផ្ដើមល្អមួយរបស់ពលរដ្ឋ ដើម្បីឲ្យអាជ្ញាធរដោះស្រាយទុក្ខលំបាករបស់ពួកគាត់ឲ្យបានឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនឹងរង់ចាំមើលការដោះស្រាយរបស់អាជ្ញាធរនេះ ហើយប្រសិនបើពុំទទួលបានលទ្ធផលទេ ពួកគាត់នឹងនាំគ្នាតវ៉ាទៅសាលាខេត្តបាត់ដំបង ក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
