ក្រុមគ្រួសាររបស់អ្នកកាសែតមាគ៌ាកម្ពុជា លោក សួន ចាន់ ដែលត្រូវបានគេព្រួតគ្នាវាយសម្លាប់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ កំពុងតែរស់នៅដោយភាពភ័យខ្លាច និងជួបបញ្ហាខ្វះខាតជីវភាពធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះ ខាងមន្ត្រីសិទ្ធិមនុស្ស និងសមត្ថកិច្ចនៅតែមានការសន្និដ្ឋានផ្ទុយគ្នាជុំវិញករណីឃាតកម្មនេះ។ សមត្ថកិច្ចបានអះអាងថា ករណីនេះកើតចេញពីទំនាស់រឿងផឹកស៊ី ចំណែកសង្គមស៊ីវិលវិញយល់ថា ករណីនេះកើតចេញពីរឿងវិជ្ជាជីវៈសារព័ត៌មាន និងការលួចធ្វើឃាត។
មន្ត្រីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បន្តការឃ្លាំមើលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ចំពោះករណីសម្លាប់អ្នកកាសែតនៅកំពង់ឆ្នាំងនេះ នៅគ្រាដែលកម្លាំងសមត្ថកិច្ចមិនទាន់ចាប់បានជនល្មើស។ ចំណែកភរិយារបស់លោក សួន ចាន់ និងកូនៗវិញ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែកុម្ភៈ ថា ពួកគាត់កំពុងតែរស់នៅក្នុងភាពអស់សង្ឃឹម និងត្រូវការជាចាំបាច់នូវយុត្តិធម៌សង្គម ដើម្បីជួលជុលការឈឺចាប់ដែលបានកើតឡើងចំពោះក្រុមគ្រួសាររបស់អ្នកស្រី។
ភរិយារបស់អ្នកកាសែតមាគ៌ាកម្ពុជា ដែលត្រូវបានគេវាយសម្លាប់អ្នកស្រី ទៀង ថាវ មានប្រសាសន៍ថា ចាប់តាំងពីស្វាមីស្លាប់ទៅអ្នកស្រីរស់នៅក្នុងជីវភាពខ្វះមុខខ្វះក្រោយជាមួយនឹងកូនក្នុងបន្ទុកចំនួន ៦នាក់ទៀត។
អ្នកស្រីចង់ឲ្យរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្តិធម៌ជូនស្វាមីឲ្យបានឆាប់៖ «លំបាកគ្រប់បែបយ៉ាងទាំងអស់បងខ្លួនក៏ឈឺ ធ្វើការបណ្ដើរឈឺបណ្ដើរ។ កូនដើររកខ្យងហើយទៅពីស្រែទៅដល់ជួនកាលរកខ្យងបាន ៣ពាន់ ទៅ ៤ពាន់រៀលយកហុចឲ្យម្ដាយ។ វាមិនដូចឪពុកនៅ នៅតែតូចៗហ្នឹងជាប់រៀនទាំងអស់កម្ពស់ត្រឹមៗជង្គង់»។
ទាក់ទងនឹងបញ្ហានេះ អធិការស្រុកជលគីរី លោក ម៉ុម ថុន ឆ្លើយតបយ៉ាងខ្លីថា បច្ចុប្បន្នជនសង្ស័យបានរត់គេចខ្លួនពីមូលដ្ឋានអស់ហើយ ចំណែកព័ត៌មានអ្វីថ្មីទាក់ទងនឹងករណីនេះក៏លោកមិនបានដឹងច្បាស់ដែរ។ ទោះជាយ៉ាងណាស្នងការរងខេត្តកំពង់ឆ្នាំង លោក លី វីរៈ មានប្រសាសន៍ថា ខាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ហើយខាងលោកកំពុងតែតាមប្រមាញ់មុខសញ្ញាដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ បើទោះបីជាមិនទាន់មានដីកាពីតុលាការ។
លោក ម៉ុម ថុន៖ «បាទ! រឿងហ្នឹងវាអត់មានបញ្ហាអីទេនៅមូលដ្ឋានកម្លាំងសមត្ថកិច្ចយើងមិនបណ្ដែតឲ្យតាមចិត្តនោះទេ ហើយរឿងហ្នឹងក៏មិនមែនជារឿងគំនុំគុំកួនអីវែងឆ្ងាយដែរ។ សំខាន់យើងវាស្រវឹងទៅវាឈ្លោះប្រកែកគ្នាទៅ វាកើតទៅជាការវាយតប់គ្នាទៅ»។
រហូតមកដល់ពេលនេះខាងអាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់អាចបង្ហើបឈ្មោះជនដៃដល់ក្នុងករណីនេះបាននៅឡើយ ក៏ប៉ុន្តែតាមការអះអាងរបស់ក្រុមគ្រួសារលោក សួន ចាន់ ឲ្យដឹងថា ជនសង្ស័យមានចំនួន ៤នាក់ គឺទី១ ឈ្មោះ យឿន នុន ទី២ យឿន ណាក់ ទី៣ នាង រ៉ា និងទី៤ ឈ្មោះ សាំង សេងអៀង។ អ្នកទាំង ៤ រស់នៅភូមិក្បាលកន្លង់ ជាមួយនឹងជនរងគ្រោះ ស្ថិតនៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា ករណីព្រួតគ្នាវាយសម្លាប់អ្នកកាសែតនេះ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកសារព័ត៌មាន។
លោកថា ករណីនេះអាចកើតចេញពីវិជ្ជាជីវៈព័ត៌មាននិងគំនុំច្រើនជាងការផឹកស៊ីស្រវឹងទាស់ទែងពាក្យសម្ដីគ្នា៖ «គាត់ជាអ្នកកាសែតហ្នឹងបានសរសេរអត្ថបទជាច្រើនដែលរិះគន់នឹងបទល្មើសជលផល ជាពិសេសគឺប៉ះពាល់ទៅដល់អ្នកមានអំណាច និងអ្នកដែលមានឥទ្ធិពលមួយចំនួននៅកន្លែងហ្នឹង ប៉ុន្តែអានេះជាជំហានដំបូង ហើយខាងខ្ញុំនឹងធ្វើការស្រាវជ្រាវជាបន្តទៅទៀត»។
លោក សួន ចាន់ អាយុ ៤៤ឆ្នាំ អ្នកយកព័ត៌មានឲ្យកាសែត "មាគ៌ាកម្ពុជា" ត្រូវបានមនុស្សមួយក្រុមមានគ្នាប្រហែល ១០នាក់ បានព្រួតវាយសម្លាប់នៅក្បែរផ្ទះ កាលពីយប់ថ្ងៃទី៣១ មករា ឆ្នាំ១០១៤។ នៅក្នុងហេតុការណ៍នោះក៏មានមនុស្សចំនួនពីរនាក់ផ្សេងទៀតជាសាច់ញាតិ បានរងរបួសធ្ងន់និងស្រាល ខណៈដែលចូលទៅជួយលោក សួន ចាន់ គឺមានទី១ ឈ្មោះ សួន ឌីម និងទី២ ឈ្មោះលោក គូ អ៊ិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
