មន្ត្រី​ក្រសួង​យុត្តិធម៌​ខ្មែរ​បដិសេធ​ដំណឹង​ផ្សាយ​ដោយ​វិទ្យុ​អាស៊ីសេរី​ភាសា​វៀតណាម

2008-08-27

អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ប្រទេស​កម្ពុជា បាន​បដិសេធ​ចំពោះ​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​វៀតណាម ដែល​បាន​ផ្សាយ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​មក​នេះ​ថា លោក​ជា​ប្រធាន​រណសិរ្ស​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​សេចក្តី​រាយការណ៍​មួយ​ទាក់ទង​នឹង​ការ​ដាក់​ទោស​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការបំផ្ទុះ​គ្រឿង​ផ្ទុះ TNT នៅ​វិមាន​អនុស្សាវរីយ៍​កម្ពុជា​-វៀតណាម កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៧ កន្លង​ទៅ។

លោក​អនុរដ្ឋលេខាធិការ សឺន រ៉េត សញ្ជាតិ​អាមេរិកាំង​កំណើត​ខ្មែរ នៅ​ក្នុង​រដ្ឋ Main បាន​ចេញ​លិខិត​ថា លោក​បាន​លា​ឈប់​ពី​រណសិរ្ស​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម តាំង​ពី​ខែ​សីហា ឆ្នាំ​២០០៤​ម្ល៉េះ។

លោក សឺន រ៉េត មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​១៦ ហ្នឹង វិទ្យុ​សំឡេង​វៀតណាម ថា មាន​សមាជិក​ស្អី​នៅ​ប្រទេស​កម្ពុជា បាន​ធ្វើ​សកម្មភាព​ដាក់​គ្រាប់​ផ្ទុះ​ស្អី នៅ​កន្លែង​រូប​មិត្តភាព​កម្ពុជា​-វៀតណាម នៅ​ម្ដុំ​វត្ត​បុទមវតី​ហ្នឹង ហើយ​ថា យក​សមាជិក​រណសិរ្ស​អី យក​មក​ពី​សហរដ្ឋ​អាមេរិក ហើយ​បច្ចុប្បន្ន​នេះ ប្រធាន​មាន​ឈ្មោះ​កំពុង​ធ្វើការ​ជា​សមាជិក​នៅ​ក្នុង​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន អី​ហ្នឹង ខ្ញុំ​ឃើញ​ថា វា​ប៉ះពាល់​ដល់​នយោបាយ​ដល់​អី។ អ៊ីចឹង​បាន​ខ្ញុំ​ធ្វើ​លិខិត​បញ្ជាក់​ទៅ​ថា ខ្ញុំ​មិន​មាន​ពាក់ព័ន្ធ​អី​នឹង​សកម្មភាព​អី​អ៊ីចឹង​ៗ​ទេ គឺ​កុំ​ឲ្យ​រដ្ឋាភិបាល​លោក​ច្រឡំ»

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​១៦ សីហា កន្លង​មក​នេះ វិទ្យុ​អាស៊ីសេរី​ភាសា​វៀតណាម បាន​ផ្សាយ​អំពី​ការសម្រេច​របស់​តុលាការ​កម្ពុជា ដែល​បាន​កាត់​ទោស​មនុស្ស​៣​នាក់ ក្នុង​ចំណោម​មនុស្ស​៥​នាក់​ឲ្យ​ជាប់​គុក​ម្នាក់​១៥​ឆ្នាំ និង​២​នាក់​ទៀត ចំនួន​១៧​ឆ្នាំ ចំពោះ​សកម្មភាព​ធ្វើ​ឲ្យ​ផ្ទុះ នៅ​វិមាន​អនុស្សាវរីយ៍​កម្ពុជា​-វៀតណាម កាល​ពី​ថ្ងៃ​២៧ ខែ​កញ្ញា ឆ្នាំ​២០០៧​នោះ។

សេចក្តី​រាយការណ៍​ជា​ភាសា​វៀតណាម​នោះ បាន​ឲ្យ​ដឹង​ថា លោក​អនុរដ្ឋលេខាធិការ សឺន រ៉េត ដែល​ជា​មេដឹកនាំ​រណសិរ្ស​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម មក​ពី​សហរដ្ឋ​អាមេរិក​ពុំ​ឃើញ​មាន​ទោស​ពៃរ៍​ផង​ទេ។

ទោះបី​យ៉ាង​ណា​ក្តី លោក សឺន រ៉េត បាន​ឲ្យ​ដឹង​ថា លោក​ពុំ​មាន​ការយល់​ទាស់​អ្វី ចំពោះ​ការតស៊ូ​តាម​ផ្លូវ​ច្បាប់​បែប​អហិង្សា​របស់​ជន​រួមជាតិ​ខ្មែរ​ក្រោម​ឡើយ ៖ «ឲ្យ​តែ​បង​ប្អូន​ធ្វើ​តាម​ច្បាប់​អន្តរជាតិ​អី ខ្ញុំ​គាំទ្រ​ក្នុង​នាម​ខ្ញុំ​ជា​ខ្មែរ​ម្នាក​ដែរ​យើង​ទាមទារ​ទៅ សាសន៍​ជាតិ​ដទៃ​ទៀត ក៏​គេ​ទាមទារ​សិទ្ធិ​សេរីភាព​ជុំវិញ​ពិភពលោក​ដែរ។ ដូចជា​សមាគម​នៅ​ប្រទេស​កម្ពុជា​នេះ មាន​ហូរហែ​អ៊ីចឹង​ក៏​លោក​ទាមទារ​សិទ្ធិ​សេរីភាព​អី ហើយ​ដែល​រដ្ឋាភិបាល ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ ខ្ញុំ​ជឿ​ថា មិន​ប៉ះពាល់​ទេ»

អត្ថបទ​ដែល​ទាក់ទង

កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សម្រាប់​ខ្មែរ​ក្រោម​មាន​វៀតណាម​ចូល​រៀន​ច្រើន​ជាង

ថាច់ ង៉ុកថាច់៖ ទឹម សាខន អាច​នឹង​មាន​សេរីភាព​នា​ពេល​ឆាប់ៗ​នេះ

ខ្មែរ​ក្រោម​៣​នាក់​កំពុង​លាក់​ខ្លួន​នៅ​កម្ពុជា​ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​វៀតណាម

គម្រោងការ​ធ្វើ​បាតុកម្ម​បណ្ដេញ​ចៅ​អធិការ​វត្ត​សាមគ្គីរង្សី​ត្រូវ​បាន​លុប​ចោល

ព្រះសង្ឃ​ខែ្មរ​ក្រោម​មួយ​អង្គ​គំរាម​ដឹកនាំ​បាតុកម្ម​បណ្ដេញ​ចៅអធិការ​វត្ត​សាមគ្គីរង្សី

អាជ្ញាធរ​វៀតណាម​រង​ការចោទ​ថា​រារាំង ទឹម សាខន មិន​ឲ្យ​វិល​មក​កម្ពុជា

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​កិច្ចប្រជុំ​នៅ​សហរដ្ឋ​អាមេរិក

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សុំ​ឲ្យ​ស.រ.អា.​បន្ត​ពិនិត្យ​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម

សុន ឆ័យ គ្រោង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ ទឹម សាខន នៅ​វៀតណាម

កូន​សិស្ស​វៀតណាម​រស់​នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចូល​ទៅ​រៀន​នៅ​វៀតណាម