អភូតហេតុដ៏ចម្លែកកម្រជួបប្រទះមួយកំពុងកើតមាននៅតាមបណ្ដាស្រុកមួយចំនួនរបស់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលជាខេត្តស្ថិតនៅប៉ែកឧត្តររបស់ប្រទេសកម្ពុជា។
អភូតហេតុធម្មជាតិនោះ គឺមានសត្វដង្កូវរាប់ម៉ឺនក្បាលបានកើតឡើងនៅពាសពេញដី ហើយបានស៊ីបំផ្លាញស្រូវ ព្រមទាំងដំណាំចម្ការរបស់ប្រជាពលរដ្ឋអស់ជាច្រើនរយហិកតារ។
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្ដាស្រុកខ្លះ របស់ខេត្តព្រះវិហារ និងខេត្តសៀមរាប កំពុងទទួលរងការប៉ះពាល់ដោយខូចខាតផលដំណាំជាច្រើនហិកតារ នៅក្នុងរដូវវស្សានៃដើមឆ្នាំ២០១៦។
ការខូចខាតផលដំណាំដែលទើបតែចាប់ផ្ដើមក្នុងរដូវដាំដុះនេះ បណ្ដាលមកពីអភូតហេតុធម្មជាតិដែលកើតមានសត្វដង្កូវរាប់ម៉ឺនក្បាល ហើយចាប់ផ្ដើមស៊ីបំផ្លាញស្រូវ និងផលដំណាំដទៃទៀតអស់ជាច្រើនហិកតារក្នុង ១យប់ៗ។
កសិករម្នាក់នៅឃុំគូលែនខាងជើង នៃស្រុកគូលែន ក្នុងចំណោមកសិករជាច្រើនទៀត គឺលោក ងួន គុណ។ លោកអះអាងថា បច្ចុប្បន្ន នៅភូមិរបស់គាត់និងភូមិជាប់គ្នា គឺកំពុងកើតមានហ្វូងដង្កូវរាប់ម៉ឺនក្បាល។ សត្វដង្កូវនេះ ក្រៅតែពីស៊ីបំផ្លាញស្លឹកឈើព្រៃ វាក៏ស៊ីបំផ្លាញដំណាំកសិករអស់ជាច្រើនហិកតារក្នុង ១ថ្ងៃៗ។
បុរសដដែលបញ្ជាក់ថា គាត់បានដាំឪឡឹកជាច្រើនហិកតារ ក៏ប៉ុន្តែតាំងពីមានវត្តមានហ្វូងដង្កូវគឺវានាំគ្នាស៊ីក្ដឹបឪឡឹកអស់គ្មានសល់ បើទោះបីជាប្រើថ្នាំពុលបាញ់ក៏ស្លាប់តែមួយចំនួន ឯមួយចំនួនទៀតក៏កើតឡើងជាថ្មី៖ «ដង្កូវហ្នឹងវាពណ៌ខ្មៅផង ពណ៌ខៀវកាត់ៗផង តូចៗប្រហែលជាប៉ុនជើងធូបខ្លះ ធំជាងបន្តបន្ទាប់រហូតដល់ប៉ុនកូនដៃ។ អាកូនកើតឡើងធំក្លាយទៅជាមេវាងាប់ទៅអាកូនកើតឡើងថ្មីទៀត»។
នៅស្រុកគូលែន ភាគខាងត្បូងទីរួមខេត្តព្រះវិហារ គឺសត្វដង្កូវប្រភេទនេះ កំពុងលុកលុយ និងបំផ្លាញផលដំណាំអស់ជាច្រើនហិកតារ។
ទោះជាយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងស្រុកគូលែន ទទួលបន្ទុកកសិកម្ម និងព្រៃឈើ លោក ប៉ែន ជឹង ដើម្បីសុំការបញ្ជាក់អំពីតួលេខនៃការខូចខាតផលដំណាំនៅស្រុកនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៦ ខែមិថុនា។ ចំណែកនៅក្រុងព្រះវិហារ ហ្វូងសត្វដង្កូវប្រភេទដូចគ្នានេះ ក៏កំពុងរាតត្បាតដំណាំនៅតាមចម្ការដែរ។

កសិករនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ លោក សឿន លុច មានប្រសាសន៍ថា រូបលោកក៏ដូចជាកសិករជាច្រើនគ្រួសារបានខូចខាតផលដំណាំអស់ជាច្រើនហិកតារ ដោយមិនមានមធ្យោបាយណាការពារបានឡើយ។
