គណៈកម្មការ​ទី​១០​សភា​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល​ត្រួត​ពិនិត្យ​គ្លីនិក​ឯកជន​ខ្វះ​ជំនាញ

0:00 / 0:00

គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ បាន​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បំភ្លឺ​ទាក់ទង​បញ្ហា​ជាច្រើន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​វិស័យ​សុខាភិបាល ហើយ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ប្រទះ និង​រងគ្រោះ​ដោយសារ​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​គ្រប់គ្រង​សេវា​មួយ​នេះ។

ប្រធាន​គណៈកម្មការ​ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ជំនួប​នេះ គឺ​ដើម្បី​រក្សា​នូវ​វប្បធម៌​សន្ទនា​រវាង​គណៈកម្មការ និង​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ជាតិ។

ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ត្រួត​ពិនិត្យ និង​គ្រប់គ្រង​គ្លីនិក​ឯកជន ដែល​កំពុង​រីក​ដុះដាល​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​ខ្វះ​ជំនាញ​ក្នុង​ការ​ផ្ដល់​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ។

លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​មុខ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១០ មេសា ក្រោយ​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ថា ក្រសួង​គួរ​ពង្រឹង និង​ចាត់​វិធានការ​គ្រប់គ្រង​គ្លីនិក​ឯកជន​ដែល​ពុំ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​បើក​អាជីវកម្ម​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​វិជ្ជាជីវៈ។ លោក ហូរ វ៉ាន់ ក៏​ទាមទារ​ឲ្យ​ក្រសួង​ពិនិត្យ​មើល​នៅ​តាម​ឱសថដ្ឋាន​ជាច្រើន ដែល​មាន​ឱសថការី​ឈរ​ឈ្មោះ​ក្នុង​អាជីវកម្ម​នោះ កំពុង​មាន​ភាព​មិន​ប្រក្រតី ហើយ​ចរាចរ​ឱសថ​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ ដែល​ត្រូវ​ឲ្យ​មាន​ច្បាប់ និង​មាន​ការ​ត្រួត​ពិនិត្យ​ចំពោះ​បញ្ហា​នេះ៖ «មាន​ស្លាប់​មនុស្ស ដោយសារ​តែ​គ្មាន​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ព្យាបាល។ បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋមន្ត្រី​បាន​ឆ្លើយ យើង​នៅ​មិន​ទាន់​ទទួល​យក​បាន​ទេ»

សមាគម​គ្រឹះស្ថាន​សេវា​សុខាភិបាល​ឯកជន​កម្ពុជា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គ្លីនិក​ឯកជន​មាន​ប្រមាណ ៤​ពាន់​កន្លែង ក្នុង​នោះ​មាន ១៥% ដែល​បាន​បើក​ដំណើរ​ការ​ដោយ​ខុស​ច្បាប់។

ពាក់ព័ន្ធ​ជំនួប​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ក្រសួង​នឹង​ធ្វើ​ការ​កែលំអ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​វិស័យ​សេវា​សុខាភិបាល។ លោក​ថ្លែង​ថា ក្រសួង​នឹង​ទទួល​នូវ​ការ​ផ្ដល់​មតិ ដើម្បី​លើក​កម្ពស់​ការ​ផ្ដល់​សេវា​សុខាភិបាល​បន្ថែម​ទៀត៖ «ជា​ការ​ជួប​ជុំ​មួយ​ដ៏​មាន​សារសំខាន់»

ក្នុង​ជំនួប​រវាង​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល គណៈកម្មការ​នេះ​ក៏​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​ទៀត​មាន​ជាអាទិ៍ បញ្ហា​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​បាត់​ថវិកា​ពី​ជំនួយ​មូលនិធិ​សាកល គ្លូបប៊ល ហ្វាន់ (Global Fun) ដែល​ផ្ដល់​ជូន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ (ប៉ារ៉ាស៊ីត​សាស្ត្រ បាណកសាស្ត្រ) ការ​គ្រប់គ្រង​តម្លៃ​ឱសថ​ដែល​ពេទ្យ​រដ្ឋ​លក់​ថ្លៃ​ជាង​តម្លៃ​លក់​នៅ​ទីផ្សារ។ គណៈកម្មការ​នេះ ក៏​ស្នើ​ឲ្យ​បញ្ឈប់​ការ​ដោះដូរ​លក់​ទីតាំង​អគារ​ពេទ្យ​របស់​រដ្ឋ កុំ​ឲ្យ​ចាត់​វិធានការ និង​ធ្វើ​បាប ឬ​ដាក់​ពិន័យ​ការងារ​ចំពោះ​បុគ្គលិក​រដ្ឋ ឬ​អ្នក​ដែល​ហ៊ាន​រាយការណ៍​ពី​បញ្ហា​ក្នុង​ក្រសួង បញ្ហា​គ្រឿង​ឧបភោគ​បរិភោគ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​គីមី ហើយ​ដាក់​ពិន័យ និង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ។

ទាក់ទង​ទៅ​ដល់​ការ​ចំណាយ​ក្នុង​វិស័យ​សុខាភិបាល​វិញ។ ចំណាយ​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាតិ​ជាង ១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨។ ក្នុង​ឆ្នាំ​២០១៥ ចំណាយ​ក្នុង​វិស័យ​នេះ​ប្រមាណ ៣០០​លាន​ដុល្លារ និង​គ្រោង​ចំណាយ​ប្រមាណ ៥០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។ ក្នុង​ឆ្នាំ​២០១៥ នេះ កម្ពុជា ចំណាយ​ប្រាក់​ប្រមាណ​ជិត ៦% បើ​ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។ តួលេខ​នេះ នាំ​ឲ្យ​ចំណាយ​ថវិកា​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា ឈរ​នៅ​លំដាប់​ទី​២ ក្នុង​តំបន់​អាស៊ាន តាម​ពី​ក្រោយ​វៀតណាម ដែល​ចាយ​ថវិកា​ជាតិ​ប្រមាណ​ជិត ៧% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ មាន​ចម្ងល់​ជាច្រើន​ពី​ឧបសគ្គ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​អាទិភាព​មួយ​នេះ នៅ​ពេល​ដែល​ថវិកា​សម្រាប់​ចំណាយ​មិន​ខ្វះ​បែប​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។