ពលរដ្ឋ​នៅ​ស្វាយរៀង​បារម្ភ​សកម្មភាព​ជនជាតិ​វៀតណាម​ទាក់​សត្វ​នៅ​កម្ពុជា

ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ មាន​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​ទាក់​ចាប់​សត្វ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា។

0:00 / 0:00

ប្រជាពលរដ្ឋ​អះអាង​ថា ជនជាតិ​វៀតណាម ចូល​មក​ទាក់​សត្វ​ដោយ​សេរី​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់​ស្កាត់​​សកម្មភាព​របស់​ពួកគេ​ឡើយ។ ប៉ុន្តែ​អាជ្ញាធរ​នៅ​ក្រុង​បាវិត បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ។

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ ធ្វើ​ដំណើរ​ដោយ​កង់​ម៉ូតូ​ជា​ច្រើន​គ្រឿង​ បាន​ចូល​មក​លុក​លុយ​ទាក់​ចាប់​យក​សត្វ​ទាំង​តូច​ទាំង​ធំ​នៅ​ក្រុង​បាវិត​ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​ការ​ក្រែង​រអា​ពី​អាជ្ញាធរ​របស់​កម្ពុជា​ឡើយ។

ប្រជាពលរដ្ឋ​វ័យ ៥០​ឆ្នាំ​ប្លាយ​ម្នាក់​ រស់​នៅ​ភូមិ​ត្រពាំងផ្លុង សង្កាត់​បាទី នៃ​ក្រុង​បាវិត លោក មាន រិទ្ធី ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥​ មករា​ ថា​ លោក​សោក​ស្ដាយ​នៅ​ពេល​ដែល​ឃើញ​ជនជាតិ​វៀតណាម ទាំង​ក្រុមៗ​ចូល​មក​ទាក់​សត្វ​ក្បែរ​ផ្ទះ​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​ខ្មែរ​នោះ​ទេ។ លោក មាន រិទ្ធី ថ្លែង​បន្ត​ដោយ​ក្ដី​​ព្រួយ​បារម្ភ​ថា​ សត្វ​បក្សី​ទាំង​តូច​ទាំង​ធំ វា​នឹង​បាត់​បង់​ហិនហោច​អស់​​ពី​ទឹក​ដី​របស់​ខ្មែរ បើ​អាជ្ញាធរ​នៅ​តែ​បន្ត​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព​ទាក់​ចាប់​សត្វ ដោយ​សេរី​នៅ​លើ​ទឹក​ដី​ខ្មែរ​ទៀត​នោះ។

លោក មាន រិទ្ធី៖ «...ឧបករណ៍​ហ្នឹង គឺ​គេ​គ្មាន​ប្រដាប់​ឆក់​ប្រដាប់​ស្ទូច​អី​ទេ តែ​គ្រាន់​តែ​ថា សភាព​ដែល​ខ្ញុំ​ឃើញ​ពិត​គេ​ហៅ​ថា​ធ្នាក់ៗ​ហ្នឹង គឺ​មាន​សត្វ​អ្វី​មួយ​ដែល​គេ​ដាក់​នៅ​​​ក្នុង​ទ្រុង​អ៊ីចឹង​ទៅ ហើយ​គេ​បើក​ចំហ​បន្តិច​ទៅ​ ហើយ​គេ​មាន​អង្គប់​សម្រាប់​ចាំ​វៃ​អ៊ីចឹង ហើយ​គេ​មាន​ដោត​បង្ការ​គេ​មាន​ដាក់​ចំណី​អ៊ីចឹង​ទៅ។ ហើយ​មាន​សត្វ​វា​បោល​អី​អ៊ីចឹង​ទៅ​កាល​ណា​ធម្មតា​សត្វ​ដែល​វា​ឃើញ​គ្នា​វា​បោល​អ៊ីចឹង ទៅ​វា​តែង​មក​រក​គ្នា។ តើ​វា​ច្រឡោត​ចុះ​ច្រឡោត​ឡើង​វា​ចោល​អង្គុប​គេ ហើយ​វា​ចូល​អង្គប់​គេ​អ៊ីចឹង​គេ​ដោះ​មួយ​អ៊ីចឹង​ទៅ គេ​ទៅ​ដាក់​ទៀត​ទៅ។ គឺ​គេ​ទាក់​បាន​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាង​ហូរហែ ហើយ​គេ​យក​នៅ​ស្រុក​គេ»

