មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានជួយវះកាត់បេះដូង និងព្យាបាលជំងឺកុមារខ្មែរដោយឥតគិតថ្លៃប្រមាណពី ៥០០នាក់ទៅ ៦០០នាក់ក្នុងមួយថ្ងៃៗ។ មន្ទីរពេទ្យនេះ បានសាងសង់ដោយអ្នកថតរូបជនជាតិជប៉ុន ម្នាក់ ដោយសារលោកបានមើលឃើញពីភាពវេទនារបស់កុមារកម្ពុជា នៅខណៈលោកបានមកថតរូបប្រាសាទអង្គរវត្ត កាលពីជាង ២០ឆ្នាំមុន។
ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យស្ម័គ្រចិត្តចម្រុះជាតិសាសន៍ រួមនឹងគ្រូពេទ្យខ្មែរច្រើនរយនាក់ បាននាំគ្នាប្រារព្ធខួប ១៧ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងបំណងបង្ហាញពីការប្រឹងប្រែងរួមគ្នាលើបេសកកម្មជួយព្យាបាល និងសង្គ្រោះជីវិតកុមារខ្មែរ ឲ្យបានយូរអង្វែងតទៅមុខទៀត។
កម្មវិធីដែលប្រារព្ធនៅឯអគារឯកជនមួយឈ្មោះ អាប៉ូឡូ ផ្លាហ្សា (APOLO PLAZZA) ចាប់តាំងពីពេលល្ងាចរហូតដល់យប់ថ្ងៃទី៣០ ខែមករា គឺមានម្ចាស់ជំនួយបរទេស និងអាជ្ញាធររបស់រដ្ឋាភិបាលខ្លះ បានចូលរួមជាភ្ញៀវកិត្តិយសផងដែរ។
នាយកមន្ទីរពេទ្យកុមារអង្គរ គឺលោក ងួន ច័ន្ទភ័ក្ត្រា។ លោកថ្លែងនៅក្នុងការប្រារព្ធខួប ១៧ឆ្នាំនៃការបង្កើតមន្ទីរពេទ្យនោះថា មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានកសាងឡើងកាលពីឆ្នាំ១៩៩៩។ កាលណោះ មន្ទីរពេទ្យមានវេជ្ជបណ្ឌិតបីរូប គិលានុបដ្ឋាក ១០រូប និងបុគ្គលិកជំនួយការមួយចំនួនទៀត ដើម្បីដំណើរការពិគ្រោះជំងឺក្រៅតែប៉ុណ្ណោះ។ រយៈពេល ១៧ឆ្នាំក្រោយមក មន្ទីរពេទ្យកុមារអង្គរ បានរីកដុះដាលយ៉ាងសកម្មក្នុងការទទួលពិគ្រោះ និងព្យាបាលជំងឺកុមារខ្មែរដោយមិនគិតថ្លៃ និងមានបុគ្គលិកបម្រើការច្រើនជាង ៥០០នាក់។ បច្ចុប្បន្ន មន្ទីរពេទ្យបានទទួលពិគ្រោះ និងព្យាបាលជំងឺឲ្យកុមារខ្មែរពី ៥០០នាក់ទៅ ៦០០នាក់ក្នុងមួយថ្ងៃៗ៖ «គោលបំណង និងទស្សនវិស័យរបស់មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជារបស់ លោក ខេនរ៉ូ អ៊ីស៊ុ (Kenro Isu) ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ គឺចង់ឲ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យមួយខ្លាំង និងពេញដោយសមត្ថភាព»។
កាលពីអំឡុងឆ្នាំ១៩៩៣ អ្នកថតរូបជនជាតិជប៉ុន ម្នាក់ បានមកថតរូបប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ហើយបានមើលឃើញភាពវេទនារបស់កុមារខ្មែរ ដែលរស់នៅក្នុងគ្រួសារក្រីក្រខ្លះ គឺអាចប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ដល់ជីវិត នៅពេលដែលមានជំងឺ ហើយគ្មានប្រាក់យកទៅឲ្យមន្ទីរពេទ្យ ដើម្បីចេញថ្លៃព្យាបាលនោះ។ ដោយសារតែមើលឃើញភាពវេទនានេះ នៅឆ្នាំ១៩៩៩ ជនជាតិជប៉ុន ម្នាក់នោះ បានវិលត្រឡប់មកសង់មន្ទីរពេទ្យមួយនៅខេត្តសៀមរាប ឈ្មោះថា មន្ទីរពេទ្យកុមារអង្គរ។ មន្ទីរពេទ្យនេះ បានឲ្យនិយមន័យដ៏មានតម្លៃរបស់ខ្លួន គឺឈឺឆ្អាលទៅលើសេចក្តីត្រូវការរបស់អ្នកជំងឺ ព្រមទាំងស្ដាប់នូវកង្វល់របស់គេ ហើយជួយព្យាបាលឲ្យជាសះស្បើយទៅតាមមធ្យោបាយដែលអាចធ្វើទៅបាន។ នៅក្នុងគុណភាពព្យាបាលទៀតសោត គឺមន្ទីរពេទ្យប្រឹងប្រែងយ៉ាងណាឲ្យល្អបំផុត។
បច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្រៅតែពីទទួលពិគ្រោះ និងព្យាបាលជំងឺដល់កុមារដោយមិនរើសអើងជាតិសាសន៍ និងសាសនា ក៏មានកម្មវិធីជួយវះកាត់ និងព្យាបាលកុមារដែលមានជំងឺបេះដូង ព្រមទាំងមានក្រុមអប់រំសុខភាពសហគមន៍ ចុះទៅធ្វើការនៅតាមតំបន់ដាច់ស្រយាលរបស់ខេត្តសៀមរាបដែរ។
