អធិការស្រុកសំបូរ ខេត្តក្រចេះ ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ និងជាង ២០នាក់ផ្សេងទៀត បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកសំបូរ បន្ទាប់ពីពួកគាត់បានចូលរួមពិធីបុណ្យសពក្នុងភូមិ។ លោកថា មន្ត្រីជំនាញដាក់ការសង្ស័យករណីស្លាប់នោះបណ្ដាលមកពីពុលស្រាស អំឡុងពេលពួកគេបានពិសាស្រាសកំដររោងបុណ្យ។
អធិការស្រុកសំបូរ ខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី២៣ វិច្ឆិកា ថា មន្ត្រីជំនាញ និងនគរបាលកំពុងស៊ើបអង្កេតពីមូលហេតុបណ្ដាលឲ្យមានមនុស្សស្លាប់ និងជាច្រើននាក់ពុល។
អធិការស្រុកសំបូរ លោក ប៊ុន ឈឿន និយាយថា នគរបាលកំពុងស្រាវជ្រាវពីមូលហេតុ និងធ្វើកោសល្យវិច័យស្រាស និងម្ហូបអាហារក្នុងពិធីបុណ្យសពមួយកន្លែង ឋិតនៅក្នុងភូមិចារថ្នោល ឃុំសំបូរ នៃស្រុកសំបូរ។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២០ វិច្ឆិកា អ្នកភូមិម្នាក់មានអាការៈទន់ដៃទន់ជើង វិលមុខ និងក្អួតចង្អោរ ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ តែត្រូវស្លាប់តាមផ្លូវ។ រហូតដល់ថ្ងៃទី២២ វិច្ឆិកា មានមនុស្ស ៣នាក់ផ្សេងទៀតក៏មានអាការៈមិនស្រួលដូចគ្នានឹងបុរសដែលបានស្លាប់ ក៏បញ្ជូនពួកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់មកពលរដ្ឋម្នាក់ទៀតស្លាប់ និងសង្គ្រោះទាន់ពេល ២នាក់។ លោកថា បន្ទាប់ពីកើតមានបាតុភាពមិនប្រក្រតីនេះ នគរបាល និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ជំរុញឲ្យពលរដ្ឋដែលពិសាស្រាក្នុងពិធីបុណ្យទាំងអស់ ៤២នាក់ ទៅមណ្ឌលសុខភាពស្រុកសំបូរ ដើម្បីពិនិត្យ និងបង្ការ៖ «ទិញម្តងមួយលីត្របន្តៗគ្នា។ ដូច្នេះ យើងកំពុងស្រាវជ្រាវថា ក្នុងពិធីបុណ្យយកស្រាពីកន្លែងណាខ្លះ? នៅពេលដែលសុខាភិបាលចុះមក ស្រានៅសល់ពីរដប ហើយជំនាញសុខាភិបាលគេយកពិសោធបន្តទៀត ដើម្បីរកមើលបញ្ហាហ្នឹង»។
បន្ទាប់ពីកើតមានបាតុភាពបណ្ដាលឲ្យមានមនុស្សស្លាប់នេះ នគរបាល និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តក្រចេះ សន្និដ្ឋានជាបឋមថា អាចបណ្ដាលមកពីពុលស្រាស។ ការសន្និដ្ឋាននេះ បន្ទាប់ពីការស្រាវជ្រាវជាបឋមទាក់ទងនឹងពលរដ្ឋមានអាការៈមិនស្រួល ដូចជា វិលមុខ ក្អួត និងទន់ដៃជើង ជាដើម គឺសុទ្ធតែបានទទួលទានស្រាសក្នុងពិធីបុណ្យសព។
