ឆ្នាំ​២០០៨ រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់ ៣០០​លាន​ដុល្លារ​ដើម្បី​ទប់​ថ្លៃ​ប្រេង

កាសែត​សំណេរថ្មី​បាន​ស្រង់​ប្រសាសន៍​លោករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គាត ឈន់ ថា រដ្ឋាភិបាល​នឹង​ចំណាយ​ប្រាក់​ទាំងអស់ ៣០០​លាន​ដុល្លារ នៅឆ្នាំ​២០០៨​នេះ ដើម្បី​គាំទ្រ​តម្លៃ​សាំង​កុំ​ឲ្យ​ឡើងថ្លៃ​ហួសពេក ។

លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ព្យាយាម​​ទប់ស្កាត់​អតិផរណា ដែល​ជា​បាតុភូត​កើត​មកពី​ក្រៅ​ប្រទេស ដោយ​ការចំណាយ​ប្រាក់​គាំទ្រ​តម្លៃ​សាំង ។

លោក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ រដ្ឋាភិបាល​នៅតែ​បន្ត​យក​ពន្ធ​សាំង​ក្នុង​អត្រា​ដដែល គឺ​៣០៩​ដុល្លារ​អាមេរិក​សម្រាប់​​សាំង​មួយ​តោន និង ២៦៧​ដុល្លារ​សម្រាប់​ម៉ាហ្ស៊ូត ថ្វីបើ​ប្រេងឥន្ធនៈ​ដែល​នាំចូល​បាន​ឡើងថ្លៃ​ជាង ១​ពាន់​ដុល្លារ​ក្នុង​មួយតោន​ទៅ​ហើយ​នោះ ៕