អ្នកអភិរក្សផ្នែកបរិស្ថាននៃអង្គការក្រៅរដ្ឋាភិបាលនៅខេត្តរតនគិរី អំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធ អង្គការសង្គមស៊ីវិល មន្ត្រីរាជរដ្ឋាភិបាលមានភារកិច្ចអភិរក្សសត្វព្រៃ យកចិត្តទុកដាក់ការពារសុវត្ថិភាពជីវិតសត្វព្រៃក្នុងតំបន់អភិរក្ស។ សត្វក្នុងព្រៃទាំងនោះ អាចប្រឈមទៅនឹងកង្វះទឹក និងអាហារ គ្រាដែលការប្រែប្រួលអាកាសធាតុធ្វើឲ្យប្រភពទឹកក្នុងព្រៃរីងស្ងួតអស់។
ការអំពាវនាវនេះ ធ្វើឡើងគ្រាដែលមានសេចក្តីរាយការណ៍ថា សត្វពាហនៈក្នុងស្រុក និងសត្វព្រៃមួយចំនួនបានងាប់ ដោយសារខ្វះចំណី និងទឹក នៅអំឡុងចុងរដូវប្រាំងឆ្នាំនេះ។
ទីប្រឹក្សាអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន បញ្ជាក់នៅថ្ងៃទី៣០ ខែមេសា ថា ប្រសិនគ្មានការចាប់អារម្មណ៍ទាក់ទិនទៅនឹងសុវត្ថិភាពជីវិតសត្វក្នុងតំបន់ព្រៃការពារទេនោះ សត្វព្រៃដែលរស់នៅតំបន់ឧទ្យានជាតិវីរៈជ័យ និងតំបន់ដែនជម្រកសត្វព្រៃ និងតំបន់ព្រៃការពារមណ្ឌលគិរី អាចនឹងប្រឈមមុខបញ្ហាដោយគ្រោះរាំងស្ងួតនៅឆ្នាំក្រោយៗទៀត។
លោកកត់សម្គាល់ចុងរដូវប្រាំងឆ្នាំនេះ គ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ជាហេតុធ្វើឲ្យតំបន់ប្រភពទឹកសម្រាប់សត្វផឹក រីងស្ងួតអស់។ ហេតុនេះ ប្រសិនអ្នកអភិរក្សសត្វព្រៃមិនបានត្រួតពិនិត្យប្រភពទឹកសម្រាប់សត្វផឹកបានគ្រប់គ្រាន់ទេ សត្វក្នុងព្រៃជ្រៅៗដែលពឹងអាស្រ័យទឹកបឹង ឬត្រពាំង នឹងត្រូវងាប់ដោយសារគ្មានទឹកផឹក ឬគ្មានស្មៅជាចំណី៖ « ខែប្រាំងវាងាប់ស្មៅអស់ទៅ ទឹកវារីងអស់ទៀត ហើយប្រភពទឹកមួយចំនួននៅសេសសល់ វាហ៊ុមព័ទ្ធដោយដីសម្បទាន និងប្រជាពលរដ្ឋទៅរស់នៅក្បែរប្រភពទឹកអស់ទៅ ធ្វើឲ្យសត្វខ្វះទឹកមិនអាចរស់នៅបាន »។
កាលពីដើមសប្ដាហ៍នេះ នៅឯខេត្តស្ទឹងត្រែង មន្ត្រីអាជ្ញាធររាយការណ៍ថា យ៉ាងហោចណាស់មានសត្វគោក្របីអ្នកភូមិមិនតិចជាង ៣០០ក្បាលបានងាប់ ដោយសារខ្វះចំណី និងទឹកផឹក ខណៈបឹងបួ ឬត្រពាំងនៅតំបន់អ្នកភូមិលែងគោក្របីឲ្យស្វែងរកចំណីក្នុងព្រៃរីងស្ងួតគ្មានទឹក និងគ្មានស្មៅសម្រាប់ចំណីសត្វ។ ដោយឡែកនៅខេត្តបាត់ដំបង ក៏មានសេចក្តីរាយការណ៍ថា សត្វស្វាប្រមាណ ៣០ក្បាលត្រូវគេប្រទះឃើញងាប់ ដោយសារគ្មានទឹកផឹក និងរស់នៅឆ្ងាយពីប្រភពទឹកទន្លេ។
