មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​ពិចារណា​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​នរោត្ដម​រណឫទ្ធិ

កាសែត​ភាសា​អង់គ្លេស ឈ្មោះ ភ្នំពេញ​ប៉ុស្តិ៍ ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ តុលា​ថា មន្រ្តី​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​ច្រើន​រូប គិត​ចុះចូល ឬ​រួម​ដៃ​នឹង​គណបក្ស នរោត្តម រណឫទ្ធិ។

លោក ស៊ុត ឌីណា អ្នក​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ ប្រាប់​កាសែត​ថា មន្រ្តី​ប្រមាណ​ពី ៥០ ទៅ ៦០​នាក់ បាន​ទៅ​ទូល​ស្នើ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឲ្យ​យាង​ទៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ឬ​ក៏​មិន​ដូច្នោះ​ទេ ចូលរួម​នឹង​គណបក្ស​របស់​ព្រះអង្គ​តែ​ម្តង។

លោក ស៊ុត ឌីណា បន្ត​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នឹង​មិន​យាង​ទៅ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ​ទេ។ រីឯ​លោក ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​កាសែត​ថា លោក​មិន​បាន​ជ្រាប​អំពី​រឿង​ចុះចូល​អ្វី​នោះ​ទេ ប៉ុន្តែ​ឲ្យ​ធ្វើ​ដូចម្តេច បើ​លទ្ធផល​ការបោះឆ្នោត​ឲ្យ​គណបក្ស​លោក​បាន​ចំនួន​ប៉ុណ្ណឹង​នោះ៕