ទូត​អាល្លឺម៉ង់​ផ្ដល់​ឧបករណ៍​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ដល់​មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ធំ

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ លោក Frank M. Mann នៅថ្ងៃ​ច័ន្ទ​នេះ បាន​ប្រគល់​ឧបករណ៍​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន​៤​គ្រឿង​ដល់​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ធំ ។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ បាន​ឲ្យ​ដឹង​ថា មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ធំ ត្រូវ​បាន​ជួយ​ឧបត្ថម្ភ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សហគមន៍ St. Elisabeth នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​សហគមន៍​កាតូលិច​មួយ​និយាយ​ភាសា​អាល្លឺម៉ង់ ។

ឧបករណ៍​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​នោះ មាន​តម្លៃ​សរុប​ចំនួន ២០.១៥០ ដុល្លារ​សហរដ្ឋ​អាមេរិក ។

លោកFrank M. Mann បាន​មាន​ប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​ឧបករណ៍​នោះ​ថា ការប្រើ​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​នៅក្នុង​ទី​ជនបទ​របស់​ប្រទេស​កម្ពុជា​បាន​ផ្ដល់​នូវ​គុណ​សម្បត្តិ​ជាច្រើន ពីព្រោះ​វា​មិន​ត្រូវ​ការ​ប្រេង​ឡើយ ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា វា​ក៏​បាន​ជួយ​រក្សា​បរិស្ថាន​ផង​ដែរ ៕