សម្ដេច​ឪ​សុំ​កុំ​ឲ្យ​មាន​ការផ្ញើ​សារ​លិខិត​ថ្វាយ​ពរ​និង​តង្វាយ​ផ្សេងៗ

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ បាន​ចេញ​លិខិត​ប្រកាស​ជូន​រាស្ត្រ​ខ្មែរ​ឲ្យ​បាន​ជ្រាប កាលពី​ថ្ងៃ​ទី​១ ខែ​តុលា​នេះ គឺ​ព្រះអង្គ​សុំ​ឲ្យ​រាស្រ្ត​ខ្មែរ​គ្រប់​លំដាប់​ថ្នាក់​មេត្តា​កុំ​ផ្ញើ​សារ​លិខិត លិខិត ប័ណ្ណ ទូរសារ​លិខិត និង​អ៊ីម៉េល តង្វាយ​កន្រ្តក​ផ្កា​និង​តង្វាយ​ផ្សេងៗ​ថ្វាយ​ព្រះអង្គ​អី ទោះ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ឈាន​ចូល​៨៧​វស្សា​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា​នេះ​ក្តី និង​ទោះ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​ដែល​គេ​ហៅ​ថា​បុណ្យ​ណូអែល​ក្តី ទោះ​បុណ្យ​ចូល​ឆ្នាំ​សកល និង​ក្នុង​ឱកាស​បុណ្យ​ជាតិ​នានា​ក្នុង​ពេល​ខាង​មុខ​នេះ​ក្តី។

ប៉ុន្តែ​សម្តេច​ព្រះ​នរោត្តម សីហនុ ពុំ​បាន​បញ្ជាក់​ក្នុង​ព្រះរាជ​សារ​នោះ​ទេ​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មិន​ទទួល​យក​លិខិត​និង​តង្វាយ​ពី​ប្រជារាស្ត្រ​ដូច្នោះ?៕