តំណាងគណបក្សសមរង្ស៊ី ខេត្តក្រចេះ លោក ឡុង រី បានផ្ដល់ព័ត៌មានតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី១៣ កក្កដា ថា ឈ្មោះ ឈឹម ប្រុស ជាក្មួយរបស់លោក ឈឹម ស្រួច ជាសកម្មជនរបស់គណបក្សសមរង្ស៊ី ភូមិនាគកណ្ដាល ឃុំស្រែចារ ដែលការវាយដំនោះ លោកបានចោទថា ជារឿងនយោបាយ ។
លោក ឡុង រី ថ្លែងដូច្នេះថា ៖ «គឺជាជ័រឯកជនរបស់គាត់ទេ ក្មួយគាត់អត់មានទៅលួច ទៅកាប់ ទៅឆក់ ទៅប្លន់គេទេ អ៊ីចឹងខ្ញុំគិតថា នេះជាករណីនយោបាយសុទ្ធសាធ ព្រោះដោយសារឃើញចរន្តប្រជាពលរដ្ឋ នៅឃុំស្រែចារនេះ ងាកមកគាំទ្រគណបក្សសមរង្ស៊ី ដោយគាត់ឈឺចាប់នូវរឿងដីធ្លី រឿងគាបសង្កត់ខ្លាំងពេក ធ្វើឲ្យក្រុមជីវពលហ្នឹង គេបង្កើតជាសភាពការណ៍មួយ គំរាមកំហែង បំភិតបំភ័យ និងធ្វើទារុណកម្មទៅលើសកម្មជនរបស់យើងខ្ញុំ» ។
លោក ឡុង រី បានបញ្ជាក់ថា លោកនឹងប្ដឹងទៅតុលាការដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាត ដើម្បីឲ្យគេយកជនដៃដល់ទៅកាត់ទោសតាមច្បាប់ ។
លោក ឈឹម ស្រួច បានអះអាងថា នៅក្នុងគ្រួសារមានតែលោកម្នាក់ទេ ដែលចូលជាសមាជិកគាំទ្ររបស់គណបក្សសមរង្ស៊ី នៅភូមិនាគកណ្ដាល ហើយថា ក្មួយលោកឈ្មោះ ឈឹម ប្រុស មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកលេងបានមួយថ្ងៃ គឺនៅល្ងាចថ្ងៃទី១២ កក្កដា លោកមានជំងឺគ្រុន ក៏ពឹងឲ្យក្មួយជួយឌុបជ័រកៅស៊ូ ពីរនាក់ប្អូនលោក ដែលត្រូវគេវាយបាក់ដៃដែរនោះ យកទៅលក់ឲ្យឯកជនដូចធម្មតា ដែលលោកថា ការប៉ងសម្លាប់ហ្នឹង មានភាពឃោរឃៅ ហើយពាក់ព័ន្ធទៅនឹងរឿងឯកជន ។
លោក ឈឹម ស្រួច មានប្រសាសន៍ថា ៖ «បុគ្គលដែលបានប្រព្រឹត្តមកលើអ្នករងគ្រោះហ្នឹង ខ្ញុំអត់យល់ថា អ្វីដែលប្រឆាំងអ្នកនយោបាយដូចគ្នាទេ អត់មានទេ» ។
នាយកផ្នែកដាំដុះក្រុមហ៊ុនចម្ការកៅស៊ូ ស្រុកស្នួល គឺលោក មា គាត បានបញ្ជាក់ថា ដំណឹងដែលលោកទទួលបានជាដំបូង ដូចជាខុសពីការចោទប្រកាន់បែបនេះ ៖ «សួរទៅផ្ទាល់ វាថា វាភ័យពេក វារត់ទៅប៉ះរបងរយះអីខ្លួនវាទេ ។ ឲ្យប៉ូលិសធ្វើការជាក់ស្ដែងសិន ជាមួយប្រជាពលរដ្ឋ ហើយជាមួយអ្នកកើតហេតុហ្នឹង» ។
យុវជនអាយុ១៧ឆ្នាំនៅភូមិរអា ជាសាក្សីឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៥ទៀបភ្លឺ ខ្លួនជាមួយនឹងបងប្រុស បានជិះម៉ូតូចេញពីភូមិ ទៅរកទិញបបរ ក៏ប្រទះឃើញកងជីវពល ចោមរោមវាយយុវជន ឈឹម ប្រុស និងប្អូនលោក ឈឹម ស្រួច ៖ «ជីវពលចម្ការកៅស៊ូស្នួល គ្នា ៦នាក់ រត់ចេញពីព្រៃ ចេញមកវ៉ៃតែម្ដង ។ វ៉ៃនឹងព្រនង់ត្រូវគុម្ពត្រចៀក កន្លែងសៀតផ្កា ក្បាលបែកឈាម គេអារកនឹងធាងត្នោតកុំតែខ្ញុំមកពីទិញបបរទាន់ កុំអីគេសម្លាប់មែន» ។
ប៉ូលិសស្រុកស្នួល បានអះអាងតាមការទទួលព័ត៌មានជាបឋមថា យុវជនរងគ្រោះនោះ ស្លៀកពាក់ខោអាវគណបក្សប្រជាជន ហើយឌុបជ័រ ៕
