ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះប្រព័ន្ធសម្ពោធទាបមួយដែលនឹងកើតឡើងហើយអូសបន្លាយកាត់ពីលើអាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ ដែលនឹងជះឥទ្ធិពលមកប្រទេសកម្ពុជា។
សេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន រវាងថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន។
ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹកនិងឧតុនិយម លោក អ៊ុំ ណារី បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតំបន់ដែលធ្លាប់តែរាំងស្ងួតអាចនឹងមានភ្លៀងធ្លាក់ច្រើន រីឯតំបន់ដែលមានភ្លៀងច្រើនរួចស្រាប់ហើយនោះត្រូវមានការប្រុងប្រយ័ត្នចំពោះទឹកជំនន់ទឹកភ្លៀង។
លោក អ៊ុំ ណារី៖ «យើងសង្កត់ធ្ងន់ទៅលើខេត្តដែលប្រឈមនឹងជំនន់ទឹកភ្លៀងជាងគេនោះគឺខេត្តកំពង់ស្ពឺ និងផ្លូវជាតិលេខ៤ ស្ពានសំរោងនៃស្រុកកំពង់សិលា ខេត្តកោះកុង។ អញ្ជើញទៅកំពង់សោម យើងជិះទៅនៅសងខាងម្ខាងថ្នល់គឺភ្នំកន្លែងហ្នឹងទាបជាងគេ ហើយតែភ្លៀងមកពីអាគ្នេយ៍ឬក៏ឦសាន គឺលិចហើយម្ដុំហ្នឹង។ ប៉ុន្មានថ្ងៃនេះកំពង់ស្ពឺ ភ្លៀងច្រើនជាងគេ រាំងយូរជាងគេ ប៉ុន្តែឃើញបានធូរស្រាលច្រើនហើយភ្លៀងសឹងរាល់ថ្ងៃ។ មួយទៀតខ្ញុំចង់ជម្រាបដែរថា ទោះបីថា រាំងមែន អត់មានទឹកមែន ប៉ុន្តែអ្វីដែលយើងផ្ដោត គឺការភ្លៀងធ្លាក់គំហុក គឺថាមួយភ្លែតវាធ្វើឲ្យមានទឹកវាលិចមួយវឹបឡើងថាជំនន់ទឹកភ្លៀងទៅ»។
សេចក្ដីជូនដំណឹងដដែលបានបង្ហាញថា តំបន់ដែលរងឥទ្ធិពលអាចមាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ព្រះវិហារ និងខេត្តឧត្ដរមានជ័យ នឹងមានភ្លៀងធ្លាក់ច្រើន។ ចំណែកឯខេត្តក្រៅពីនេះ អាចមានភ្លៀងធ្លាក់បង្គួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