មេឃុំសំបូរ លោក ជុំ សាវ៉ន ឲ្យដឹងនៅថ្ងៃទី២៣ វិច្ឆិកា ថា បន្ទាប់ពីសង្ស័យលើស្រាសដែលអ្នកភូមិបានទទួលទានក្នុងពិធីបុណ្យសព អាជ្ញាធរបានជូនដំណឹងដល់អ្នកលក់ស្រាស និងអ្នកចែកចាយស្រាសទាំងអស់ ឲ្យផ្អាកលក់ជាបណ្ដោះអាសន្ន រង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យរបស់មន្ទីរជំនាញ និងនគរបាលជាមុនសិន។ លោកឲ្យដឹងដែរថា អំឡុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ចំនួនមនុស្សដែលមានអាការៈមិនស្រួល ដូចជា វិលមុខ ទន់ដៃជើង និងក្អួតចង្អោរជាង ២០នាក់ ក្នុងនោះមានបីនាក់ដែលមានអាការៈធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ៖ «ទន់ដៃទន់ជើងស្រវាំងភ្នែក ហើយរឹងថ្គាម។ ចឹងទាក់ទងទៅមណ្ឌលសុខភាពបានឡានបញ្ជូនទៅមន្ទីរពេទ្យខេត្តហ្នឹង ទទួលមរណភាពនៅទីនោះទេ ពេទ្យសង្គ្រោះអត់ទាន់ទេ។ យើងផ្តល់ព័ត៌មានទៅមន្ទីរពេទ្យខេត្តសង្ស័យថា អាចជាករណីស្រា»។
រហូតមកដល់ថ្ងៃទី២៣ វិច្ឆិកា មន្ត្រីជំនាញ និងនគរបាលស្រុកសំបូរ នៅមិនទាន់ជូនដំណឹងដល់គ្រួសារជនរងគ្រោះ អំពីមូលហេតុនៃការស្លាប់ និងកំពុងសង្គ្រោះជាច្រើននាក់នោះ ថាបណ្ដាលមកពីអ្វីឲ្យប្រាកដទេ ក្រៅពីការសង្ស័យអំពីពុលស្រាសនេះ។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខេត្តក្រចេះ លោក ឌិន ខន្នី ស្នើឲ្យអាជ្ញាធរ និងមន្ត្រីជំនាញស្រាវជ្រាវរកប្រភពនៃមូលហេតុនៃការស្លាប់នេះឲ្យប្រាកដ ដើម្បីចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ចៀសវាងករណីនេះកើតឡើងដដែលៗ។ លោករកឃើញថា ករណីពុលស្រាសនេះ មិនត្រឹមតែកើតឡើងនៅខេត្តក្រចេះ នោះទេ គឺនៅបណ្ដាខេត្តមួយចំនួននៃប្រទេសកម្ពុជា ក៏កើតមានបាតុភាពនេះដែរ ដែលរដ្ឋាភិបាល ឬមន្ត្រីជំនាញហាក់នៅមិនទាន់មានយន្តការទប់ស្កាត់ករណីនេះឲ្យមានប្រសិទ្ធភាពឡើយ៖ «មន្ត្រីជំនាញគួរតែបើកការស៊ើបអង្កេតរឿងហ្នឹងជាបន្ទាន់ ព្រោះថា កុំឲ្យចៀសវាងបាត់ភស្តុតាងណាមួយ។ បើសិនករណីបំពុលមែន ស្វែងរកការពិតជូនជនរងគ្រោះ»។
ស្រដៀងគ្នានេះដែរ នៅឃុំសំបូរ នៃស្រុកសំបូរ ករណីពុលធ្វើឲ្យមនុស្សស្លាប់នេះ បានកើតឡើងជាលើកទីពីរហើយ គឺកាលពីឆ្នាំ២០១២ មានកុមារចំនួន ៤នាក់ បានពុលដំឡូងមី បន្ទាប់ពីពួកគេបរិភោគដំឡូងជំនួសបាយ ហើយក្នុងចំណោមកុមារ ៤នាក់នោះ មានកុមារពីរនាក់បានស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
