ក្រុម​សិទ្ធិ​មនុស្ស​បារម្ភ​ជុំវិញ​ការ​បង្កើត​ទីលាន​សម្រាប់​ធ្វើ​បាតុកម្ម

អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា គ្រោង​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ទីលាន​ថ្មី​មួយ សម្រាប់​ឲ្យ​បាតុករ​ធ្វើ​បាតុកម្ម​តវ៉ា​ក្រៅ​ពី​ទីធ្លា​សាធារណៈ។

ក៏​ប៉ុន្តែ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ថា ការ​បង្កើត​ទីលាន​ថ្មី ដែល​គេ​សន្មត​ហៅ​ថា ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​ជា​ការ​បំបាត់​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ ឬ​កម្មករ​នៅ​មុខ​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​វិញ និង​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​កាត់​បន្ថយ​សេរីភាព​បញ្ចេញ​មតិ។

ទីលាន​នោះ​មាន​ឈ្មោះ​ថា សួន សេរីភាព ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក ជិត​វត្តភ្នំ មាន​ទំហំ​ទទឹង ៦០​ម៉ែត្រ បណ្តោយ ២០០​ម៉ែត្រ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ជា​អកុសល​ណាស់​ដែល​ទីលាន​នោះ​បង្កើត​ឡើង​នៅ​ឆ្ងាយ​ពី​អគារ​របស់​រដ្ឋាភិបាល ដែល​ជា​កន្លែង​ធ្វើការ​សម្រេច​ផ្សេងៗ។ លោក​បន្ត​ថា គេ​គួរ​បង្កើត​ទីធ្លា​នោះ​នៅ​ក្បែរ​ស្ថាប័ន​រដ្ឋ​សភា​វិញ ទើប​ជា​ការ​ប្រសើរ។

ប្រធាន​​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា នៅ​ពេល​សួន​នោះ​បើក​ដំណើរការ ក្រុម​បាតុករ​នឹង​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ទាមទារ​នៅ​មុខ​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ៕