កុមារ​កម្ពុជា​ប្រមាណ​២​ពាន់​នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ដោយសារ​ជំងឺ​រាករូស

អង្គការ​យូនីសេហ្វ (UNICEF) បង្ហាញ​តួលេខ​ថ្មីៗ​ថា នៅ​ទូទាំង​ពិភព​លោក កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ចំនួន ១.៤០០​នាក់ នៅ​តែ​បន្ត​ស្លាប់​ជា​រៀងរាល់​ថ្ងៃ ដោយសារ​តែ​ជំងឺ​រាករូស ដែល​បង្ក​ឡើង​ដោយ​សារ​កង្វះ​ទឹក​ស្អាត និង​កង្វះ​អនាម័យ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា មាន​កុមារ​ប្រមាណ ២​ពាន់​នាក់ ស្លាប់​ដោយ​សារ​ជំងឺ​រាក​នេះ​ជា​រៀង​រាល់​ឆ្នាំ។

0:00 / 0:00

មន្ត្រី​អង្គការ​យូនីសេហ្វ លោក ហ្វីលីព សេន (Philip Sen) ថ្លែង​ថា ក្នុង​ទិស​ដៅ​កាត់​បន្ថយ​តួលេខ​កុមារ​ស្លាប់​ដោយសារ​ជំងឺ​រាករូស​នៅ​កម្ពុជា ​ឱ្យ​បាន​ពាក់​កណ្ដាល អង្គការ​យូនីសេហ្វ រួម​នឹង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​លាង​សម្អាត​ដៃ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៣ ដើម្បី​បញ្ចៀស​ជំងឺ​រាករូស និង​ជំងឺ​ផ្លូវ​ដង្ហើម​លើ​កុមារ។

លោក ហ្វីលីព សេន បញ្ជាក់​ទៀត​ថា ទិវា​លាង​សម្អាត​ដៃ​នេះ គឺ​ជា​យុទ្ធនាការ​លើក​កម្ពស់​អនាម័យ​ផ្ទាល់​ខ្លួន​មួយ នៅ​ទូទាំង​ប្រទេស ក្រោម​ពាក្យ​ស្លោក​ថា "ខ្ញុំ​ឆ្លាត ខ្ញុំ​លាង​ដៃ​នឹង​សាប៊ូ" ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទម្លាប់​ធ្វើ​បែប​នេះ ជា​ពិសេស ផ្ដោត​ទិសដៅ​ដល់​ពលរដ្ឋ​នៅ​តាម​ជន​បទ៖ «ការ​លាង​ដៃ​ជាមួយ​សាប៊ូ គឺ​ជា​វិធី​ងាយ​ស្រួល​បំផុត និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​យើង​អាច​ធ្វើ​បាន ​ក្នុង​ការ​បង្ការ​ជំងឺ​រាករូស​ចំពោះ​កុមារ។ ជា​ញឹក​ញាប់ មនុស្ស​នៅ​តាម​ជន​បទ​ដាច់​ស្រយាល នៅ​តែ​មិន​បាន​យល់​ដឹង​អំពី​សារប្រយោជន៍​ពី​ការ​លាង​ដៃ​នឹង​សាប៊ូ​ទេ ហើយ​ក៏​ពួក​គាត់​ខ្លះ មិន​មាន​ទឹក​ស្អាត។ នេះ​ហើយ​ជា​គោល​បំណង​ដែល​យើង​យុទ្ធនាការ»

​លោក​បន្ត​ថា យុទ្ធនាការ​នេះ នឹង​ធ្វើ​តាម​រយៈ​កម្មវិធី​ខ្លីៗ ចាក់​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ព័ត៌មាន​សង្គម ដោយ​សហការ​ជាមួយ​ដៃគូ ដូច​ជា អង្គការ​មិន​មែន​រដ្ឋាភិបាល ESC-BORDA និង មេឌា វ័ន (Media One) ទីភ្នាក់ងារ​អភិវឌ្ឍន៍​នៃ​ប្រទេស​អាល្លឺម៉ង់ (GIZ) អង្គការ​យូនីសេហ្វ និង​រាជ​រដ្ឋាភិបាល​ម្ពុជា។

មន្ត្រី​នាយកដ្ឋាន​ផ្នែក​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា យុទ្ធនាការ​នេះ ជា​សកម្មភាព​នៅ​ក្នុង​ទិវា​អនាម័យ​ពិភព​លោក ដែល​ក្រសួង​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ខែ​ឧសភា។ លោក​មាន​ប្រសាសន៍​ណែនាំ​ថា ការ​លាង​ដៃ​ជា​ការ​ចាំបាច់ អាច​កាត់​បន្ថយ​ជំងឺ​ជា​ច្រើន ហើយ​លាង​ត្រូវ​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ចាហួយ​លាង​ដៃ ព្រោះ​ដៃ​ប៉ះពាល់​គ្រប់​វត្ថុ​ទាំង​អស់ រួម​ទាំង​ផ្នែក​ផ្សេង​នៃ​រាង​កាយ​យើង​ផង។

លោក លី សូវ៉ាន់៖ «បច្ចុប្បន្ន​ដោយសារ​មាន​ការ​លិច​ទឹក​ហ្នឹង ដូច្នេះ​មាន​ការ​អណ្ដែត​មេរោគ​តាម​ទឹក តាម​ទី​សាធារណៈ​នានា​ហ្នឹង ការ​លាង​ដៃ គឺ​ចាំបាច់​ហើយ ហើយ​ការ​លាង​ដៃ កាត់​បន្ថយ​ជំងឺ​រាគ​បាន​ច្រើន ហើយ​បច្ចុប្បន្ន ក៏​មាន​ផ្ទុះ​នូវ​ភ្នែក​ក្រហម។ ដូច្នេះ លាង​ដៃ​នឹង​សាប៊ូ​ឱ្យ​ញឹកញាប់ ជំងឺ​មិន​អាច​ឆ្លង​មក​យើង​ទេ។ ដូច្នេះ ការ​លាង​ដៃ​សាប៊ូ និង​ទឹក​ហ្នឹង​កាត់​បន្ថយ​មេរោគ​មក​ភ្នែក​របស់​យើង មក​ខ្លួន​យើង។ ជា​ពិសេស គឺ​ការ​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ធ្វើ​ម៉េច​អ្នក​ដែល​ឈឺ​នោះ​នៅ​ដាច់ កុំ​ឱ្យ​ប្រើប្រាស់​រួម​គ្នា​សិន ហើយ​នៅ​ឆ្ងាយ​ពី​គេ​មួយ​រយៈ»

ក្នុង​សេចក្ដី​ប្រកាស​របស់​អង្គការ​យូនីសេហ្វ បាន​សរសេរ​ថា ជំងឺ​រាករូស ជា​មូលហេតុ​ចម្បង​ទី​២ ដែល​ធ្វើ​ឱ្យ​កុមារ​ទូទាំង​ពិភព​លោក ចំនួន ៦​សែន​នាក់​ ស្លាប់​ជា​រៀងរាល់​ឆ្នាំ។

លោក ហ្វីលីព សេន មាន​ប្រសាសន៍​ថា នៅ​ក្នុង​យុទ្ធនាការ​លាង​សម្អាត​ដៃ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២១ តុលា រហូត​ដល់​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ឱ្យ​ពលរដ្ឋ​យល់ដឹង​អំពី​សារ​ប្រយោជន៍​នៃ​ការ​លាង​សម្អាត​ដៃ ជា​ពិសេស​មុន​ពេល​ទទួល​ទាន​អាហារ និង​ក្រោយ​ចេញ​ពី​បង្គន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។