ពលរដ្ឋនិងសកម្មជនចលនាមាតាធម្មជាតិ ចំនួន ១១នាក់ ដែលត្រូវអាជ្ញាធរខេត្តកោះកុង ឃាត់ខ្លួនសួរនាំពីការបិទផ្លូវមិនឲ្យអាជ្ញាធរចូលទៅតំបន់អារ៉ែង ត្រូវបានដោះលែងវិញហើយ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ព្រឹកថ្ងៃទី១៦ កញ្ញា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត ឲ្យដឹងថា អាជ្ញាធរស្រុកថ្មបាំង បានបញ្ជូនមនុស្ស ១០នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងខេរមភូមិន្ទ ទាំងយប់ កាលពីថ្ងៃទី១៥ កញ្ញា ដើម្បីសួរចម្លើយ។ រីឯលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធានចលនាមាតាធម្មជាតិ ត្រូវបានមន្ត្រីអន្តោប្រវេសន៍បញ្ជូនមកការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោក អេឡិច ត្រូវបានដោះលែងកាលពីវេលាម៉ោងជិត ៧យប់ ថ្ងៃទី១៥ កញ្ញា បន្ទាប់លោកបានសរសេរលិខិតសូមទោសចំពោះកំហុសដែលបានដឹកនាំពលរដ្ឋទៅរាំងផ្លូវមិនឲ្យអាជ្ញាធរចូលក្នុងតំបន់អារ៉ែង។ ចំពោះតំណាងសហគមន៍និងសកម្មជនយុវជននៃចលនាមាតាធម្មជាតិ ១០នាក់ ត្រូវបានអាជ្ញាធរបង្គាប់ឲ្យផ្ដិតមេដៃលើលិខិតសន្យាឲ្យបញ្ឈប់សកម្មភាពតវ៉ានេះតទៅទៀត មុននឹងដោះលែងពួកគេ។
លោក អ៊ិន គង់ជិត៖ «ការសាកសួរព័ត៌មានហ្នឹង ភាគច្រើនសកម្មជនបិទផ្លូវ គឺដើម្បីការពារព្រៃឈើ។ ម្សិលមិញ (១៥ កញ្ញា) មានការច្រឡំដោយសារកន្លងមកអាជ្ញាធរតែងនាំក្រុមហ៊ុនទៅ ម្សិលមិញគាត់អត់ដឹងថា លោកអភិបាលរងខេត្ត អ៊ីចឹងឯកឧត្ដមស្នងការខេត្តគាត់សុំឲ្យអ្នកដែលត្រូវឃាត់ខ្លួនទាំង ១០នាក់ត្រូវធ្វើកិច្ចសន្យាមួយ គឺមិនធ្វើសកម្មភាពអ្វីទៀតទេ អ៊ីចឹងគាត់បានផ្ដិតមេដៃលើកិច្ចសន្យាវេលាម៉ោង ១យប់ ទើបមានការសម្រេចឲ្យដោះលែងពួកគាត់»។
កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ពលរដ្ឋប្រមាណ ៣០នាក់ មកពីឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង បានរារាំងក្បួនដំណើររបស់អាជ្ញាធរខេត្តកោះកុង មិនឲ្យចូលតំបន់អារ៉ែង បន្ទាប់ពីសង្ស័យថា អាជ្ញាធរខេត្តទាំងនោះមានបំណងចុះទៅសិក្សាពីផលប៉ះពាល់នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ (Sinohydro) ដើម្បីធ្វើផែនការជម្លៀសពលរដ្ឋចេញពីតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។