ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១​នៅ​ខេត្ត​កំពង់ចាម

0:00 / 0:00

ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ថ្ងៃ​ទី​មួយ​បាន​ចូល​មក​ដល់ ដោយ​ពលរដ្ឋ​តាម​ផ្ទះ​នាំ​គ្នា​រៀបចំ​គ្រឿង​រណ្ដាប់​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ សកម្មភាព​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម តាម​វត្ត​អារាម និង​ការ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​មួយ គឺ​មាន​ភាព​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ។ ពលរដ្ឋ​តំបន់​ខ្លះ​ថា ដោយសារ​អ្នក​ភូមិ​នាំ​គ្នា​ទៅ​រកស៊ី​តំបន់​ឆ្ងាយៗ មិន​បាន​ត្រឡប់​មក​ចូល​រួម​ពិធី​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត និង​ខ្លះ​ថា ខ្លាច​មាន​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជាដើម។

ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ខេត្ត​កំពង់ចាម ​នៅ​តាម​វត្ត​ខ្លះ និង​តាម​កន្លែង​កម្សាន្ត​ខ្លះ​ឃើញ​ដាក់​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា និង​ទង់​ចម្រុះ​ពណ៌​ផ្សេង​ទៀត ប៉ុន្តែ​បែរ​ជា​មាន​លក្ខណៈ​ស្ងប់ស្ងាត់​មិន​សូវ​មាន​មនុស្ស​ដើរ​លេង​ច្រើន​ដូច​រាល់​ឆ្នាំ។ ពលរដ្ឋ​​ខ្លះ​ហាក់​មិន​ចង់​ដើរ​ទៅ​លេង​ទី​ណា​ទេ ដោយ​ពួកគេ​ចង់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ផ្ទះ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង។ ចំណែក​ពលរដ្ឋ​តំបន់​ខ្លះ​ថា ដោយសារ​ឆ្នាំ​នេះ គេ​បង្កបង្កើនផល​មិន​បាន​លទ្ធផល​ល្អ​ទើប​ធ្វើ​ឱ្យ​ពួកគេ​ខកខាន​រៀបចំ​បុណ្យ​ចូល​ឆ្នាំ​ឲ្យ​បាន​អធិកអធម។

ពលរដ្ឋ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ លោក ហ៊ុន ហាង មាន​ប្រសាសន៍​ថា ជា​រៀងរាល់​ឆ្នាំ ពលរដ្ឋ​នៅ​ក្នុង​ភូមិ​តែង​នាំ​គ្នា​មក​ធ្វើ​បុណ្យ ដោយ​យក​ចង្ហាន់​មក​វត្ត ឬ​មក​លេងកម្សាន្ត​ច្រើន​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ដំបូង។ ក៏ប៉ុន្តែ​លោក​ថា ឆ្នាំ​នេះ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ភាគ​ច្រើន​ជួប​គ្រោះ​រាំង​ស្ងួត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្រូវ​របស់​ពួកគាត់​ខ្លះ​ខូចខាត​ទាំង​ស្រុង។ ស្រប​ពេល​ស្រូវ​ក៏​ខូច បំណុលគេ​ក៏​ជំពាក់ ពលរដ្ឋ​ខ្លះ ពិសេស​យុវជន​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​ឆ្ងាយៗ ខ្លះ​រហូត​ប្រទេស​ថៃ ក៏​មាន ទើប​នាំ​ឱ្យ​ពួកគាត់​មិន​អាច​ត្រឡប់​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​បាន៖ «មិន​បាន​មក​កន្លែង​បុណ្យ​ឱ្យ​បាន​ច្រើន​ទេ បុណ្យ​ឆ្នាំ​នេះ​កម្សត់​កម្រ​ណាស់ មិន​ដូច​រាល់​ឆ្នាំ​ទេ។ សូម្បី​តែ​ធ្លាប់​ធ្វើ​ធ្វើ​នំ​ដាក់​ការុង ឥឡូវ​ដាក់​តែ​បេ​ទេ»

