មន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានប្រមូលកាកសំណល់បង្អែមចេកខ្ទិះ ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀតពីសាលាបឋមសិក្សាត្រាំប៉ោង ផ្ញើទៅពិសោធឯទីក្រុងភ្នំពេញ ហើយ ដើម្បីឱ្យប្រាកដថា តើជាតិពុលនៅក្នុងចេកខ្ទិះ ដែលបណ្ដាលឱ្យសិស្សពុលចេញពីប្រភពណា? ការពិសោធរកជាតិពុលនេះ ធ្វើឡើងនៅក្រោយពេលដែលសិស្សសាលាត្រាំប៉ោង នៃឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ១៤០នាក់ មានអាការៈពុលជាបន្តបន្ទាប់ ចាប់តាំងតែពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា មក។
ទាំងមន្ត្រីមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ ប៉ូលិស និងអាជ្ញាធរមូលដ្ឋាននៃស្រុកត្រពាំងប្រាសាទ សុទ្ធតែដាក់ការសង្ស័យដូចគ្នាថា មូលហេតុដែលសិស្សសាលាបឋមសិក្សាត្រាំប៉ោង ១៤០នាក់ ពុលនោះ គឺទំនងជាបណ្ដាលមកពីបង្អែមចេកខ្ទិះ ដែលអ្នកគ្រប់គ្រងសាលាបានធ្វើឱ្យក្មេងៗញ៉ាំ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះ គ្មានអ្នកណាម្នាក់ទាន់រកឃើញពីមូលហេតុពិតនៃការពុលអាហារទាំងនោះ ថាតើបណ្ដាលមកពីសារធាតុអ្វីច្បាស់លាស់នៅឡើយទេ។
មេឃុំស្ដីទីនៃឃុំព្រះប្រឡាយ គឺអ្នកស្រី ថោង ធារី។ អ្នកស្រីអះអាងកាលពីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ថាចាប់តាំងពីល្ងាចថ្ងៃទី១៦ វិច្ឆិកា រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា គឺមានសិស្សសាលាបឋមសិក្សាត្រាំប៉ោង ចំនួន ១៤០នាក់ ចុងភៅ និងគ្រូបង្រៀនចំនួន ៣នាក់ផ្សេងទៀតបានពុលអាហារ។
អ្នកស្រី ធារី បញ្ជាក់ទៀតថា ជាច្រើនខែមកហើយ ព្រះវិហាររបស់គ្រិស្តសាសនាមួយឈ្មោះ ឌី.ភី.ស៊ី (DPC) បានជួយផ្ដល់របបអាហារពីរពេល ទៅឱ្យសិស្សសាលាត្រាំប៉ោង បានទទួលទាននៅពេលព្រឹក និងពេលរសៀល។
អង្គការសាសនានោះ បានឱ្យប្រាក់ទៅអ្នកគ្រប់គ្រងសាលាដើម្បីទិញសាច់បន្លែ ផ្លែឈើ យកមកធ្វើម្ហូប និងបង្អែម ឱ្យសិស្សសាលាបានទទួលទានជារៀងរាល់ថ្ងៃ។ ប៉ុន្តែកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា គឺសាលាបានធ្វើបង្អែមចេកខ្ទិះ ឱ្យសិស្សទទួលទាន ស្រាប់តែធ្វើឱ្យសិស្ស ១៤០នាក់ ចុងភៅ និងគ្រូបង្រៀនពុលតែម្ដង៖ «ខ្ញុំចុះទៅពិនិត្យល្ងាចមិញហ្នឹងឃើញចុងភៅពុលម្នាក់ មានអាការៈធ្ងន់ធ្ងរ ម្នាក់មិនធ្ងន់ទេ។ ទិញចេកមកពីតាមផ្សាររាយរង និងទិញម្សៅសាគូពីតូបមួយកន្លែងដែលលក់នៅជិតហ្នឹង»។
អាជ្ញាធរស្រុកត្រពាំងប្រាសាទ និងខេត្តឧត្តរមានជ័យ បានស្វះស្វែងរករថយន្តពេទ្យជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនសិស្សសាលាតូចៗទាំងនោះ យកទៅសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ។
