ប្រតិកម្ម​ចំពោះ​ការ​​ក្លែង​បន្លំ​ប្រើ​ទង់ជាតិ​កម្ពុជា​លើ​កប៉ាល់​ពាណិជ្ជកម្ម​បរទេស

0:00 / 0:00

បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ផ្អាក​នាំ​ចូល​ត្រី​ពី​ប្រទេស​កម្ពុជា ដោយ​​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​លើ​ការ​ក្លែង​បន្លំ​​នាវា​នាំ​ចូល​តាម​រយៈ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ដែល​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​កប៉ាល់​ដឹក​ត្រី​បរទេស​នានា​ អាច​​ប្រើ​ទង់ជាតិ​របស់​កម្ពុជា​​បាន រាជ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​បញ្ហា​​​នោះ ដោយ​ខិត​ខំ​ប្រឹង​ប្រែង​សហការ​រវាង​​ក្រុមហ៊ុន​ដៃគូ លើ​ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា នៅ​លំហ​សមុទ្រ​អន្តរជាតិ។

កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​កសិកម្ម​និង​ជលផល​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៤ បាន​សម្រេច​ផ្អាក​ប្រទេស​​ចំនួន​បី ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​​ធនធាន​ជលផល​របស់​ខ្លួន​ទៅ​សហភាព​​អឺរ៉ុប​ឡើយ។ ជាក់​ស្ដែង​ ​ការ​ផ្អាក​ចំពោះ​ករណី​​ប្រទេស​កម្ពុជា ដោយ​គេ​បាន​រក​ឃើញ​ថា មាន​ជាប់​នឹង​ការ​នេសាទ​ដោយ​ខុស​ច្បាប់ ​និង​ក្រុមហ៊ុន​នាំ​ចេញ​ត្រី​ទៅ​សហភាព​អឺរ៉ុប​មួយ​ចំនួន​មិន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​មិន​បាន​រាយការណ៍​អំពី​បរិមាណ​នាំចេញ​ដល់​មន្ត្រី​រដ្ឋាភិបាល។

ការ​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​វិស័យ​កសិកម្ម​និង​ជលផល​របស់​សហភាព​អឺរ៉ុប ដែល​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​ចំពោះ​ការ​ផ្អាក​នាំ​ចូល​ត្រី​នោះ ដោយ​សារ​ប្រទេស​កម្ពុជា មិន​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ឡើយ​ចំពោះ​ការ​ស្នើ​សុំ​របស់​សហភាព​អឺរ៉ុប លើ​ការ​ក្លែង​បន្លំ​កប៉ាល់​ដឹក​ត្រី​បរទេស​ដែល​ដោត​ទង់​ជាតិ​ប្រទេស​កម្ពុជា កន្លង​មក។

លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ បាន​គូស​បញ្ជាក់​ទៀត​ថា សហភាព​អឺរ៉ុប​បាន​រក​ឃើញ​​បញ្ហា​ដដែល​​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ការ​នេសាទ​ខុស​ច្បាប់ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួញ​ដូរ​ត្រី​​ខុស​ច្បាប់។

ប្រធាន​រដ្ឋបាល​ជលផល លោក​ ណៅ ធួក ធ្លាប់​បាន​អះអាង​ថា​​​ ការ​ហាម​ឃាត់​របស់​សហភាព​អឺរ៉ុប​នោះ​ មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​​ឡើយ ដោយ​សារ​តែ​កម្ពុជា មិន​បាន​នាំ​ចូល​ត្រី​ទៅ​សហភាព​អឺរ៉ុប​នោះ​ទេ។