ស្ថាបនិកនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលជាជនជាតិជប៉ុន លោក ខេនរ៉ូ អ៊ីស៊ុ (Kenro Isu) មានប្រសាសន៍ថា លោកបានមកថតរូបប្រាសាទអង្គរវត្តនៅឆ្នាំ១៩៩៣។ ក្នុងពេលនោះ លោកបានថតរូបកុមារីខ្មែរម្នាក់ដែលគ្រួសាររបស់នាងមានជីវភាពក្រីក្រ។ ជាច្រើនខែក្រោយមក លោកបានវិលត្រឡប់មកខេត្តសៀមរាប ម្ដងទៀត ហើយចាប់ផ្ដើមមានអារម្មណ៍ក្ដុកក្ដួល នៅពេលដែលដឹងថា កុមារីដែលលោកបានថតរូបនោះឈឺស្លាប់។ លោក ខេនរ៉ូ អ៊ីស៊ុ បញ្ជាក់ថា ការក្ដុកក្ដួលចំពោះមរណភាពនៃក្មេងស្រីម្នាក់នោះ បានជំរុញឲ្យរូបលោកត្រូវតែបង្កើតមន្ទីរពេទ្យមួយ ដើម្បីជួយសង្គ្រោះជីវិតកុមារខ្មែរ ហើយនៅឆ្នាំ១៩៩៩ មន្ទីរពេទ្យកុមារអង្គរ បានលេចចេញជារូបរាងឡើង ដោយមានការជួយជ្រោមជ្រែងពីម្ចាស់ជំនួយ និងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តនានានៅក្រៅប្រទេស រួមគ្នាជាមួយនឹងក្រុមបុគ្គលិកខ្មែរជាច្រើនទៀត៖ «ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នករាល់គ្នា ដែលនៅទីនេះក្តី និងនៅក្រៅប្រទេសក្តី ដែលជួយផ្ដល់ជំនួយ និងខិតខំធ្វើការយ៉ាងលំបាក សម្រាប់មន្ទីរពេទ្យកុមារអង្គរជារៀងរាល់ថ្ងៃ។ ខ្ញុំពិតជាមានមោទនភាពដែលបានជួយជីវិតកុមារជាច្រើន ព្រមទាំងមានសំណាងដោយសារតែខ្ញុំហាក់ដូចជាឪពុករបស់ពួកគេ»។
ជារៀងរាល់ថ្ងៃ មានកុមារប្រមាណពី ៥០០នាក់ទៅ ៦០០នាក់ ទាំងរស់នៅខេត្តសៀមរាប និងមកពីខេត្តផ្សេងទៀត តែងមកពិនិត្យសុខភាព និងព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ដោយមិនគិតថ្លៃ មិនថាកុមារនោះនៅក្នុងគ្រួសារជាអ្នកមានទ្រព្យធន ឬក៏គ្រួសារក្រីក្រឡើយ។
អភិបាលរងខេត្តសៀមរាប ដែលចូលរួមក្នុងពិធីប្រារព្ធខួប ១៧ឆ្នាំនៃមន្ទីរពេទ្យកុមារអង្គរ លោក សង់ រីហា ទទួលស្គាល់ថា មន្ទីរពេទ្យនេះពិតជាបានជួយសម្រាលបន្ទុករបស់រដ្ឋាភិបាល ក្នុងការជួយព្យាបាលជំងឺកុមារខ្មែរជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យនេះបានទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកជំនាញពេទ្យបានចំនួនច្រើននាក់ផង៖ «ជំនួសមុខឲ្យបងប្អូនគ្រួសារក្រីក្រ និងឪពុកម្ដាយរបស់គ្រួសារមានជំងឺ ដែលកំពុងទទួលបានការព្យាបាលពីមន្ទីរពេទ្យកុមារអង្គរទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត»។
អ្នកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ឲ្យដឹងថា ក្នុងរយៈពេល ១៧ឆ្នាំ មន្ទីរពេទ្យនេះបានទទួលពិគ្រោះ និងព្យាបាលជំងឺកុមារប្រមាណជាង ១លាន ៤សែននាក់ ដោយចំណាយថវិកាអស់ប្រមាណជាង ៦លាន ៥សែនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
ទោះយ៉ាងណា បច្ចុប្បន្ន អគារខ្លះរបស់មន្ទីរពេទ្យនេះកំពុងចាស់ទ្រុឌទ្រោម ហើយជ្រាបទឹកនៅពេលមានភ្លៀងម្ដងៗ។ មន្ទីរពេទ្យនេះ ក៏កំពុងត្រូវការជំនួយជាទឹកប្រាក់ជាង ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីសប្បុរសជនដែលជាប្រជាពលរដ្ឋខ្មែរ ដើម្បីយកមូលនិធិមកជួសជុលដំបូលដែលកំពុងចាស់ទ្រុឌទ្រោមជាច្រើនកន្លែងជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
