រដ្ឋាភិបាលសហរដ្ឋអាមេរិក មើលឃើញថា ការប្រឈមមុខនឹងបញ្ហាបរិស្ថាន ហើយបង្កើតឱ្យមានការប្រែប្រួលអាកាសធាតុ មិនមែនកំពុងគំរាមកំហែងតែនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ប៉ុណ្ណោះទេ គឺវាកំពុងគំរាមកំហែងជាសកលនៅទូទាំងពិភពលោក។
ដោយសារការព្រួយបារម្ភចំពោះបញ្ហាបរិស្ថាននេះ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានផ្ដើមគំនិតឡើង ដើម្បីឱ្យអ្នកដឹកនាំយុវជននៅបណ្ដាប្រទេសអាស៊ានដែលហៅកាត់ថា វ៉ាយ.ស៊ីលលី (YSEALI) បានជួបប្រជុំគ្នាបង្កើនជំនាញជាអ្នកដឹកនាំ ហើយសហការដោះស្រាយបញ្ហាប្រឈមមុខផ្នែកបរិស្ថាននេះជាមួយគ្នា។
ក្រុមយុវជនខ្មែរនៅខេត្តសៀមរាប និងយុវជនមកពីបណ្ដាប្រទេសអាស៊ាន ទាំង ១០ ព្រមទាំងយុវជនសហរដ្ឋអាមេរិក ចំនួនជិត ១០០នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ កំពុងចូលរួមសិក្ខាសាលាមួយក្នុងបំណងបង្កើនជំនាញជាអ្នកដឹកនាំ ព្រមទាំងភ្ជាប់ការទាក់ទងធ្វើការរួមគ្នាឈានទៅរកការដោះស្រាយបញ្ហាប្រឈមមុខផ្នែកបរិស្ថាន។
សិក្ខាសាលារយៈពេល ៤ថ្ងៃ សម្រាប់ក្រុមយុវជនបណ្ដាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក ជួបប្រជុំគ្នាចាប់តាំងពីព្រឹកថ្ងៃពុធ ទី២២ ខែមេសា នេះ ត្រូវបានគេចាត់ទុកថា វាមានសារសំខាន់បំផុតក្នុងកិច្ចការពារបរិស្ថានក្នុងតំបន់ និងជាសកលលោក។
សកលវិទ្យាធិការនៃសកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាប ដែលដឹកនាំយុវជនខ្មែរចូលរួមសិក្ខាសាលានោះ គឺលោក ផាន់ គារ៉ា។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី២២ ខែមេសា បន្ទាប់ពីការបើកឱ្យដំណើរការសិក្ខាសាលានោះថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ កំពុងតែប្រឈមមុខនឹងបញ្ហាបរិស្ថានដូចគ្នា។
លោក ផាន់ គារ៉ា បញ្ជាក់ថា ក្រុមយុវជនជិត ១០០នាក់ មកពីបណ្ដាប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក ដែលកំពុងមកធ្វើសិក្ខាសាលាពេលនេះ មិនត្រឹមតែជជែកគ្នាដើម្បីរកដំណោះស្រាយជុំវិញបញ្ហាបរិស្ថានប៉ុណ្ណោះទេ គឺពួកគេគ្រោងនឹងទៅដាំដើមឈើជាមួយសហគមន៍នៅតំបន់កំពង់ភ្លុក នាបឹងទន្លេសាប នៃស្រុកប្រាសាទបាគង និងនៅឃុំត្បែង នៃស្រុកបន្ទាយស្រី ដើម្បីជួយដល់បរិស្ថានបៃតងទៀតផង។
លោក ផាន់ គារ៉ា បង្ហាញការព្រួយបារម្ភចំពោះបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមប្រទេសក្នុងតំបន់៖ «យើងទាំងអស់គ្នាមិនអាចរង់ចាំតទៅទៀតបាន ដែលយើងត្រូវតែធ្វើការរួមគ្នា ដោយដឹងឭ និងទទួលខុសត្រូវចំពោះបញ្ហាបរិស្ថាននេះ»។
សហរដ្ឋអាមេរិក ក៏សំដែងការព្រួយបារម្ភចំពោះបញ្ហាគំរាមកំហែងមកលើបរិស្ថាននៃតំបន់បណ្ដាប្រទេសអាស៊ាន និងពិភពលោកដែរ។ ដោយសារការព្រួយបារម្ភនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ថវិកាប្រមាណ ២៥ម៉ឺនដុល្លារ តាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជា មកឱ្យអង្គការក្រៅរដ្ឋាភិបាលឈ្មោះ ខាល់ឈើរ៉ល វីស្តាស៍ (Cultural Vistas) ដោយសហការជាមួយសកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខេត្តសៀមរាប ដើម្បីរៀបចំឱ្យក្រុមយុវជននៃបណ្ដាប្រទេសអាស៊ាន បានជួបពិភាក្សា និងរកដំណោះស្រាយ រួមគ្នាសម្រាប់អនាគត។
មន្ត្រីទំនាក់ទំនងសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាម៉ែន (Jay Raman) មានប្រសាសន៍ថា នេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី អូបាម៉ា ដែលចង់ឱ្យយុវជនសហរដ្ឋអាមេរិក បានភ្ជាប់ការទាក់ទងជាមួយយុវជននៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ បញ្ហាជាច្រើនដែលសហរដ្ឋអាមេរិក ចង់ឱ្យយុវជនបណ្ដាប្រទេសអាស៊ាន ចេះធ្វើការតស៊ូមតិ និងដោះស្រាយជារួមគ្នា ដូចជាបញ្ហាបរិស្ថាន ភាពជាសហគ្រិន និងប្រឆាំងការជួញដូរមនុស្សជាដើម។
លោក ជេ រ៉ាម៉ែន បានជំរុញឱ្យយុវជនខ្មែរត្រូវតែចូលរួមដោះស្រាយបញ្ហាជាច្រើន ដែលប្រទេសកម្ពុជា កំពុងតែប្រឈមមុខក្នុងពេលបច្ចុប្បន្ន៖ «តាមរយៈឯកសារនិងព័ត៌មានដែលខ្ញុំបានអានឃើញថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា បច្ចុប្បន្ន គឺងាយរងគ្រោះបំផុត បណ្ដាលមកពីការប្រែប្រួលបរិស្ថានជាងតំបន់ណាៗទាំងអស់នៅក្នុងពិភពលោក។ ការប្រែប្រួលអាកាសធាតុ និងបរិស្ថានខុសធម្មតា គឺអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ប៉ះពាល់ដល់ការអភិវឌ្ឍ ប៉ះពាល់ដល់យុវជន និងការអប់រំជាដើម»។
ទោះយ៉ាងណា សហរដ្ឋអាមេរិកយល់ថា បើនិយាយអំពីបញ្ហាគំរាមកំហែងទៅលើបរិស្ថានវិញ វាមិនមែនតែនៅកម្ពុជា មួយទេ ពីព្រោះវាមានបញ្ហាបរិស្ថានឆ្លងដែន និងបរិស្ថានរួមគ្នាតាមរយៈខ្សែទឹកទន្លេតែមួយ ដែលជាផ្នែកប៉ះពាល់សកល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
