យុវជនប្រមាណ ២០នាក់នៅក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ មីនា ធ្វើយុទ្ធនាការតវ៉ាប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ប្រទេសឡាវ បន្ទាប់ពីពួកគេចុះស្រាវជ្រាវពីផលប៉ះពាល់ពីទំនប់វារីអគ្គិសនីដនសាហុង។ យុទ្ធនាការនោះ ពួកគាត់ផ្ដោតសំខាន់បំផុសស្មារតីពលរដ្ឋ ឲ្យយល់ដឹងពីផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលកំពុងសាងសង់។
ក្រុមយុវជនធ្វើការទាក់ទងការការពារបរិស្ថាន បានដើរដង្ហែក្បួននៅខាងមុខផ្សារខេត្តស្ទឹងត្រែង អមដោយបដាចងក្រណាត់អក្សរលើក្បាល កាន់ឧបករណ៍បំពងសំឡេង ស្រែកប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។
ក្នុងយុទ្ធនាការនោះ ពួកគេចាត់ទុកសារប្រយោជន៍នៃការផ្សព្វផ្សាយឲ្យពលរដ្ឋទូទៅ យល់ដឹងពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីដនសាហុង បង្កហានិភ័យធ្ងន់ធ្ងរចំពោះប្រព័ន្ធជីវចម្រុះក្នុងទន្លេមេគង្គ រួមនឹងប៉ះពាល់កម្រិតលំហូរទឹកទន្លេមេគង្គ ព្រមទាំងបំផ្លាញប្រព័ន្ធផ្លាស់ទីរបស់ត្រីនៅតំបន់ទន្លេមេគង្គទាំងមូល។
សមាជិកក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក ជុំ ហួត ឲ្យដឹងថា ក្នុងដំណើរបេសកកម្មរបស់យុវជន គឺផ្ដោតសំខាន់ឲ្យភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ចូលរួមប្រឆាំងទំនប់វារីអគ្គិសនីដនសាហុង។ លោកកត់សម្គាល់ថា ក្រុមយុវជនបានចុះស្រាវជ្រាវនៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ និងតំបន់ជម្រកត្រីផ្សោត ឬអន្លង់ផ្សោត ដែលទាក់ទាញភ្ញៀវទេសចរ កំពុងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ដោយសារចំនួនត្រីផ្សោតថយចុះ៖ « បើទំនប់សាងសង់ តើគេបិទទឹក យើងបានអីប្រើប្រាស់ ? ចុះបើអត់មានទឹក តើពលរដ្ឋគិតម៉េច ? បញ្ហាហ្នឹងបានពួកខ្ញុំខំតស៊ូមតិ »។
ប្រធានក្រុមយុវជនការពារសង្គម និងបរិស្ថាន លោក សែ សាមឌី ខ្វាយខ្វល់យ៉ាងខ្លាំងពីការបាត់បង់ធនធានធម្មជាតិតាមដងទន្លេមេគង្គជាប្រព័ន្ធ ក្រោមរូបភាពអភិវឌ្ឍទំនប់វារីអគ្គិសនី បង្កការរំខានជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ លោកចង់ឲ្យពលរដ្ឋទូទៅ សាមគ្គីគ្នាស្វែងរកមធ្យោបាយដាក់សម្ពាធឲ្យភាគីឡាវ គោរពស្មារតីនៃកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥។ លោកអះអាងថា អាជ្ញាធរឃុំព្រះរំកិល និងនគរបាល មានចេតនារារាំងពលរដ្ឋមិនឲ្យចូលរួមជាមួយក្រុមយុវជន ខណៈពួកគេបានចុះស្រាវជ្រាវនៅមូលដ្ឋានពីផលប៉ះពាល់ផ្សេងៗនៅតំបន់នោះ កាលពីថ្ងៃទី៦ មីនា។ លោកកត់សម្គាល់ថា ប្រទេសឡាវ កំពុងសាងសង់ទំនប់យ៉ាងប្រញាប់ទាំងយប់ថ្ងៃ ដោយបន្ទុះគ្រាប់បែកកម្ទេចថ្ម ធ្វើឲ្យប្រែប្រួលស្ថានភាពទឹក និងយាយីដល់ដំណើរការវិវឌ្ឍន៍ត្រីពងកូន និងការចរាចររបស់ត្រី៖ « បើទំនប់វារីអគ្គិសនីដនសាហុង ត្រូវបានសាងសង់ នឹងប៉ះពាល់ដល់ប្រជាជនជាង ៦លាននាក់ »។