ប្រធានតំបន់ព្រៃការពារមណ្ឌលគិរី លោក កែវ សុភ័ក្រ ទទួលស្គាល់ដែរថា ប្រភេទសត្វស្វាកន្ទុយស ឬស្វាព្រាម ត្រូវបានមន្ត្រីអភិរក្សរកឃើញងាប់នៅតំបន់ឆ្ងាយពីប្រភពទឹកទន្លេ។ បន្ថែមលើនេះទៀត ទឹកក្នុងត្រពាំងបឹងបួនៅក្នុងព្រៃដែនជម្រកសត្វ ៩៥ភាគរយរីងស្ងួតគ្មានទឹកសម្រាប់សត្វផឹក។ លោកបារម្ភថា ជីវិតសត្វក្នុងព្រៃប្រឈមទៅនឹងព្រានព្រៃបាញ់សម្លាប់ ដោយសារសត្វព្រៃប្រមូលផ្តុំគ្នានៅតំបន់មានប្រភពទឹក៖ « សត្វពិបាករកកន្លែងទឹកក៏ឃើញងាប់ខ្លះដែរនៅតាមត្រពាំង តែប្រភេទសត្វប្រភេទតូចៗ។ ការប្រឈមរបស់វាមានច្រើន ទី១ ខ្វះទឹក។ ទីពីរ ព្រាន។ អ៊ីចឹងក្រុមការងារខ្ញុំធ្វើការល្បាតច្រើនថ្ងៃដែរ សំខាន់ផ្ដោតនៅកន្លែងមានទឹក »។
ស្រដៀងគ្នានេះដែរ នាយកឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី លោក ព្រិន សំបូរ ទទួលស្គាល់ដែរថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុធ្វើឲ្យបឹងបួ ឬត្រពាំងក្នុងព្រៃរីងស្ងួត ក៏ប៉ុន្តែនៅតំបន់ឧទ្យានជាតិនៅមានប្រភពទឹកអូរធម្មជាតិច្រើនដែលនៅសល់ទឹកសម្រាប់សត្វព្រៃផឹកបាន។ លោកថា រហូតថ្ងៃនេះ ទឹកភ្លៀងបានធ្លាក់ខ្លះៗវិញហើយ។ ហេតុនេះ សត្វក្នុងឧទ្យានជាតិវីរៈជ័យ អាចចៀសផុតពីកង្វះទឹកផឹក ឬគ្មានស្មៅជាអាហារ៖ « អូរក៏រីងខ្លះហើយ តំបន់ខ្លះក៏នៅមានទឹកដែរ មិនរីងអស់ទេ ហើយសត្វក៏វាស្វែងរកប្រភពទឹកដែរ។ សម្រាប់ឆ្នាំក្រោយ បើមានគ្រោះរាំងស្ងួតទៀត នៅតំបន់យើងក៏នៅមិនទាន់ហួតអស់ដែរ ព្រោះប្រភពទឹកសំខាន់ៗនៅក្នុងតំបន់មានអូរ »។
សេចក្តីរាយការណ៍របស់មន្ត្រីអភិរក្សតំបន់ការពារមណ្ឌលគិរី ឲ្យដឹងថា បច្ចុប្បន្នមន្ត្រីអភិរក្សបានជីកស្រះចំនួនប្រាំនៅក្នុងព្រៃសម្រាប់ស្តុកទឹកឲ្យសត្វព្រៃផឹក ប៉ុន្តែបច្ចុប្បន្ន ទឹកស្រះបានរីងអស់ទៀត។ តាមការគ្រោងទុក គម្រោងស្ដារស្រះ ឬត្រពាំងធ្វើនៅតំបន់ក្បែរស្នាក់ការមន្ត្រីអភិរក្សសត្វព្រៃ ប្រយោជន៍រក្សាទឹកឲ្យសត្វព្រៃផឹក និងជាពិសេសការជីកស្រះនៅក្បែរស្នាក់ការមន្ត្រីអភិរក្ស អាចការពារជីវិតសត្វព្រៃបានងាយស្រួលពីព្រានព្រៃលួចប្រមាញ់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអភិរក្សសត្វព្រៃ អំពាវនាវសុំឲ្យប្រជាពលរដ្ឋដែលចូលព្រៃរកអនុផលព្រៃឈើ ចៀសវាងកុំរំខានតំបន់ប្រភពទឹកដែលនៅសេសសល់ក្នុងព្រៃ ទុកលទ្ធភាពឲ្យសត្វព្រៃចិញ្ចឹមជីវិតគ្រាមានគ្រោះរាំងស្ងួតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
