អតីត​និស្សិត​​ចាម​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​ដើម្បី​រក​វិធី​ជួយ​ដល់​និស្សិត​ក្រីក្រ

អតីត​និស្សិត​ជនជាតិ​ចាម ប្រមាណ ៥០​នាក់ បាន​រៀបចំ​កម្មវិធី​ជួបជុំគ្នា​លើក​ទី​៣ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ដើម្បី​ពិភាក្សា​គ្នា​រក​វិធី​ជួយ​ដល់​និស្សិត​ជំនាន់​ក្រោយ​ឲ្យ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា។

​កម្មវិធី​ជួបជុំ​អតីត​និស្សិត​នេះ មាន​ការ​ចូល​រួម​ពី​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន យុវនីតិសម្បទា និង​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​ខ្មែរ​ឥស្លាម លោក អះម៉ាត់ យ៉ះយ៉ា។ លោក​បាន​ជួយ​និស្សិត​ក្រីក្រ​រាប់​រយ​នាក់​ក្នុង​មួយ​ឆ្នាំៗ​ឲ្យ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ន័រតុន។

​លោក អះម៉ាត់ យ៉ះយ៉ា មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មាន​ការងារ​ធ្វើ​ហើយ​នោះ ត្រូវ​រួម​គ្នា​បរិច្ចាគ​វិភាគទាន​ខ្លះ​ជួយ​ដល់​និស្សិត​ក្រីក្រ​មក​ពី​តាម​បណ្ដា​ខែត្រ​ឲ្យ​បន្ត​ការ​សិក្សា​ដូច​ដែល​លោក​បាន​ជួយ​និស្សិត​ក្រីក្រ​នោះ​ដែរ ព្រោះ​ថា មាន​តែ​ការ​អប់រំ​ទេ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

លោក អះម៉ាត់ យ៉ះយ៉ា៖ «យើង​ត្រូវ​មាន​គំនិត​រួបរួម​គ្នា។ គ្នា​យើង​មាន ២០​នាក់ ៣០​នាក់ ឬ ៥០​នាក់ ធ្វើ​ជា​ស្នូល​ដើម្បី​កសាង​ធនធានមនុស្ស កសាង​សហគមន៍ កសាង​ប្រទេស​ជាតិ ដើម្បី​ក្លាយ​ជា​អ្នក​ធូរធារ ហើយ​យើង​ច្បាស់លាស់​ខ្លួន​យើង កុំ​ភ័យ​ឲ្យ​សោះ។ យើង​មាន​គ្នា​តិច​មែន តែ​យើង​មាន​គុណភាព ដូច​ពាក្យ​ថា យើង​ជា​ជនជាតិ​ភាគ​តិច តែ​យើង​ត្រូវ​ធ្វើ​ឲ្យ​ទៅ​ជា​ភាគ​ច្រើន ព្រោះ​ថា ពួក​យើង​មាន​សញ្ញាប័ត្រ​ខ្ពស់ PHD & Dr»

លោក អះម៉ាត់ យ៉ះយ៉ា គឺ​ជា​ស្ថាបនិក​ដំបូង​គេ​ដែល​បាន​ផ្ដួចផ្ដើម​គំនិត​រក​ជំនួយ​ពី​បរទេស​ជួយ​ដល់​និស្សិត​ក្រីក្រ​ជនជាតិ​ចាម​នៅ​កម្ពុជា គិត​ចាប់​ពី​ឆ្នាំ​១៩៩៩ មក។ បច្ចុប្បន្ន​នេះ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា និង​កំពុង​សិក្សា​មាន​ប្រមាណ ១​ពាន់​នាក់ ដែល​លោក អះម៉ាត់ យ៉ះយ៉ា បាន​ជួយ។

ក្រុម​និស្សិត​ទាំង​នោះ​បាន​ឯកភាព​គ្នា​បរិច្ចាគ​ថវិកា​ប្រចាំ​ឆ្នាំ​ដើម្បី​ជួយ​លើក​កម្ពស់​ការ​អប់រំ​ដល់​និស្សិត​ជនជាតិ​ចាម នៅ​កម្ពុជា ហើយ​នឹង​ជួយ​ដល់​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​ទៀត​នៅ​តាម​សហគមន៍​មូលដ្ឋាន​ដែល​ខ្វះខាត​ចាំបាច់។ ក្រុម​អតីត​និស្សិត​ទាំង​នេះ​បាន​បោះឆ្នោត​អនុម័ត​ឲ្យ​មាន​ប្រធាន​ដឹកនាំ​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​មួយ​រួប បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​ខាង​អប់រំ គណៈកម្មការ​សេដ្ឋកិច្ច និង​ព្រមព្រៀង​គ្នា​រៀបចំ​កម្មវិធី​ជួបជុំ​គ្នា​យ៉ាង​តិច​បាន ១​ឆ្នាំ​ពីរ​ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។