លោក​ មាន​ រិទ្ធី​ បញ្ជាក់​បន្ថែម​ថា សកម្មភាព​ទាក់​ចាប់​សត្វ​របស់​ជនជាតិ​វៀតណាម នៅ​ក្រុង​បាវិត កើត​មាន​ជា​ហូរហែ​ជិត ១០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​សកម្មភាព​ដែល​ពួកគេ​ចូល​មក​ទាក់​ចាប់​សត្វ​ខ្លាំង​ គឺ​នៅ​អំឡុង​ឆ្នាំ​១០១៣​ និង​ឆ្នាំ​២០១៤ នេះ។

តំបន់​ដែល​ជនជាតិ​វៀតណាម ចូល​មក​ទាក់​ចាប់​សត្វ​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​នៅ​ភូមិ​ត្រពាំងផ្លុង​ នៃ​សង្កាត់​បាទី ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ហើយ​សត្វ​ដែល​ជនជាតិ​វៀតណាម​ និយម​ទាក់​ចាប់​យក​ទៅ​លក់​ភាគ​ច្រើន​ជា​បក្សី​ប្រភេទ សត្វ តាវិចទេចៅ ពពេច ចាប​ពូក និង​សត្វ​កាតតទាតា ជា​ដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អភិបាល​ក្រុង​បាវិត លោក ណេប សារ៉ុន មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​មាន​ជនជាតិ​វៀតណាម ឯ​ណា​ចូល​មក​ទាក់​ចាប់​សត្វ​នៅ​តំបន់​ក្រុង​បាវិត​ ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​ថ្លែង​បន្ត​ថា អាជ្ញាធរ​បាន​​យក​ចិត្ត​ទុក​ដាក់​រឹត​បន្តឹង​ មិន​ឲ្យ​មាន​ជនបរទេស​ណា​ចេញ​ចូល​នៅ​តំបន់​ក្រុង​បាវិត ដោយ​គ្មាន​ច្បាប់​ទម្លាប់​នោះ​ទេ។

លោក ណេប សារ៉ុន៖ «មិន​ថា​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​អាជ្ញាធរ​វា​គ្មាន​ទេ​ អា​ហ្នឹង​វា​គ្រាន់​តែ​គាត់​មើល​ឃើញ​តែ​មួយ​ចំណែក​ណា​ទេ។ តែ​សម្រាប់​ក្រុង​បាវិត​ហ្នឹង គឺ​ខ្ញុំ​អះអាង​ថា វា​គ្មាន​តែម្ដង ព្រោះ​យើង​វា​អត់​មាន​ព្រៃ។ វា​មាន​ប្រជាជន​​វៀតណាម ណា​មក​ដាក់​​ យើង​សមត្ថកិច្ច​យើង​ការ​ចេញ​ចូល​ហ្នឹង យើង​មាន​ច្បាប់​ទម្លាប់​របស់​យើង​ត្រឹមត្រូវ»

តែ​យ៉ាង​ណា​ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម ចូល​មក​ទាក់​សត្វ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​​កម្ពុជា ​រួច​យក​ទៅ​លក់​នៅ​ប្រទេស​ខ្លួន​ក្នុង​មួយ​​ក្បាល​តម្លៃ​ប្រមាណ​ ៥​ដុល្លារ​អាមេរិក​ ចំពោះ​ ចាប​ពូក និង​សត្វ​ពពេច។ រី​ឯ​សត្វ​ប្រភេទ​កម្រ​ផ្សេង​ទៀត​ លក់​តម្លៃ​ប្រមាណ​ ៧០​ដុល្លារ​អាមេរិក​ ក្នុង​សត្វ​មួយ​ក្បាល ហើយ​សត្វ​ទាំង​នោះ​ជា​ប្រភេទ​សត្វ​ពេញ​និយម ដែល​​ជន​ជាតិ​វៀតណាម ទិញ​យក​ទៅ​ចិញ្ចឹម​ ​ សម្រាប់​តាំង​លម្អ​តាម​ផ្ទះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