ក្រុម​យុវជន​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់​និង​តម្លាភាព​ប្រាក់​ចំណូល

0:00 / 0:00

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) រៀបចំ​វេទិកា​យុវជន ស្ដីពី​ពរ​ជ័យ​កំណប់​ធនធាន នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេសា នា​វិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ទទួល​ចំណេះ​ដឹង​ពី​ការ​វិវឌ្ឍន៍​នៃ​វិស័យ​ប្រេង​កាត ឧស្ម័ន និង​រ៉ែ​នៅ​កម្ពុជា។ ក្រុម​យុវជន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ផ្សេងៗ​គ្នា ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ និង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល។

ក្រុម​យុវជន​ជាង ១០០​នាក់​ដែល​រួម​មាន​ព្រះសង្ឃ​ខ្លះ​ផង ចូលរួម​វេទិកា “ពរ​ជ័យ​កំណប់​ធនធាន” ដើម្បី​ស្វែង​យល់​អំពី​យន្តការ និង​យុទ្ធសាស្ត្រ​នានា​ក្នុង​ការ​គ្រប់គ្រង​ចំណូល​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

ពួក​គេ​យល់​ឃើញ​ស្រដៀង​គ្នា​ថា វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម នឹង​ផ្តល់​ប្រយោជន៍​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ បើ​សិន​ជា​រដ្ឋាភិបាល​អាច​គ្រប់គ្រង​វិស័យ​នេះ​បាន​ដោយ​ត្រឹមត្រូវ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​លើក​ឡើង​ពី​ការ​បាត់​ទំនុក​ចិត្ត​មួយ​ចំនួន​ដែរ ទាក់ទង​នឹង​ការ​បិទ​បាំង​ព័ត៌មាន និង​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ មិន​ឲ្យ​ពួក​គេ​ចុះ​ទៅ​សិក្សា​ផ្ទាល់​ដល់​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ។

យុវជន​ម្នាក់ គឺ​លោក តាក បូរាជ ដែល​ធ្លាប់​បាន​ចុះ​ទៅ​ដល់​តំបន់​ជីក​រក​រ៉ែ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់ បាន​លើក​ឡើង​ថា លោក​ពិបាក​នឹង​ទទួល​យក​ការ​បកស្រាយ​បែប​វិជ្ជមាន​របស់​មន្ត្រី​រដ្ឋាភិបាល ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​នៅ​តាម​បណ្ដា​ខេត្ត ដោយ​ហេតុ​ថា ការ​ធ្វើ​អាជីវកម្ម​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «គាត់​លើក​ឡើង​អំពី​បញ្ហា​ដែល​មាន​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទៅ​មើល​ឃើញ​ផ្ទាល់ វា​ពិបាក​ក្នុង​ការ​ទទួល​យក ព្រោះ​ដូច​យើង​បាន​ឃើញ​សព្វថ្ងៃ​ចឹង កន្លែង​ខ្លះ​អត់​មាន​អាជ្ញាប័ណ្ណ​ទេ ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ផ្សេង​ទៅ​ជីក​កន្លែង​ដែល​អត់​មាន​អាជ្ញាប័ណ្ណ។ ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​តវ៉ា គេ​ចោទ​ថា​ប្រជាពលរដ្ឋ​បំផ្លាញ​សណ្ដាប់ធ្នាប់​សាធារណៈ»។

យុវជន​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ទូលាយ​ទៅ​កាន់​សាធារណជន និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម​នេះ៖«ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​វា​សំខាន់​ណាស់ អ៊ីចឹង​រដ្ឋាភិបាល​គួរ​តែ​បើក​ចំហ​ឲ្យ​ប្រជាពលរដ្ឋ​សិក្សា​ស្វែង​យល់​ពី​បញ្ហា​នេះ​ដែរ មិន​មែន​ត្រឹម​តែ​ថា​ការងារ​នេះ​ជា​ការងារ​របស់​រដ្ឋាភិបាល​ទេ»។