ក្រៅ​ពី​បញ្ហា​នេះ ពលរដ្ឋ​នៅ​ស្រុក​កងមាស​វិញ លោក ខេមរា មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​មួយ​ភាគ​ច្រើន​ឃើញ​ពលរដ្ឋ​នាំ​គ្នា​ស្វះស្វែង​រក​គ្រឿង​តង្វាយ​ទេវតា រួម​មាន​បាយសី ផ្កាភ្ញី ផ្លែ​ឈើ​នៅ​តាម​ផ្សារ ដើម្បី​ត្រៀម​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ លោក​កត់សម្គាល់​ឃើញ​អ្នក​ភូមិ​មិន​សូវ​នាំ​គ្នា​ដើរ​លេង​ប៉ុន្មាន​ទេ​នៅ​ថ្ងៃ​ទី​មួយ ភាគ​ច្រើន​ឃើញ​ពួក​គាត់​នៅ​ផ្ទះ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ។

លោក​យល់​ថា មូលហេតុ​នាំ​ឱ្យ​ពលរដ្ឋ​ខ្លះ​មិន​សូវ​ចង់​ដើរ​លេង​នៅ​ថ្ងៃ​ទី​មួយ ដោយសារ​តែ​ពួកគេ​គិត​គូរ​លើ​បញ្ហា​សុវត្ថិភាព​របស់​ខ្លួន ពិសេស​គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ម្តង ហើយ​ម្យ៉ាង​ដោយ​មាន​ជំនឿ​ថា​ទេវតា​ឆ្នាំ​នេះ សោយ​លោហិត​ផង ទើប​នាំ​ឱ្យ​ពលរដ្ឋ​ខ្លះ​មាន​ការ​ប្រុង​ប្រយ័ត្ន៖ «ហើយ​នេះ​ជា​ឱកាស​ល្អ​ដែល​យុវជន​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ថា មាតា​បិតា​មានការ​ត្រេកអរ ហើយ​ជូនពរ​យុវជន យុវនារី​ទូទៅ ទូទាំង​ប្រទេស ដោយ​ឡែក​នៅ​ស្រុក​កងមាស​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ ត្រូវ​ការពារ​សុវត្ថិភាព​ខ្លួន»

យ៉ាង​ណា​ក៏ដោយ​លោក​បន្ត​ថា កន្លង​មក​ឃើញ​ភាគ​ច្រើន​យុវជន​នាំ​គ្នា​ដើរ​លេង​នៅ​ពេល​រសៀល​នៅ​តាម​វត្តនានា ពិសេស គឺ​ពួកគេ​ច្រើនតែ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​ពីរ ឬ​ទី​បី​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ទោះជា​យ៉ាង​ណា បញ្ហា​សន្តិសុខ​សុវត្ថិភាព​នៅ​តាម​ផ្លូវ ពិសេស​នៅ​តំបន់​គោលដៅ រួម​មាន​ទីផ្សារ វត្ត​អារាម​ រមណីយដ្ឋាន​ជា​ដើម​ អាជ្ញាធរ​ខេត្ត​កំពង់ចាម បាន​ដាក់​កម្លាំង​សមត្ថកិច្ច​តាម​តំបន់​ទាំង​នោះ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ និង​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ជូន​ពលរដ្ឋ។

ទាក់ទង​ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ប៉ែន រ័ត្ន ធ្លាប់​មាន​ប្រសាសន៍​ថា ខាង​កម្លាំង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ក៏​បាន​ត្រៀម​នៅ​តាម​តំបន់​សំខាន់ៗ​រួម​មាន​តំបន់​កម្សាន្ត វត្ត​អារាម ទីប្រជុំជន គឺ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ផ្សេងៗ រួមមាន ចោរកម្ម អំពើ​ហិង្សា ល្បែង​ស៊ីសង អគ្គិភ័យ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម។ បន្ថែម​ពី​នេះ ខាង​ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​ឱ្យ​ពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​មិន​ត្រូវ​ពិសា​គ្រឿង​ស្រវឹង​ហើយ​បើក​បរ។ អ្នក​បើក​បរ​ត្រូវ​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​ចេះ​គោរព និង​យោគយល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។