សហភាព​អឺរ៉ុប​ប្រកាស​ផ្តល់​ប្រាក់​២​លាន​អឺរ៉ូ​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម

សហភាព​អឺរ៉ុប​ប្រកាស​ផ្តល់​ប្រាក់​ចំនួន ២​លាន​អឺរ៉ូ​ដែល​ស្មើ​នឹង​ទឹក​ប្រាក់ ៣​លាន​ដុល្លារ​អាមេរិក​ដល់​សាលា​ក្តី​ខ្មែរ​ក្រហម សម្រាប់​បំពេញ​កង្វះ​ខាត​ថវិកា​ដែល​ជា​ចំណែក​របស់​ភាគី​កម្ពុជា។

លោក រ៉ាហ្វាអ៊េល ដូឆាវ (Rafael Dochao) ភារធារី​សម្រាប់​គណៈប្រតិភូ​សហភាព​អឺរ៉ុប បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា សហភាព​អឺរ៉ុប​នៅតែ​បន្ត​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​តុលាការ​ខ្មែរ​ក្រហម ហើយ​ថា ប្រាក់ ២​លាន​អឺរ៉ូ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទឹក​ប្រាក់​សរុប​ចំនួន ៧​លាន​៧​សែន​អឺរ៉ូ ដែល​សហភាព​អឺរ៉ុប​បាន​សន្យា​ជួយ​ក្នុង​គម្រោង​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​រំឭក​ជូន​ថា កាល​ពី​ឆ្នាំ ២០០៧ សហភាព​អឺរ៉ុប​បាន​ផ្តល់​ប្រាក់ ១​លាន​អឺរ៉ូ​សម្រាប់​ប្រាក់​ខែ​របស់​ចៅក្រម ព្រះរាជអាជ្ញា​និង​បុគ្គលិក​ខ្មែរ បន្ទាប់​ពី​ប្រទេស​ផ្តល់​អំណោយ​មួយចំនួន​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​ប្រាក់​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ ក្រោយ​ពេល​ដែល​មាន​សេចក្តី​រាយ​ការណ៍​ថា មាន​អំពើ​ពុក​រលួយ​និង​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​អ្នក​ដឹកនាំ។

គួរ​បញ្ជាក់​ដែរ​ថា សាលា​ដំបូង​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ថ្មីៗ​នេះ​ទើប​តែ​បាន​បញ្ចប់​ការ​ជំនុំ​ជម្រះ​សំណុំរឿង ០០១ នៃ​ជន​ជាប់​ចោទ កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីត​មេ​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម ហើយ​ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​សាលក្រម​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