យុវ​និស្សិត​ម្នាក់​ទៀត​ឈ្មោះ ហឿ ប៊ុនហេង ដែល​ធ្លាប់​ទៅ​កាន់​តំបន់​ជីក​រក​រ៉ែ​នៅ​ខេត្ត​ព្រះវិហារ ដែរ​នោះ បញ្ចេញ​យោបល់​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​លុប​បំបាត់​ឲ្យ​អស់​នូវ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់ បើ​មិន​ដូច្នេះ​ទេ ធនធាន​រ៉ែ​ទាំង​នោះ​នឹង​ត្រូវ​បាត់បង់ ឬ​អាច​ផ្តល់​ផល​តិចតួច​ប៉ុណ្ណោះ​ដល់​សង្គម៖«បើ​សិន​ជា​បើក​ចំហ​ព័ត៌មាន យុវជន​នឹង​បាន​យល់​ដឹង​ច្រើន។ អ៊ីចឹង​គាត់​នឹង​ឆ្ងល់​ថា តើ​អ្វី​ទៅ​ជា​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម។ ពេល​នោះ គាត់​នឹង​បង្វែរ​ការ​ចាប់​អារម្មណ៍​មក​សិក្សា​ពី​បញ្ហា​នេះ ទោះ​បី​ជា​គាត់​មិន​បាន​រៀន​ស៊ី​ជម្រៅ​ទាក់ទង​នឹង​បញ្ហា​នេះ ប៉ុន្តែ​គាត់​ក៏​អាច​ចូលរួម​សកម្មភាព​ហ្នឹង​បាន​ខ្លះៗ​ដែរ»។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ចែង​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ត្រូវ​បាន​បែង​ចែក​ជា ៦​ប្រភេទ​រួម​មាន អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ អាជ្ញាប័ណ្ណ​អណ្ដូង​រ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ត្បូង​ថ្ម​មាន​តម្លៃ អាជ្ញាប័ណ្ណ​កែច្នៃ​ធនធាន​រ៉ែ អាជ្ញាប័ណ្ណ​ស្វែង​រុក​រក និង​អាជ្ញាប័ណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា អះអាង​ថា ក្រសួង​បាន​ដាក់​អាទិភាព​ជា​ចម្បង​ក្នុង​ការ​លុប​បំបាត់​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​បែប​អានាធិបតេយ្យ ប៉ុន្តែ​លោក​បញ្ជាក់​ថា កិច្ចការ​នេះ​ជួប​ប្រទះ​បញ្ហា​ប្រឈម​សំខាន់​មួយ គឺ​កង្វះ​ខាត​ព័ត៌មាន​ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុស​ច្បាប់៖«យើង​ធ្លាប់​មាន​បទពិសោធន៍​បង្ក្រាប​ការ​រុក​រក​រ៉ែ​បែប​អនាធិបតេយ្យ ពេល​យើង​ចូល​ទៅ​ដល់​ចាប់​យក​ឧបករណ៍​របស់​គាត់​ហ្នឹង ក៏​ពិបាក​ដឹក​ចេញ​មក​ដែរ។ ទីតាំង​ភូមិសាស្ត្រ គឺ​ពិបាក។ កន្លែង​ខ្លះ​ពេល​យើង​បម្រុង​នឹង​ចូល​ទៅ នៅ​ក្នុង​ព្រៃ​ស្ងាត់​ឈឹង អ្នក​ណា​ចូល​ទៅ​ក៏​គេ​ដឹង​ដែរ ព្រោះ​គេ​មាន​បណ្ដាញ​ឃ្លាំ​មើល​ផ្លូវ យើង​មិន​ស្គាល់​ភូមិសាស្ត្រ ដើរ​រក ដូច្នេះ​គេ​អាច​ដឹង​មុន គេ​អាច​រត់​គេច»។

លោក ឌិត ទីណា បញ្ជាក់​ទៀត​ថា ប្រាក់​ចំណូល​មិន​មែន​ពន្ធ​ដែល​ក្រសួង​រ៉ែ និង​ថាមពល ប្រមូល​បាន​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ១៧​លាន​ដុល្លារ ហើយ​ថវិកា​ទាំង​នេះ​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ខ្ទង់​នៃ​ថវិកា​ជាតិ​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​បន្ទាប់៖«ប្រមូល​ចូល​រដ្ឋ​តាម​ឆ្នាំ​ហ្នឹង គ្រប់គ្រាន់​តាម​ខ្ទង់​ដែល​បាន​ដាក់ មាន​សវនកម្ម​ជាតិ អធិការកិច្ច អាច​ពិនិត្យ​មើល​បាន ហើយ​យើង​ដាក់​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ។ នៅ​ពេល​ឆ្នាំ​ក្រោយ គឺ​នឹង​ចំណាយ​មក​វិញ​តាម​ថវិកា​ជាតិ​ដូច​គ្នា ប៉ុន្តែ​គ្រាន់​តែ​យើង​មិន​កំណត់​ថា​វិស័យ​រ៉ែ ត្រូវ​យក​ទៅ​ចូល​កន្លែង​នេះ វិស័យ​សំណង់​ត្រូវ​យក​ទៅ​ចូល​កន្លែង​ណា។ អត់​មាន​បែប​នេះ​ទេ»។

ឯកសារ​ទស្សនទាន​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បញ្ជាក់​ថា វិស័យ​ប្រេង​កាត ឧស្ម័ន និង​រ៉ែ ឬ​ដែល​ភាសា​បច្ចេកទេស​ហៅ​ថា ឧស្សាហកម្ម​និស្សារណកម្ម គឺ​ជា​វិស័យ​ដែល​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​គ្រប់គ្រង។ ឧស្សាហកម្ម​និស្សារណកម្ម គឺ​ទាក់ទង​ទៅ​នឹង​ការ​ដក​ហូត​នូវ​វត្ថុ​ធាតុ​ដើម តាម​រយៈ​ប្រតិបត្តិការ​ទាញ​យក​នូវ​ប្រេង​កាត ឧស្ម័ន និង​រ៉ែ​ក្រោម​ដី ហើយ​វា​គឺ​ជា​វិស័យ​មួយ​ដែល​អាច​នឹង​ផ្តល់​ពរ​ជ័យ ឬ​វិនាសកម្ម​ដោយ​ផ្អែក​ទៅ​លើ​ថា តើ​ប្រទេស​នោះ​មាន​យន្តការ​ក្នុង​ការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម និង​ប្រាក់​ចំណូល​បាន​កម្រិត​ណា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។