របាយការណ៍​របស់​រដ្ឋបាល​ជលផល​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​នាំចេញ​ត្រី​ត្រង់​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ទៅ​សហភាព​អឺរ៉ុប ដោយសារ​បច្ចេកទេស​នាំចូល​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​ការ​នាំ​ចេញ​ក្រៅ​ពី​ទីផ្សារ​អឺរ៉ុប​មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ទោះ​បី​ជា​បរិមាណ​ត្រី​ដែល​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន​តិច​តួច ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា​ ​ការ​ប្រកាស​ផ្អាក​មិន​ឲ្យ​ប្រទេស​កម្ពុជា​នាំ​ចូល​ត្រី​ទៅ​លក់​សហភាព​អឺរ៉ុប​​នេះ អាច​ធ្វើ​កេរ្តិ៍​ឈ្មោះ​​កម្ពុជា អាប់អោន​នៅ​លើ​ឆាក​អន្តរជាតិ។ សង្គម​ស៊ីវិល​បាន​លើក​ឡើង​ទៀត​ថា​ វិធានការ​​របស់​សហភាព​អឺរ៉ុប​​នេះ នឹង​ជួយ​ជំរុញ​ការ​កាត់​បន្ថយ​ការ​នេសាទ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក អ៊ុំ សាវ៉ាត មាន​ប្រសាសន៍​ថា អ្នក​នាំ​ចេញ​ត្រី​​ពី​កម្ពុជា​ ហាក់​មាន​ភាព​មិន​ស្មោះត្រង់​ ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​នាំ​ចេញ​មិន​​ស្រប​ច្បាប់ និង​ការ​សូក​ប៉ាន់​ដើម្បី​​នេសាទ​ដោយ​ខុស​ច្បាប់​ជា​ដើម​ ដែល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទ​ល្មើស​នេសាទ​​កាន់​តែ​ អន់​ខ្សោយ​ឬ​គ្មាន​ប្រសិទ្ធភាព។

លោក អ៊ុំ សាវ៉ាត៖ «ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល គឺ​ទាមទារ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់ ទាំង​ការ​នេសាទ និង​សំណុំ​បែប​បទ​ផ្សេង​​សម្រាប់​ជួយ​រួម​ចំណែក​​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់។ អ៊ីចឹង​សហគមន៍​អឺរ៉ុប ជំរុញ​​ឲ្យ​រដ្ឋាភិបាល ឲ្យ​ធ្វើ​ការ​គោរព​ច្បាប់ គឺ​ជា​ចំណែក​ធ្វើ​យ៉ាង​ណា ធ្វើ​មាន​និរន្តរភាព​នៃ​ធនធាន​ជលផល»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​ចំនួន ២៨ ហាម​ការ​នាំ​ចូល​ត្រី​ពី​កម្ពុជា​នោះ មិន​មែន​ហេតុផល​​លើ​ការ​នេសាទ​ខុស​ច្បាប់​តែ​មួយ​នោះ​ទេ។ បញ្ហា​​ធំ​​​បំផុត​​ដែល​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​នោះ គឺ​​​ការ​គ្រប់​គ្រង​កប៉ាល់​​​អាជីវកម្ម​បរទេស​ដែល​មាន​ដោត​ទង់​ជាតិ​កម្ពុជា នៅ​លំហ​សមុទ្រ​អន្តរជាតិ។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជ្រើសរើស​ក្រុមហ៊ុន​ដៃគូ​ចុះ​បញ្ជី​កប៉ាល់​បរទេស​នៅ​​ក្នុង​លំហ​សមុទ្រ​អន្តរជាតិ​ ឈ្មោះ​កូស្មូស (Cosmos) ​ជា​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ឆ្នាំ​២០០៣។

ប្រធាន​ក្រុម​កិច្ចការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សេចក្ដី​ព្រមព្រៀង​របស់​ក្រុមហ៊ុន​នាវាចរណ៍​ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ លោក សេង លំនៅ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០២​ រាជរដ្ឋាភិបាល​បាន​រៀបចំ​អាជ្ញាធរ​មួយ​ដែល​ចូល​រួម​ពី​ក្រសួង​ជា​ច្រើន​ដើម្បី​គ្រប់គ្រង លើ​ការ​អនុញ្ញាត​ការ​ចុះ​បញ្ជី​កប៉ាល់​បរទេស​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា។ ការ​សម្រេច​យក​ក្រុមហ៊ុន​ កូស្មូស​ ជា​​ក្រុមហ៊ុន​ដៃគូ​នោះ​ដោយ​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ដែល​កម្ពុជា ចង់​បាន​ ក្នុង​នោះ​ រួម​មាន​​ឯកទេស ក្រមសីលធម៌ និង​ស្ថិរភាព​ហិរញ្ញវត្ថុ។

