ក្រុមមន្ត្រីសមត្ថកិច្ចប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងអង្គការសិទ្ធមនុស្ស នៅថ្ងៃទី១០ ខែឧសភា នេះ បានបរាជ័យក្នុងការតាមចាប់ជនល្មើសនៅខែត្រកោះកុង ដែលបានជួញដូរនិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមួយកន្លែងពីក្រុងភ្នំពេញ ទៅប្រទេសថៃ នៅពេលថ្មីៗនេះ។
ទាក់ទិនទៅនឹងរឿងនេះ សមត្ថកិច្ចប៉ូលិស គឺលោក ស្រី ធុច ប្រធានការិយាល័យជួញដូរមនុស្ស ខេត្តកោះកុង មានប្រសាសន៍ថា ក្រុមប៉ូលិស និងអង្គការសិទ្ធមនុស្ស បានដាក់ផែនការដើម្បីស្ទាក់ចាប់មេខ្យល់ជួញដូរនោះនៅខែត្រកោះកុង នៅថ្ងៃទី១០ ខែឧសភា តែមិនបានសម្រេច។
លោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលអង្គការសិទ្ធមនុស្សអាដហុក ប្រចាំខេត្តកោះកុង ដែលចូលរួមរំដោះនារីរងគ្រោះជាមួយមន្ត្រីប៉ូលិសខេត្តកោះកុងនោះ បានអះអាងថា នារីរងគ្រោះត្រូវបានរំដោះចេញពីផ្ទះបនមួយកន្លែងនៅខេត្តត្រាត ប្រទេសថៃ នៅហាងខារ៉ាអូខេ ឈ្មោះ កោងកាង។
ទាក់ទងរឿងជួញដូរនេះ នារីរងគ្រោះអាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមួយកន្លែងនៅទីក្រុងភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ខ្លួនត្រូវបានស្ត្រីវ័យ ៤០ប្លាយម្នាក់ សុំធ្វើជាកូនធម៌ ដោយបានស្គាល់គ្នារយៈពេលប្រមាណជា ៣ខែ។ មកដល់ថ្ងៃ៧ ឧសភា ស្ត្រីវ័យចំណាស់រូបនោះបានល្បួងនាំនាងរងគ្រោះទៅកម្សាន្តនៅខែត្រកោះកុង។ តែពេលទៅដល់ខែត្រកោះកុង គេបានប្ដូរពីរថយន្តមកធ្វើដំណើរតាមកាណូត (អូប័រ)។ ក្រោយមកក៏បាត់មុខស្ត្រីវ័យចំណាស់នោះ។បន្ទាប់មកនាងក៏បានធ្លាក់ខ្លួនចាញ់បោកគេធ្វើជាស្រីខារ៉ាអូខេ នៅហាង កោងកាងនោះ។
នារីរងគ្រោះបានឲ្យដឹងទៀតថា មេបនបានបង្ខំនាងឲ្យរួមភេទជាមួយភ្ញៀវ ចាប់តាំងតែពីថ្ងៃទៅដល់ គឺថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ ដែលជាថ្ងៃនាងត្រូវគេសង្គ្រោះនេះ។
បើទោះបីជាជនសង្ស័យបានគេចខ្លួនយ៉ាងណាក៏ដោយ ក៏មន្ត្រីប៉ូលិសអះអាងថា បានស៊ើបដឹងមុខសញ្ញា និងស្គាល់អត្តសញ្ញាណជនសង្ស័យនោះហើយ ហើយប៉ូលិសកំពុងសាងសំណុំរឿងប្ដឹងទៅតុលាការដើម្បីចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។