អភិបាលស្រុកត្រពាំងប្រាសាទ លោក នៅ សំដារ៉ារិទ្ធ មានប្រសាសន៍ថា ចាប់តាំងពីដឹងថា សិស្សសាលាជាង ១០០នាក់ បានពុលអាហារ គឺលោកបានស្នើសុំរថយន្តពេទ្យពីខេត្តឧត្តរមានជ័យ ពីស្រុកអន្លង់វែង ពីទាហាននៃកងពលតូចលេខ៨ ព្រមទាំងរថយន្តរបស់មន្ទីរពេទ្យស្រុកត្រពាំងប្រាសាទ ខ្លួនឯង ជួយដឹកជញ្ជូនកុមារទៅសង្គ្រោះនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង ដូចជាទៅមន្ទីរពេទ្យស្រអែម នៃស្រុកជាំក្សាន្ត របស់ខេត្តព្រះវិហារ ទៅមន្ទីរពេទ្យទំនប់ដាច់នៃស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង របស់ខេត្តឧត្តរមានជ័យ។
លោក នៅ សំដារ៉ារិទ្ធ បញ្ជាក់ថា បើទោះបីជាកុមារ ១៤០នាក់ បានពុលបង្អែមចេកខ្ទិះ ដោយអាការៈក្អួតជាបន្តបន្ទាប់គ្នាក៏ដោយ ក៏រហូតមកដល់ពេលនេះ មិនមានអ្នកណាម្នាក់ធ្ងន់ធ្ងររហូតដល់ស្លាប់បាត់បង់ជីវិតទេ៖ «សាលាហ្នឹងគាត់មានចែកបាយ ឱ្យសិស្សដែលរៀនពេលព្រឹក ឯពេលល្ងាចមានបង្អែម ដោយគាត់ធ្វើចេកខ្ទិះ ក៏ពុលតែម្ដង តែមកដល់ម៉ោងនេះ មិនទាន់មានអ្នកបាត់បង់ជីវិតទេ»។
ទាំងប៉ូលិសប៉ុស្តិ៍ ទាំងមន្ត្រីក្រុមប្រឹក្សាឃុំព្រះប្រឡាយ និងអាជ្ញាធរស្រុកត្រពាំងប្រាសាទ សុទ្ធតែបានដាក់ការសង្ស័យ ថាជាតិពុលទំនងជាមាននៅក្នុងម្សៅសាគូ ដែលគេបានទិញយកទៅធ្វើជាបង្អែមចេកខ្ទិះ ឬក៏វាអាចនៅក្នុងវត្ថុធាតុដើមខ្លះទៀត ដូចជាស្ករសជាដើម។ ទោះជាយ៉ាងណាការសង្ស័យទាំងនេះ គឺនៅមិនទាន់ពិតប្រាកដនៅឡើយ ដោយសារតែគេមិនអ្វីពិសោធឱ្យច្បាស់លាស់។
ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ លោក ឃ្លោក ហួត មានប្រសាសន៍ថា លោកបានឱ្យមន្ត្រីសុខាភិបាលប្រមូលយកបង្អែមចេកខ្ទិះ ព្រមទាំងវត្ថុធាតុដើមខ្លះទៀតដែលពាក់ព័ន្ធ ដូចជាម្សៅសាគូ និងស្ករជាដើម ផ្ញើទៅឱ្យមន្ទីរពិសោធន៍ ឯទីក្រុងភ្នំពេញ ដើម្បីវិភាគរកមូលហេតុដែលធ្វើឱ្យសិស្ស សាលា ១៤០នាក់ពុលនោះ ហើយនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា។
លោក ឃ្លោក ហួត បញ្ជាក់ទៀតថា រហូតមកដល់រសៀលថ្ងៃព្រហស្បតិ៍ គឺកុមារដែលពុលអាហារជាច្រើនបានធូរស្រាល និងវិលត្រឡប់ទៅផ្ទះជាបន្តបន្ទាប់ លើកលែងតែកុមារម្នាក់បន្ទាប់ពីមានជាតិពុល គឺមេរោគបានបម្លែងខ្លួនទៅជាជំងឺផ្សេងធ្វើឱ្យគាត់រលាកបំពង់ក ហើយក្ដៅខ្លួនខ្លាំងដែលគ្រូពេទ្យស្រុកអន្លង់វែង ឱ្យបន្តសម្រាកព្យាបាលនៅឡើយ។
ទោះយ៉ាងណាមន្ត្រីមន្ទីរសុខាភិបាលរូបនោះ នៅមិនទាន់ដឹងប្រាកដថា តើជាតិពុលនៅក្នុងបង្អែមចេកខ្ទិះ វាមាននៅក្នុងអ្វីនោះទេ៖ «យើងមិនអាចមើលនឹងភ្នែក ដោយផ្ដល់ព័ត៌មានអំពីជាតិគីមីអ្វីបានទេ គឺទាល់តែយើងវិភាគរកវានៅក្នុងឧបករណ៍ពិសោធន៍»។
នេះជាលើកទី២ហើយ ដែលខេត្តឧត្តរមានជ័យ មានសិស្សសាលា និងប្រជាពលរដ្ឋជាក្រុមបានពុលចំណីអាហារ។
កាលពី៣ឆ្នាំមុន ប្រជាពលរដ្ឋប្រមាណ ១០០នាក់ នៅសង្កាត់បុសស្បូវ ក្រុងសំរោង ក៏ធ្លាប់ពុលអាហារជាបន្តបន្ទាប់គ្នាដែរ ក្នុងពេលដែលស្វាមី ភរិយា មួយគូបានរៀបការ ហើយធ្វើអាហារទទួលភ្ញៀវដោយយកចានដែកដ៏ធំមួយ ដែលគេធ្លាប់ដាក់ត្រាំទឹកថ្នាំសម្លាប់កណ្ដៀរ ជាមួយដើមដំឡូងមីមកធ្វើជាសម្ភារៈប្រើប្រាស់សម្រាប់លាយញាំដាក់ឱ្យភ្ញៀវទទួលទាននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