លោក សេង លំនៅ បញ្ជាក់​​​ទៀត​ថា ដើម្បី​កាត់​បន្ថយ​​កប៉ាល់​បរទេស​ដែល​ដោត​ទង់​ជាតិ​កម្ពុជា ប្រព្រឹត្ត​មិន​ស្រប​ច្បាប់​នៅ​លើ​ឆាក​សមុទ្រ​អន្តរជាតិ​​នោះ ត្រូវ​មាន​កិច្ចព្រមព្រៀង​​​រវាង​ក្រុមហ៊ុន​និង​អ្នក​ផ្ដល់​សិទ្ធ​ឲ្យ​ប្រើប្រាស់​ទង់ជាតិ​កម្ពុជា ប៉ុន្តែ​ការ​អនុវត្ត​នេះ មាន​ប្រសិទ្ធភាព​តិច​តួច​ប៉ុណ្ណោះ។

លោក សេង លំនៅ៖ «នៅ​ក្នុង​ហ្នឹង​ដើម្បី​ជៀសវាង​កុំ​ឲ្យ​នាវា​ដោត​ទង់​ជាតិ​កម្ពុជា ទៅ​ចាប់​ត្រី​គេ... នៅ​ពេល​ដែល​ចុះ​បញ្ជី​ហ្នឹង ត្រូវ​បង្ខំ​ឲ្យ​​ម្ចាស់​នាវា​ហ្នឹង​ធ្វើ​ការ​ប្រកាស​ទទួល​ស្គាល់ ថា​ខ្លួន​គោរព​ច្បាប់​ មិន​ចាប់​ត្រី ទទួល​ការ​ពិន័យ​​គ្រប់​បែប​យ៉ាង។ យើង​ដឹង​ហើយ​ថា ការ​ប្រកាស​ហ្នឹង​ជួន​កាល​គោរព ជួនកាល​មិន​គោរព ប៉ុន្តែ​បាន​ប្រកាស​ហ្នឹង យើង​អាច​លុប​ឈ្មោះ​គេ​ចោល​បាន»

របាយការណ៍​របស់​​ក្រុម​កិច្ចការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សេចក្ដី​ព្រមព្រៀង​របស់​ក្រុមហ៊ុន​នាវាចរណ៍​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​បង្ហាញ​ថា​ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​កប៉ាល់​បរទេស​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​មាន​បញ្ហា​ច្រើន​ប៉ះពាល់​ដល់​កេរ្តិ៍​របស់​រាជរដ្ឋាភិបាល ដោយ​នាវា​បរទេស​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​ដឹក​ជញ្ជូន​អាភៀន គ្រឿងញៀន ការ​ដឹក​អាវុធ ឬ​សមាជិក​នាវា​ដែល​មាន​ដោត​ទង់​ជាតិ​របស់​កម្ពុជា ទៅ​ប្លន់​នាវា​របស់​ប្រទេស​ផ្សេង​ជា​ដើម។

​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ កម្ពុជា​មាន​កប៉ាល់​​ពាណិជ្ជកម្ម​បរទេស​ដែល​បាន​ចុះ​បញ្ជី​ចំនួន ២.៥០០​កប៉ាល់ និង​នៅ​ឆ្នាំ​២០១៣ ​បាន​ថយ​ចុះ​ត្រឹម​ជាង ​១.៥០០។ ប៉ុន្តែ​បច្ចុប្បន្ន​ កប៉ាល់​ពាណិជ្ជកម្ម​បរទេស​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ទង់​ជាតិ​កម្ពុជា​ មាន​ចំនួន​ប្រមាណ ៥៥០​គ្រឿង​ប៉ុណ្ណោះ។

បន្ថែម​លើ​នេះ ​ក្រុមហ៊ុន​កូស្មូស​​ដែល​ជា​ក្រុមហ៊ុន​ដៃគូ​របស់​រាជ​រដ្ឋាភិបាល លើ​ការ​គ្រប់គ្រង​ចុះ​បញ្ជី​​កប៉ាល់​ពាណិជ្ជកម្ម​បរទេស​នៅ​លើ​លំហ​សមុទ្រ​អន្តរជាតិ​​នោះ​ ​រក​ចំណូល​​​បាន ៦​លាន​ដុល្លារ​អាមេរិក​ នៅ​អំឡុង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។