ប្រជាពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង ព្រួយបារម្ភពីបញ្ហាអស់ទឹកស្អាតប្រើប្រាស់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
អ្នករស់នៅក្នុងក្រុងខេមរភូមិន្ទ មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ត្អូញត្អែរនៅថ្ងៃទី១៥ ខែឧសភា ថា នៅពេលនេះ ការផ្គត់ផ្គង់ទឹកស្អាតពីក្រុមហ៊ុនសម្រាប់ពលរដ្ឋក្នុងការប្រើប្រាស់កាន់តែតិចទៅៗ ហើយផ្ទះខ្លះបើកមិនចេញតែម្ដង៖ «ឥឡូវ ទឹកហ្នឹងវាខ្វះតែម្ដង។ បើនិយាយឱ្យចំទៅអត់ចេញតែម្ដង។ អ្នកណាក៏ដឹងដែរនៅក្នុងខេត្តកោះកុង ហ្នឹងនោះ។ ក្រុមហ៊ុន លី យ៉ុងផាត់ ហ្នឹង រាល់ថ្ងៃអត់មានទឹកឱ្យគេប្រើទេ ប៉ុន្តែច្បាប់ក្រុមហ៊ុន ថ្លៃពិនិត្យកុងទ័រ ៣០បាត ហើយបើសិនយើងអត់ប្រើ ឧទាហរណ៍ខែវស្សាទឹកភ្លៀងសម្បូរ យើងអត់ប្រើទឹកហ្នឹង គេផាកយើង ១៨បាត»។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក នាង ប៉ុរ៉ាទីណូ មានប្រសាសន៍បញ្ជាក់ថា បញ្ហាខ្វះទឹកនេះបានអូសបន្លាយជិតមួយសប្ដាហ៍ហើយ ហើយនៅមិនទាន់បានប្រសើរនៅឡើយទេ។ លោកបញ្ជាក់ថា ទឹកស្អាតបើកចេញខ្លះនៅពេលយប់ ក៏ប៉ុន្តែ នៅពេលថ្ងៃមិនមានទេ លើកលែងតែគ្រួសារណាដែលមានម៉ាស៊ីនបូមទឹកបន្ថែម ទើបអាចទទួលទឹកបាន៖ «ការដាច់ទឹកហ្នឹង បើសិនណានៅតែបន្តទៀត នឹងមានការជ្រួលច្របល់ដែរ។ បើសិនណានៅតែបន្តមួយសប្ដាហ៍ ទៅពីរសប្ដាហ៍អីទៀត អាចជាបញ្ហាដែរ ពីព្រោះថា ឥឡូវនៅមានទឹកអណ្ដូង ទឹកស្រះអីនៅអាចទៅយកបាន។ អ្នកខ្លះប្រើទឹកអណ្ដូង អ្នកខ្លះប្រើទឹកស្រះហើយឥឡូវនេះ»។
លោកឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកោះកុង នេះ គឺគ្រប់គ្រងដោយក្រុមហ៊ុន លី យ៉ុងផាត់ រួមជាមួយក្រុមហ៊ុនថៃ។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទងសុំព័ត៌មានពីក្រុមហ៊ុន លី យ៉ុងផាត់ ជុំវិញបញ្ហានេះដែរ ក៏ប៉ុន្តែអ្នកទទួលទូរស័ព្ទប្រាប់ថា លោកជាបុគ្គលិកធម្មតា មិនអាចផ្ដល់ព័ត៌មានបានទេ ដោយលោកឱ្យទៅសួរផ្នែកបច្ចេកទេសខាងទឹកនៅកាស៊ីណូ អិល.វ៉ាយ.ភី (LYP) របស់លោក លី យ៉ុងផាត់។
អភិបាលខេត្តកោះកុង លោក ប៊ុន លើត មានប្រសាសន៍ថា បញ្ហានេះបណ្ដាលមកពីភាពរាំងស្ងួតអូសបន្លាយយូរនៅតំបន់អាងទឹកនោះ៖ «បាទ! ខ្ញុំឱ្យរដ្ឋាករទឹកហ្នឹង គេទៅសិក្សានៅប្រភពទឹកថ្មី។ អាចរកកន្លែងណាអាចធ្វើបានទៀត។ វារីង អាស្តុកហ្នឹងវារីងតែម្ដង ដោយសារវារាំងជាប់យូរពេក ជួនខ្លះវាភ្លៀង ជួនខ្លះវាអត់អ៊ីចឹង។ វាភ្លៀងតែម្ដុំៗអ៊ីចឹង។ ម្ដុំអាងស្តុកទឹកវាមិនភ្លៀង។ លំបាកដែរហ្នឹង»។
ពលរដ្ឋម្នាក់ទៀត ឈ្មោះ អឿន ធឿន នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលកំពុងនាំគ្នាដឹកទឹកពីស្រះជារណ្ដៅចាស់របស់គ្រាប់បែក បេ-៥២ ថ្លែងថា ប្រភពទឹកលោកយកទៅប្រើប្រាស់នេះ នឹងអាចរីងស្ងួតក្នុងពេលឆាប់ៗ ប្រសិនបើមិនមានភ្លៀងធ្លាក់ឆាប់ទេ៖ «រីងរាំងដល់ហើយឥឡូវនេះ។ រាំងរកទឹកផឹកគ្មានទេ។ នៅសល់តែបន្តិចទេស្រះនេះ ហើយគ្នាមួយគំនរទឹកគំនរដី។ ស្រះនេះស្រះរបស់ខ្ញុំ ហើយបងប្អូននៅក្នុងភូមិអត់មានទឹកហូប ក៏នាំគ្នាមកដងទឹកស្រះហ្នឹងមក។ ទឹកស្រះហ្នឹង គឺទឹកសល់ពីទឹកភ្លៀង»។
ទាំងអាជ្ញាធរ និងពលរដ្ឋ អ្នករស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រួយបារម្ភថា ប្រសិនបើភាពរាំងស្ងួតនៅតែបន្ត ហើយទឹកភ្លៀងមិនមានក្នុងរយៈពេលពីរទៅបីសប្ដាហ៍ទៀត ប្រភពទឹកសាបសម្រាប់យកទៅធ្វើជាទឹកស្អាតប្រើប្រាស់ក្នុងខេត្តនេះ នឹងអស់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
