សេចក្តីប្រកាសព័ត៌មានចេញផ្សាយថ្ងៃទី២១ សីហា បានឲ្យដឹងថា ក្មេងប្រុសដែលរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានវិទ្យាស្ថានប៉ាស្ទ័រ រកឃើញថា មានផ្ទុកមេរោគផ្ដាសាយបក្សី អេច្ឆ.ហ្វាយ.អ៊ិន.វ័ន (H5N1) នៅថ្ងៃទី១៧ សីហា បន្ទាប់ពីកុមារារូបនោះចាប់ផ្ដើមមានអាការៈក្ដៅខ្លួន ឈឺក្បាល ចុកពោះ ក្អួតចង្អោរ ក្អក និងឈឺចុកចាប់រាងកាយ ហើយម្ដាយឪពុករបស់កុមាររងគ្រោះនោះ បានព្យាយាមព្យាបាលកូនប្រុសខ្លួន ដោយទិញថ្នាំពីកន្លែងលក់ថ្នាំក្នុងភូមិ។ ស្ថានភាពជំងឺកាន់តែអាក្រក់ ក្រោយមកទើបក្មេងប្រុសនោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពបឹងខ្យង នៅថ្ងៃទី២២ កក្កដា។ បច្ចុប្បន្ន កុមារានោះបានធូរស្បើយពីជំងឺហើយ។
ចាប់តាំងពីដើមឆ្នាំ២០១៣ មក ករណីឆ្លងជំងឺផ្ដាសាយបក្សីនេះបានផ្ទុះឡើងចំនួន ១៧ករណីហើយ ក្នុងនោះមានតែ ៧ករណីប៉ុណ្ណោះ ដែលអ្នកជំងឺរួចផុតពីសេចក្ដីស្លាប់។
ករណីស្លាប់ចុងក្រោយដោយសារវីរុសនេះ កើតមានលើក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ សីហា កន្លងទៅ។ ជំងឺផ្ដាសាយបក្សីបានចាប់ផ្ដើមកើតមាននៅកម្ពុជា តាំងពីឆ្នាំ២០០៤ មក ហើយឆ្នាំ២០១៣ នេះ ជាឆ្នាំដែលផ្ទុះករណីឆ្លងនេះធ្ងន់ធ្ងរជាងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។