វគ្គ​បណ្ដុះ​បណ្ដាល​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន

គ្រូពេទ្យ​ជំនាញ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន និង​មន្ត្រី​មក​ពី​អង្គការ​សហប្រជាជាតិ គ្រប់គ្រង​គ្រឿង​ញៀន និង​រួម​ទាំង​ឧក្រិដ្ឋកម្ម (យូ.អែន.អូ.ឌី.ស៊ី = UNODC = United Nations Office on Drug and Crime) នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ បាន​សហការ​គ្នា​បើក​វគ្គ​បណ្ដុះ​បណ្ដាល​លើក​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​សហគមន៍​មូលដ្ឋាន​ដោយ​មិន​យក​កម្រៃ។
ដោយ សុខ សេរី
2012-12-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

វគ្គ​បណ្ដុះ​បណ្ដាល​នេះ គឺ​មាន​រយៈពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី២៤ ដល់​ថ្ងៃ​ទី២៨ ខែ​ធ្នូ ដោយ​មាន​គ្រូពេទ្យ​មាន​បទពិសោធន៍ និង​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន មក​ចូល​រួម​ធ្វើ​បទ​បង្ហាញ​នៅ​ឯ​មន្ទីរ​ពិសោធន៍​ជាតិ របស់​ក្រសួង​សុខាភិបាល នៅ​ទួលគោក ទីក្រុង​ភ្នំពេញ។

គម្រោង​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​នោះ គឺ​សម្រាប់​រយៈពេល ៥​ឆ្នាំ នៅ​ខេត្ត​ចំនួន​៥ ដូច​ជា​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ សៀមរាប និង​ទីក្រុង​ភ្នំពេញ នៅ​គ្រា​ដែល​មាន​ការ​ប្រើប្រាស់​គ្រឿង​ញៀន និង​អ្នក​ញៀន​គ្រឿង​ញៀន​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ពេល​នេះ។

គ្រូពេទ្យ​ជំនាញ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា គេ​មាន​ផែនការ​បង្កើន​ការ​ព្យាបាល​ឲ្យ​ដល់​ចំនួន​ជាង ៤០០​សេវា ដើម្បី​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ខេត្ត​ទាំង​៥​នោះ នៅ​គ្រា​ដែល​ក្រសួង​សុខាភិបាល​មាន ១៦៥​សេវា​រួច​ហើយ ដើម្បី​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​កន្លង​មក​នេះ។

អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក មាស វីរិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ការ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​នៅ​តាម​សហគមន៍​នេះ គឺ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ស្ម័គ្រចិត្ត៖ «ការ​ព្យាបាល​នេះ គឺ​ផ្អែក​ទៅ​លើ​ឱសថ​ផង ផ្អែក​ទៅលើ​ពិធី​សារ​ក្នុង​ការ​ព្យាបាល ដែល​មាន​ការ​ទទួល​ស្គាល់ និង​គាំទ្រ​ពី​ក្រសួង​សុខាភិបាល។ និយាយ​ពី​ការ​ព្យាបាល គឺ​មាន​២​ដំណាក់​កាល ទី១ គឺ​ហៅ​ថា​ការ​បន្សាប មិន​មែន​យក​ឱសថ​ទៅ​បន្សាប​ទេ សំដៅ​ធ្វើ​ឲ្យ​សារធាតុ​ញៀន​ចេញ​ពី​ក្នុង​ខ្លួន​តាម​ទឹក​នោម​តាម​គ្រប់​មធ្យោបាយ នៅ​ពេល​សារធាតុ​ញៀន​ចេញ​ពី​ក្នុង​ខ្លួន រោគ​សញ្ញា​ញៀន​ចេញ​នោះ គឺ​ជា​ដំណាក់​នៃ​ការ​ព្យាបាល»

អភិបាល​រង​ក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​ជា​ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន នៅ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​កែ​ប្រែ​អ្នក​ញៀន​គ្រឿង​ញៀន​ឲ្យ​ក្លាយ​ជា​មនុស្ស​ធម្មតា​វិញ គឺ​ការ​ចាំបាច់​ណាស់ ពីព្រោះ​ក្រុម​គ្រួសារ​ជា​អ្នក​រង​ទុក្ខ​វេទនា​ដោយ​សារ​គ្រឿង​ញៀន​កន្លង​មក៖ «ទន្ទឹម​ប្រតិបត្តិការ​ដើម្បី និង​កំចាត់​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ផលិត​គ្រឿង​ញៀន យើង​ក៏​ត្រូវ​មាន​គោលការណ៍​ច្បាស់​ក្នុង​ការ​កែលំអ​នីតិសម្បទា​អ្នក​ដែល​ញៀន​គ្រឿង​ញៀន​នេះ ឲ្យ​ទៅ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​វិញ។ បញ្ហា​គ្រឿង​ញៀន​វា​មាន​គ្រោះថ្នាក់ ឧបមា​ថា អ្នក​ហ្នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ទេ លែង​ក្លាយ​ជា​ពលរដ្ឋ​ស្ថាបនា​ទៀត​ហើយ បើ​ប៉ះ​តែ​មួយ​មិន​អី​ទេ ប៉ុន្តែ​អ្នក​ហ្នឹង​ធ្វើ​ឲ្យ​ប៉ះ​គ្រួសារ​ទាំង​មូល»

ខេត្ត ក្រុង ដែល​ជា​គោលដៅ​សំខាន់​ដើម្បី​អនុវត្ត​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​នោះ គឺ​មាន​ចំនួន​១១ ក្នុង​នោះ​ការ​អនុវត្ត​នៅ​ខេត្ត​បន្ទាយមានជ័យ កន្លង​មក បាន​ទទួល​ការ​ជោគជ័យ។

រដ្ឋាភិបាល​មាន​ផែនការ​ពង្រីក​ការ​អនុវត្ត​នេះ​នៅ​ខេត្ត​បាត់ដំបង ប៉ៃលិន និង​ខេត្ត​សៀមរាប និង​ខេត្ត​នៅ​ភាគ​ឥសាន​មួយ​ចំនួន​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​ប្រឆាំង​គ្រឿង​ញៀន បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា មាន​មណ្ឌល​កែប្រែ និង​បន្សាប​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន ៩​កន្លែង គ្រប់គ្រង​ដោយ​រដ្ឋ និង​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ឯកជន​ចំនួន ៣​កន្លែង​ទៀត។ អ្នក​ញៀន​គ្រឿង​ញៀន​ដែល​ទទួល​បាន​ការ​ព្យាបាល គឺ​មាន​ចំនួន ៦​ពាន់​នាក់ ប៉ុន្តែ​ចំនួន​មិន​ផ្លូវការ គេ​បាន​ឲ្យ​ដឹង​ថា អ្នក​ញៀន​គ្រឿង​ញៀន​នៅ​កម្ពុជា មាន​ចំនួន​រវាង ៤ម៉ឺន​នាក់ ទៅ ៦​ម៉ឺន​នាក់​ឯ​ណោះ។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១២ បង្ហាញ​ថា ប្រទេស​កម្ពុជា កំពុង​តែ​មាន​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​ថា​ក្រុម​ឧក្រិដ្ឋជន​កំពុង​តែ​ប្រើប្រាស់​កម្ពុជា ជា​ទីតាំង​ប្រើ​ប្រាស់​គ្រឿង​ញៀន រត់​ពន្ធ​គ្រឿង​ញៀន កន្លែង​ផលិត​គ្រឿង​ញៀន ឆ្លង​កាត់​គ្រឿង​ញៀន និង​ចែក​ចាយ​គ្រឿង​ញៀន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល