ជំទប់ទី២ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ជាមនុស្សទី៧ ដែលស្លាប់ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ទាំងអ្នកឆ្លងថ្មី និងចាស់ជិត ៣០០នាក់ គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។រហូតមកទល់ពេលនេះ អ្នកដែលស្លាប់ទាំងនោះរួមមាន មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅចំនួន ៦នាក់ និងទារកអាយុ ៧ខែម្នាក់នៅភូមិរកា។
សាច់ញាតិក្រុមគ្រួសារនៃសពថ្លែងប្រាប់ខណៈកំពុងធ្វើបុណ្យសពនៅផ្ទះភូមិរកា នៅព្រឹកថ្ងៃទី៧ មេសា ថា លោក សឿម ឆម អាយុ ៦៤ឆ្នាំ ជាជំទប់ទី២ ឃុំរកា បានស្លាប់នៅផ្ទះកាលពីរសៀលថ្ងៃទី៦ មេសា បន្ទាប់ពីលោកធ្វើតេស្ដឈាមនៅមណ្ឌលសុខភាពរកា ហើយមានមេរោគកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ។
លោក ឆម ហ៊ ជាកូនប្រុសនៃសពថ្លែងទាំងយំសោកអាឡោះអាល័យនៅខាងមុខផ្ទះក្នុងពិធីបុណ្យសពនោះថា ឪពុករបស់លោកកន្លងមកមានសុខភាពល្អអាចធ្វើការងារបាន ដោយពុំមានបញ្ហាអ្វីនោះទេ។ លោកបន្តថា បន្ទាប់ពីទៅធ្វើតេស្ដឈាម ហើយមានមេរោគអេដស៍ក្នុងខ្លួនមក ឪពុករបស់លោកធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។ រហូតក្រោយមក ក៏បញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរបង្អែកខេត្តបាត់ដំបង ប្រមាណជាង ១ខែ ប៉ុន្តែស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់ សាច់ញាតិក៏បញ្ជូនលោក សឿម ឆម ត្រឡប់មកផ្ទះវិញបានប្រមាណជាង ១០ថ្ងៃ ក៏ស្លាប់តែម្ដង៖ «ខ្ញុំមានការសោកស្ដាយគាត់រកអ្វីប្រៀបមិនបានទេ ហើយមុននឹងគាត់ស្លាប់គាត់បានឲ្យកូនៗចេះ ស្រលាញ់គ្នា ហើយមើលថែរក្សាបងប្អូនផង ព្រោះម្ដាយខ្ញុំគាត់ក៏ផ្ទុកមេរោគអេដស៍ដែរ»។
កូនប្រុសទី២ នៃសពរូបនេះបន្តថា ឪពុករបស់លោកប្រឡូកជាអ្នកនយោបាយថ្នាក់មូលដ្ឋានជាង ១០ឆ្នាំ និងទទួលបានតំណែងជាជំទប់ទី២ ឃុំរកា ចំនួន ៣អាណត្តិមកហើយ គឺតាំងពីគណបក្ស សម រង្ស៊ី រហូតមកទល់គណបក្សសង្គ្រោះជាតិ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត មានប្រសាសន៍បញ្ជាក់ថា ការស្លាប់របស់លោកជំទប់ទី២ ឃុំរកា នេះ ពុំមែនដោយសារមានមេរោគអេដស៍តែមួយមុខនោះទេ នៅមានមេរោគប្រចាំកាយរបស់គាត់ជាច្រើនទៀត មានជាអាទិ៍ រោគហើមសន្លាក់ក្បាលជង្គង់ និងរោគរបេងឆ្អឹងខ្នង ជាដើម៖ «តាមពិតសុខភាពរបស់គាត់ចុះខ្សោយតាំងពីមុនគាត់មានផ្ទុកមេរោគអេដស៍មកទៅហើយ ក្រោយមកបន្ទាប់ពីរកឃើញថា គាត់មានផ្ទុកមេរោគអេដស៍យើងក៏ចាប់ផ្ដើមព្យាបាលគាត់ជាបន្តបន្ទាប់មកដែរ ហើយគាត់ក៏បានទទួលថ្នាំពន្យារអាយុជីវិតលេបជាបន្តបន្ទាប់។ ប៉ុន្តែដោយសារសុខភាពរបស់គាត់មិនរឹងមាំផង គាត់ក៏ធ្លាក់ខ្លួនឈឺរហូតមក»។
លោកឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅឃុំរកា ទាំងអ្នកដែលឆ្លងចាស់ គឺកាលមុនខែធ្នូ ឆ្នាំ២០១៤ និងអ្នកដែលផ្ទុកមេរោគអេដស៍ថ្មីចាប់ពីថ្ងៃទី៨ ធ្នូ រហូតមកទល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ មានចំនួន ២៨៨នាក់។ នៅក្នុងនោះ អ្នកដែលមានមេរោគអេដស៍ចាស់ចំនួន ៤០នាក់ និងអ្នកថ្មីចំនួន ២៤៨នាក់។ ចំណែកឯអ្នកស្លាប់វិញរហូតមកទល់ពេលនេះ មានចំនួន ៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
