លោកអនុរដ្ឋលេខាធិការ សឺន រ៉េត សញ្ជាតិអាមេរិកាំងកំណើតខ្មែរ នៅក្នុងរដ្ឋ Main បានចេញលិខិតថា លោកបានលាឈប់ពីរណសិរ្សរំដោះខ្មែរកម្ពុជាក្រោម តាំងពីខែសីហា ឆ្នាំ២០០៤ម្ល៉េះ។
លោក សឺន រ៉េត មានប្រសាសន៍ថា ៖ «ថ្ងៃ១៦ ហ្នឹង វិទ្យុសំឡេងវៀតណាម ថា មានសមាជិកស្អីនៅប្រទេសកម្ពុជា បានធ្វើសកម្មភាពដាក់គ្រាប់ផ្ទុះស្អី នៅកន្លែងរូបមិត្តភាពកម្ពុជា-វៀតណាម នៅម្ដុំវត្តបុទមវតីហ្នឹង ហើយថា យកសមាជិករណសិរ្សអី យកមកពីសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះ ប្រធានមានឈ្មោះកំពុងធ្វើការជាសមាជិកនៅក្នុងរដ្ឋាភិបាលសម្ដេច ហ៊ុន សែន អីហ្នឹង ខ្ញុំឃើញថា វាប៉ះពាល់ដល់នយោបាយដល់អី។ អ៊ីចឹងបានខ្ញុំធ្វើលិខិតបញ្ជាក់ទៅថា ខ្ញុំមិនមានពាក់ព័ន្ធអីនឹងសកម្មភាពអីអ៊ីចឹងៗទេ គឺកុំឲ្យរដ្ឋាភិបាលលោកច្រឡំ»។
សូមជម្រាបថា កាលពីថ្ងៃ១៦ សីហា កន្លងមកនេះ វិទ្យុអាស៊ីសេរីភាសាវៀតណាម បានផ្សាយអំពីការសម្រេចរបស់តុលាការកម្ពុជា ដែលបានកាត់ទោសមនុស្ស៣នាក់ ក្នុងចំណោមមនុស្ស៥នាក់ឲ្យជាប់គុកម្នាក់១៥ឆ្នាំ និង២នាក់ទៀត ចំនួន១៧ឆ្នាំ ចំពោះសកម្មភាពធ្វើឲ្យផ្ទុះ នៅវិមានអនុស្សាវរីយ៍កម្ពុជា-វៀតណាម កាលពីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០០៧នោះ។
សេចក្តីរាយការណ៍ជាភាសាវៀតណាមនោះ បានឲ្យដឹងថា លោកអនុរដ្ឋលេខាធិការ សឺន រ៉េត ដែលជាមេដឹកនាំរណសិរ្សរំដោះខ្មែរកម្ពុជាក្រោម មកពីសហរដ្ឋអាមេរិកពុំឃើញមានទោសពៃរ៍ផងទេ។
ទោះបីយ៉ាងណាក្តី លោក សឺន រ៉េត បានឲ្យដឹងថា លោកពុំមានការយល់ទាស់អ្វី ចំពោះការតស៊ូតាមផ្លូវច្បាប់បែបអហិង្សារបស់ជនរួមជាតិខ្មែរក្រោមឡើយ ៖ «ឲ្យតែបងប្អូនធ្វើតាមច្បាប់អន្តរជាតិអី ខ្ញុំគាំទ្រក្នុងនាមខ្ញុំជាខ្មែរម្នាកដែរយើងទាមទារទៅ សាសន៍ជាតិដទៃទៀត ក៏គេទាមទារសិទ្ធិសេរីភាពជុំវិញពិភពលោកដែរ។ ដូចជាសមាគមនៅប្រទេសកម្ពុជានេះ មានហូរហែអ៊ីចឹងក៏លោកទាមទារសិទ្ធិសេរីភាពអី ហើយដែលរដ្ឋាភិបាល ក៏អនុញ្ញាតឲ្យធ្វើដែរ ខ្ញុំជឿថា មិនប៉ះពាល់ទេ»៕
