ផ្ទះ​១៣​ខ្នង​ក្នុង​សង្កាត់​ទួល​ទំពូង​ទី២​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១៣​ខ្នង​នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌ​ចំការមន ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​កាល​ពី​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​សៅរ៍ ទី១៩ ខែ​មករា នេះ។

0:00 / 0:00

ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ នេត វន្ថា មាន​ប្រសាសន៍​ថា ផ្ទះ​ដែល​រង​ការ​ខូចខាត​ជា​ប្រភេទ​ផ្ទះ​លក់​ទំនិញ និង​ប្រកប​អាជីវកម្ម​ផ្សេងៗ។ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន​អគ្គិភ័យ​នេះ បាន​ធ្វើ​អោយ​ខាត​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​សរុប​ប្រមាណ ២០​ម៉ឺន​ដុល្លារ។

លោក នេត វន្ថា បន្ត​ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង មូលហេតុ​ដែល​នាំ​អោយ​មាន​អគ្គិភ័យ​អាច​បណ្ដាល​ពី​ការ​ធ្វេស​ប្រហែស ឬ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​នៅ​ក្នុង​ហាង​កាហ្វេ​មួយ ដែល​ជា​ដើម​ហេតុ​អោយ​មាន​ការ​ឆាប​ឆេះ។

លោក នេត វន្ថា៖ «ឥឡូវ យើង​កំពុង​ស្រាវជ្រាវ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ខណ្ឌ និង​អញ្ជើញ​ផ្ទះ​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បង្ក​អោយ​មាន​អគ្គិភ័យ។ យើង​អត់​ទាន់​បាន​ព័ត៌មាន​ច្បាស់​លាស់​ទេ គ្រាន់​តែ​ចេញ​ពី​ផ្ទះ​ហាង​កាហ្វេ។ សម្រាប់​ជំនាញ យើង​ខ្ញុំ​ដែល​ជា​បឋម​អាច​សន្និដ្ឋាន​ថា ថ្ងៃ​នេះ​ថ្ងៃ​សីល អាច​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ឧបករណ៍​សែន​ផ្សេងៗ ហើយ​ទី២ យើង​អាច​ថា​ផ្ទះ​ឈើ ឃើញ​ថា​ការ​ត​បណ្ដាញ​ចរន្ត​អគ្គិសនី ក៏​មាន​ភាព​មិន​ប្រក្រតី​ច្រើន ហ្នឹង​ជា​ចំណុច​ពីរ​ដែល​ខ្ញុំ​មាន​ការ​សង្ស័យ»

ក្រុម​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​ឡាន​ទឹក ១៨​គ្រឿង ក្នុង​នោះ ៣​គ្រឿង​ជា​ឡាន​ទឹក​របស់​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។

ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ នេត វន្ថា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​បញ្ចៀស​អគ្គិភ័យ​នៅ​ពេល​ដែល​រដូវ​ក្ដៅ​បាន​ចូល​មក​ដល់ និង​ត្រូវ​ត្រៀម​សម្ភារៈ​ចាំ​បាច់​សម្រាប់​ពន្លត់​អគ្គិភ័យ​នៅ​គ្រប់​ទីតាំង​ដែល​ងាយ​នឹង​មាន​ការ​ឆាប​ឆេះ ជា​ពិសេស​តាម​ទីកន្លែង​ធ្វើ​អាជីវកម្ម និង​សិប្បកម្ម​នានា។

នៅ​ក្នុង​រាជធានី​ភ្នំពេញ តាម​ការ​ប៉ាន់ស្មាន គឺ​មាន​ប្រជាពលរដ្ឋ​ប្រហែល​ពី ៣០ ទៅ ៤០% បាន​យល់​ដឹង​ពី​របៀប​ទប់ស្កាត់ និង​ប្រើប្រាស់​សម្ភារៈ​ពន្លត់​អគ្គិភ័យ​បឋម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។