ក្រុមយុវជនប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី២៦ វិច្ឆិកា នាំគ្នាជិះកង់សាមគ្គីជុំវិញក្រុងបាត់ដំបង ដើម្បីជំរុញឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍អំពីតម្លាភាពព័ត៌មាន ពីការគ្រប់គ្រងធនធានរ៉ែ និងថាមពលរបស់រដ្ឋាភិបាល។ ក្រុមយុវជនទាំងនោះ ស្នើឲ្យរដ្ឋាភិបាលបើកចំហព័ត៌មានអំពីវិស័យឧស្សាហកម្មនិស្សារណកម្មដល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់។
ក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ជិះកង់ដង្ហែតាមដងផ្លូវក្នុងសម្លៀកបំពាក់អាវយឺតដៃខ្លីពណ៌ត្រួយចេក ដោយមានសរេសរខាងក្រោយខ្នងថា រួមគ្នាបើកចំហព័ត៌មានក្នុងវិស័យរ៉ែ ប្រេងកាត និងឧស្ម័ននៅកម្ពុជា។
តំណាងយុវជនស្ម័គ្រចិត្តម្នាក់ កញ្ញា ជូ ចិត្រា ថ្លែងថា ពួកគេជិះកង់នេះក្នុងគោលបំណងដើម្បីលើកកម្ពស់ឲ្យយុវជន និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង យល់ដឹងអំពីការរីកចម្រើនវិស័យរ៉ែ និងថាមពលនៅកម្ពុជា និងជំរុញឲ្យយុវជនចូលរួម ដើម្បីឲ្យមានតម្លាភាពចំណូល និងចំណាយពីវិស័យនេះ។ កញ្ញាបន្តថា នេះជាលើកទីមួយហើយដែលពួកគេជិះកង់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍អំពីតម្លាភាពព័ត៌មានពីការគ្រប់គ្រងធនធានរ៉ែ និងថាមពលរបស់រដ្ឋនោះ៖ «ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមសកម្មភាពសង្គមឲ្យបានច្រើន ព្រោះប្រជាពលរដ្ឋ និងយុវជនមានតួនាទីសំខាន់ ដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន បើសិនជាប្រជាពលរដ្ឋអត់យល់ដឹងពីបញ្ហានេះទេ នោះប្រទេសរបស់យើងនឹងមិនរីកចម្រើនទៅមុខទេ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៦ វិច្ឆិកា។
កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ មានប្រសាសន៍នៅក្នុងសិក្ខាសាលាមួយនៅសណ្ឋាគារខេមរាបាត់ដំបង ថា ប្រជាពលរដ្ឋត្រូវចូលរួមចំណែករក្សាការពារធនធានរ៉ែ ថាមពល និងចែករំលែកព័ត៌មានទៅវិញទៅមកទាំងអស់គ្នា។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មានភាពមិនប្រក្រតីពីការរុករករ៉ែ និងថាមពលដោយខុសច្បាប់ ទៅដល់មន្ត្រីរ៉ែ និងថាមពល តាមរយៈលេខទូរស័ព្ទបន្ទាន់ ឬហៅថា ហ៊តឡាញ (Hotline) លេខ ២៧២៧៖ «បាទ! ការបង្ក្រាបបទល្មើស គឺត្រូវចំណាយពេល និងថវិកាច្រើន ទើបអាចធ្វើទៅបានឆាប់រហ័ស។ ដូច្នេះ បើយើងចេញទៅបង្ក្រាបដោយមិនច្បាស់ គឺជាការចំណាយឥតប្រយោជន៍ ហើយគ្មានប្រសិទ្ធភាពទេ»។
កម្មវិធីជិះកង់សាមគ្គីរបស់ក្រុមយុវជននេះ ពុំមានការរារាំង ឬបង្អាក់ដំណើរពីសំណាក់សមត្ថកិច្ចនោះទេ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី គាំទ្រកម្មវិធីជិះកង់ផ្សព្វផ្សាយអំពីតម្លាភាពទទួលបានព័ត៌មានពីការគ្រប់គ្រងធនធានរ៉ែ និងថាមពល។ លោកថា នេះជាសកម្មភាពមួយល្អនៅក្នុងសង្គមជាតិ ហើយសកម្មភាពនេះធ្វើឲ្យយុវជនចាកផុតពីការប្រើប្រាស់គ្រឿងញៀនដែលខូចអនាគត៖ «បាទ! នេះជាការ ព្រោះទ្រព្យសម្បត្តិទាំងនោះជារបស់ពួកគាត់ដែរ។ ដូច្នេះយុវជនត្រូវតែនាំគ្នាការពារធនធានធម្មជាតិនោះឲ្យបានគង់វង្ស ជៀសវាងកុំឲ្យបុគ្គលណាមួយយកទ្រព្យសម្បត្តិនោះធ្វើជាប្រយោជន៍តែក្រុមរបស់ខ្លួន»។
យ៉ាងណា ការរុករករ៉ែ និងប្រេងកាត ស្ថិតនៅក្នុងការសិក្សានៅឡើយ គឺរដ្ឋាភិបាលកម្ពុជា ពុំទាន់ទទួលបានប្រាក់ចំណូលលើធនធានផ្នែកនេះនៅឡើយទេ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវពីការរុករកធនធានរ៉ែនេះ ខាងរដ្ឋាភិបាលមិនទាន់បង្ហាញឯកសារឲ្យបានទូលំទូលាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