ទំនប់វារីអគ្គិសនីដនសាហុង សាងសង់សម្រេចបានជាង ៣០ភាគរយ មានកម្ពស់ពី ៣០ម៉ែត្រទៅ ៣២ម៉ែត្រ និងមានប្រវែងប្រហែល ៧គីឡូម៉ែត្រ។ ទំនប់នោះមានចម្ងាយប្រមាណ ១.៥០០ម៉ែត្រពីព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ លទ្ធភាពផលិតថាមពលអគ្គិសនី គឺមានចាប់ពី ២៤០មេហ្គាវ៉ាត់ទៅ ៣៦០មេហ្គាវ៉ាត់។
ទីប្រឹក្សានៃអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន មើលឃើញថា ចលនាក្រុមយុវជនចុះស្រាវជ្រាវ និងធ្វើយុទ្ធនាការ គឺជាសញ្ញាជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងការចរចាជាមួយភាគីឡាវ និងប្រទេសជិតខាងបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយរួម ទាក់ទងទំនប់វារីអគ្គិសនីដនសាហុង ដោយការសម្របសម្រួលតាមរយៈគណៈកម្មការទន្លេមេគង្គ អិម.អ.ស៊ី (MRC)។ លោកយល់ថា ការតវ៉ារបស់ក្រុមយុវជនប្រធានបទសំខាន់ដែលរដ្ឋាភិបាល ឬគណៈកម្មការទន្លេមេគង្គកម្ពុជា គួរយកចិត្តទុកដាក់រកវិធានការចរចាជាមួយភាគីឡាវ គោរពស្មារតីកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥៖ « អាចជំរុញឲ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់គ្នា លើកយកបញ្ហាហ្នឹងដាក់លើតុចរចារវាងប្រទេសជាប់ព្រំប្រទល់គ្នា។ ចឹងត្រូវយកយកចំណុចហ្នឹងទៅនិយាយ »។
របាយការណ៍របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) រកឃើញថា បើទំនប់ដនសាហុង សាងសង់ចប់ជាស្ថាពរ នឹងបាត់បង់ប្រាក់ចំណូលពលរដ្ឋក្នុងមួយឆ្នាំប្រមាណ ១.៤០០លានដុល្លាររហូតដល់ ៣.៩០០លានដុល្លារសហរដ្ឋអាមេរិក។
អគ្គលេខាធិការគណៈកម្មការទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ ធ្លាប់មានប្រសាសន៍ថា ការទប់ស្កាត់ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងនេះ គឺជាការលំបាក ពីព្រោះការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ឋិតក្នុងអធិបតេយ្យភាពទឹកដីនៃប្រទេសឡាវ។ លោកថា កិច្ចព្រមព្រៀងឆ្នាំ១៩៩៥ កំណត់ឲ្យបញ្ឈប់ និងសងសំណង ប្រសិនរកឃើញមានផលប៉ះពាល់ឆ្លងដែនជាក់លាក់។
ទោះបីជាយ៉ាងណា ក្រុមយុវជនការពារសង្គម និងបរិស្ថាន អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលជាសមាជិកគណៈកម្មការទន្លេមេគង្គ ផ្ដោតការយកចិត្តទុកដាក់រកមធ្យោបាយស្រាវជ្រាវផលប៉ះពាល់ជាក់ស្តែង ធ្វើជារបាយការណ៍ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដើម្បីធ្វើជាភស្តុតាងឲ្យភាគីឡាវ សងសំណងផលប៉ះពាល់តាមកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥ ឬបញ្ឈប់សាងសង់ទំនប់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