បុរសដដែលបញ្ជាក់ថា លោកបានដាំសណ្ដែកបាយលើផ្ទៃដីទំហំប្រហែលជា ៦ហិកតារ ក៏ប៉ុន្តែហ្វូងសត្វដង្កូវបានចោមរោមស៊ីអស់៖ «វាចំនួនរាប់ម៉ឺនរាប់សែនដង្កូវ ថាច្រើនហួសពីការស្មាន។ វាស៊ី ១យប់ៗ អស់ប្រហែលជា ២-៣ហិកតារ»។
មន្ត្រីមន្ទីរកសិកម្ម-រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ឱ្យដឹងថា ហ្វូងដង្កូវកំពុងកើតមានជាច្រើនស្រុកនៅតាមតំបន់ខ្លះរបស់ខេត្តព្រះវិហារ។ ស្រុកទាំងនោះមានស្រុកគូលែន ស្រុកសង្គមថ្មី ស្រុករវៀង ស្រុកឆែប រួមទាំងភាគខ្លះនៃក្រុងព្រះវិហារ។
ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ លោក ពឹង ទ្រីដា មានប្រសាសន៍ថា តាមការយល់ដឹងរបស់លោក គឺហ្វូងដង្កូវទាំងនោះបានកើតមានដោយសារតែអាកាសធាតុប្រែប្រួល។ កាលពីរដូវប្រាំងកន្លងទៅ ដោយសារតែអាកាសធាតុឡើងកម្ដៅខ្លាំង វាជាអំណោយផលឱ្យសត្វមេអំបៅព្រៃម្យ៉ាងអាចពងនៅក្រោមដី ហើយញាស់ចេញជាដង្កូវបានល្អជាងពេលដែលមានអាកាសធាតុត្រជាក់។
លោក ពឹង ទ្រីដា បញ្ជាក់ថា លោកបានចាត់មន្ត្រីជំនាញផ្នែកកសិកម្ម ឱ្យចុះទៅផ្សព្វផ្សាយ និងអប់រំប្រជាកសិករ អំពីវិធីទប់ទល់នឹងសត្វដង្កូវទាំងនោះ តាមវិធីធម្មជាតិដោយមិនបាច់ប្រើថ្នាំគីមីពុលជាច្រើនសប្ដាហ៍មកហើយ។ លោកថា សត្វដង្កូវទាំងនោះនឹងបាត់ទៅវិញនៅពេលណាដែលមានភ្លៀងធ្លាក់ខ្លាំងជោកជាំដីសព្វទីកន្លែង៖ «យើងអប់រំប្រជាជនឱ្យជីកចង្អូរ ប្រហែលជម្រៅ ១តឹកកន្លះ ហើយវាវារមក វាធ្លាក់ចូលរណ្ដៅហ្នឹងគឺវារឡើងមិនរួចទេ រួចហើយយើងអាចប្រមូលវាយកទៅកម្ទេចចោលបាន»។
មន្ត្រីមន្ទីរកសិកម្ម ខេត្តព្រះវិហារ ឱ្យដឹងថា ក្នុងចំណោមស្រុកចំនួន៥ របស់ខេត្តព្រះវិហារ ដែលកើតមានហ្វូងដង្កូវនោះ គឺស្រុកសង្គមថ្មី បានទទួលរងការខូចខាតផលដំណាំធ្ងន់ធ្ងរជាងគេ ដោយដំណាំល្ពៅរបស់ប្រជាពលរដ្ឋប្រហែល ១០០ហិកតារ កំពុងតែផ្លែទៅហើយ ត្រូវដង្កូវស៊ី ហើយរុយពងដាក់បណ្ដាលឱ្យកើតជាដង្កូវមួយប្រភេទផ្សេងទៀតចូលទៅស៊ីខាងក្នុងរលួយខូចអស់។
នៅខេត្តព្រះវិហារ មានដំណាំដំឡូងមី សណ្ដែកបាយ និងស្រូវជាច្រើនហិកតារ បានខូចខាតដោយសារតែហ្វូងដង្កូវនេះ។
ចំណែកនៅឯភូមិស្លែង ឃុំស្រណាល នៃស្រុកក្រឡាញ់ ចម្ងាយជាង ៥០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប អាជ្ញាធរបានរាយការណ៍ថា ដង្កូវហ្វូងបានកើតឡើងរាប់ម៉ឺនក្បាល ហើយបានស៊ីបំផ្លាញស្រូវពង្រោះអស់ប្រហែល ២០០ហិកតារ ក្នុងរយៈពេល ៣-៤ថ្ងៃមកនេះ៕
វីដេអូ៖ ហ្វូងដង្កូវបំផ្លាញដំណាំនៅខេត្តសៀមរាបនិងឧត្តរមានជ័យ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
