បញ្ហា​រំលោភ​ដី​ធ្លី​ជន​ជាតិ​ដើម​ភាគតិច​ត្រូវ​បាន​លើក​មក​ពិភាក្សា

មន្រ្តី​រដ្ឋាភិបាល សង្គម​ស៊ីវិល តំណាង​អង្គការ​សហប្រជាជាតិ និង​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ជិត ២០០​នាក់ មក​ជួប​ជុំ​គ្នា​និយាយ​ពី​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគ​តិច ដែល​រង​នូវ​ការ​រំលោភ​ដី​ធ្លី ដោយ​ភាព​យឺត​យ៉ាវ​នៃ​ច្បាប់​ចុះ​បញ្ជី​ដី​ធ្លី ពុំ​ទាន់​មាន​សម្រាប់​សហគមន៍​ជន​ជាតិ​ភាគ​តិច។

0:00 / 0:00

ស្រ្តី​ជន​ជាតិ​ព្នង​មក​ពី​ខេត្ត​មណ្ឌលគិរី ឈ្មោះ ប៉ោ ឡេ តំណាង​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៃ​ភ្នំ​ដែល​បាន​ចូលរួម​ប្រជុំ ១៥​ខេត្ត​-ក្រុង បាន​អះអាង​ថា បច្ចុប្បន្ន គ្មាន​ការ​គោរព​សិទ្ធិ​ជន​ជាតិ​ភាគ​តិច រស់នៅ​តំបន់​ព្រៃ​ភ្នំ​ឡើយ។ បើ​ទោះ​បី​ច្បាប់​ភូមិបាល ដែល​មាន​ចែង​ច្រើន​មាត្រា​ការពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ក៏​ដោយ មាន​ជន​ចំណូល​ថ្មី​និង​ក្រុមហ៊ុន​បាន​រំលោភ​លើ​ច្បាប់​នោះ រំលោភ​យក​ដី​ធ្លី រំលោភ​យក​ទីសក្ការៈ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៃភ្នំ កាន់តែ​កើន​ឡើងៗ នាំ​ឲ្យ​បាត់​បង់​ជំនឿ​និង​វប្បធម៌​របស់​ជន​ជាតិ​ដើម។

ស្រ្តី ប៉ា ឡេ រៀបរាប់​ដូច្នេះ​ថា ៖ «ខេត្ត​ខ្លះ​មាន​ប៉ះពាល់​បាត់​បង់​ដី​ធ្លី បាត់​បង់​ប្រពៃណី​ក៏​មាន អា​ខេត្ត​គេ​មាន​ក្រុមហ៊ុន​គេ​ចូល​ច្រើន មាន​អ្នក​មាន​អំណាច​អី មាន​ប្រាក់​អី​ហ្នឹង ចូល​បាន​ហ្នឹង បាន​ញុះញង់​ប្រជា​ពលរដ្ឋ​ឲ្យ​លក់​ដី​លក់​អី ដូច​ថា​បាត់​បង់​ត្រង់​ហ្នឹង»

ជនជាតិ​កួយ​មក​ពី​ខេត្ត​ក្រចេះ លោក រស់ ហាន ជំនួយការ​អង្គការ IRAM បាន​អះអាង​ថា ជា​លើក​ទី​៤​ហើយ ដែល​ជនជាតិ​ដើម​ភាគ​តិច​ព្រៃ​ភ្នំ បើក​កិច្ច​ប្រជុំ​ក្នុង​គោល​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ចុះ​បញ្ជី​ដី​ធ្លី​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៃ​ភ្នំ បាន​យក​ទៅ​អនុវត្ត​ឆាប់ៗ។

លោក​ថា ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​មិន​ចេះ​អក្សរ​ជាតិ ត្រូវ​គេ​បន្លំ​ឲ្យ​ផ្តិត​មេដៃ ប្រគល់​ដី ហើយ​ប្តឹង​គ្នា រហូត​ជាប់​ពន្ធនាគារ​២​នាក់ ដោយសារ​ជម្លោះ​ដីធ្លី ៖ «អត់​ដឹង​ថា គេ​សរសេរ​អី ព្រោះ​គាត់​អត់​ចេះ។ គេ​ហៅ​ទៅ​ជប់លៀង​អី​ទៅ ពេល​យប់​គេ​ថា ឲ្យ​ផ្ដិត​មេដៃ ស្រាប់​ដល់​នេះ​គេ​សរសេរ​អក្សរ​ខាង​លើ​ថា សហគមន៍​ហ្នឹង​បាន​លក់​ដី​ឲ្យ​ពួក​ហ្នឹង ដល់​អ៊ីចឹង​យើង​តវ៉ា​ទាល់​ថ្ងៃ​នេះ អត់​ទាន់​បាន​ទេ»

តំណាង​អង្គការ​សហប្រជាជាតិ​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​សិទ្ធិ​មុនស្ស មាន​ប្រសាសន៍​ថា ១​ឆ្នាំ​ហើយ ចាប់​ពី​មាន​ការ​អនុវត្ត​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច វា​ជា​រឿង​១​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ជាក់លាក់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។

សេចក្តី​ប្រកាស​នោះ តម្រូវ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​នយោបាយ​ជាតិ​១ ដែល​ទទួល​ស្គាល់ លើក​ស្ទួយ និង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ អង្គការ​សហ​ប្រជាជាតិ បន្ត​ឃ្លាំ​មើល​ការអនុវត្ត​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ។

រីឯ​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ លោក ស៊ឹម សុន មាន​ប្រសាសន៍​ថា ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១ បាន​ចែង​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ច្រើន​ទំព័រ​រួច​ហើយ ប៉ុន្តែ​នៅ​ខ្វះ​គោល​នយោបាយ​ជាតិ​រួម​១​ប៉ុណ្ណោះ ដែល​កំពុង​ពិចារណា។

លោក ស៊ឹម សុន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «សួរ​ថា ចុះ​បញ្ជី​ដី​ធ្លី​បាន​ធ្វើ​យ៉ាង​ម៉េច​ទេ? តើ​នៅ​ក្នុង​សហគមន៍​បង​ប្អូន​បាន​បង្កើត​ជា​សហគមន៍ ហើយ​ឬ​នៅ? ឧទាហរណ៍។ អ៊ីចឹង​សហគមន៍​ជន​ជាតិ​ដើម​ជាតិ កួយ ជាតិ​ទំពួន សហគមន៍​មាន​ហើយ​ឬ​នៅ? មាន​សហគមន៍​ហើយ ត្រូវ​មាន​លក្ខន្តិកៈ​របស់​សហគមន៍​ទៀត អាហ្នឹង​គឺ​ខ្លួន​យើង​ជា​អ្នក​ធ្វើ»។

កិច្ច​ប្រជុំ​ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នេះ គឺ​ដើម្បី​ប្រមូល​មតិ​រួម​មួយ ឲ្យ​រដ្ឋាភិបាល​ពន្លឿន​អនុក្រឹត្យ​ចុះ​បញ្ជី​ដី​ធ្លី ជូន​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៃ​ភ្នំ៕