ពលរដ្ឋ ៧នាក់រស់នៅស្រុកសំបូរ ខេត្តក្រចេះ អំពាវនាវរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ចុះស៊ើបអង្កេតរកមូលហេតុដែលបណ្ដាលឲ្យពួកគាត់មានអាការៈមិនប្រក្រតី បន្ទាប់ពីពិសាទឹកក្រូច កើតមានអាការៈក្អួតចង្អោរ វិលមុខ ចុកពោះ កាលថ្ងៃទី៣ មករា និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ពលរដ្ឋមួយគ្រួសាររស់នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី១២ មករា ថា ពួកគាត់មួយចំនួនពុំទាន់ជាសះស្បើយនៅឡើយទេ និងមួយចំនួនទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ខណៈពួកគាត់បានពិសាទឹកក្រូចណាហ្សា (NASA) អស់ ៤ដប ចំណុះពីរលីត្រដែលលក់នៅមូលដ្ឋាន។
ពលរដ្ឋរស់នៅភូមិអូរព្រះ លោក ច្រឹក សុខចាន់ រៀបរាប់ថា កាលពីថ្ងៃទី៣០ ធ្នូ លោកបានទិញទឹកក្រូចប្រភេទណាហ្សា (NASA) ចំនួន ៦ដប តម្លៃជាង ១ម៉ឺនរៀល ពីអាជីវករនៅមូលដ្ឋាន ហើយនៅថ្ងៃទី៣ មករា កូន និងប្រពន្ធរបស់លោក ៦នាក់ និងលោក មានអាការៈខុសប្រក្រតីពេលទទួលទានទឹកក្រូចនោះ និងត្រូវបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បន្ទាប់ពីមណ្ឌលសុខភាពនៅមូលដ្ឋានពុំអាចព្យាបាលបាន។ លោកបារម្ភថា បើរដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់ករណីនេះទេ នឹងប៉ះពាល់ដល់សុខភាពពលរដ្ឋផ្សេងទៀត៖ «ភ្លាមៗពុលក្អួតចង្អោរ ទន់ខ្លួនស្លក់ភ្នែកអស់ ភ័យទាំងយប់ទាំងអាធ្រាត្រ។ ពេទ្យគេសួរថា បានស៊ីចុកពោះក្អួតចង្អោរថាមកពីហូបទឹកក្រូច មិនមែនថាពុលតែមនុស្សទេ ឆ្កែឲ្យផឹកតែមួយកែវ វាក្អួតប្រកាច់»។
មេឃុំអូរគ្រៀង លោក កែវ បុប្ផា មានប្រសាសន៍ថា អាជ្ញាធរពុំទាន់ទទួលដំណឹងជុំវិញករណីពុលទឹកក្រូចនេះនៅឡើយទេ។ យ៉ាងណា លោកថានឹងអន្តរាគមន៍ជួយសង្គ្រោះដល់ពលរដ្ឋទាំងនោះ ប្រសិនបើពួកគាត់ពិតជារងគ្រោះដោយការពិសាទឹកក្រូចមែន។ លោកជំរុញឲ្យពលរដ្ឋកើតមានបញ្ហានេះ ជូនដំណឹងមកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីសហការជួយសង្គ្រោះពលរដ្ឋ៖ «ចុះមកភូមិអូរព្រះ ផ្ទាល់ឥឡូវនេះ ដើម្បីស៊ើបអង្កេតពីរឿងហ្នឹង។ ដើម្បីចុះថាតើរឿងហ្នឹង ពិតឬមិនពិតតើ យើងត្រូវមានវិធានការតទៅទៀត»។
ករណីពុលនៅស្រុកសំបូរ ខេត្តក្រចេះ កើតមានជាលើកទីបីហើយ បន្ទាប់ពីឆ្នាំ២០១២ មានកុមារចំនួន ៤នាក់បានពុលដំឡូងមី បន្ទាប់ពីពួកគេបរិភោគដំឡូងជំនួសបាយ ហើយក្នុងចំណោមកុមារ ៤នាក់នោះ មានកុមារពីរនាក់បានស្លាប់ ហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ពលរដ្ឋ ៣នាក់ស្លាប់ និងជាង ២០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកសំបូរ ករណីពុលស្រាស បន្ទាប់ពីពួកគាត់បានពិសាស្រាស។
ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ឈ្នាង សុវុត្ថា ឲ្យដឹងថា លោកពុំទាន់ទទួលបានព័ត៌មានករណីនេះទេ។ លោកថា មន្ទីរជំនាញនៃមន្ទីរសុខាភិបាលខេត្ត នឹងចុះអង្កេតករណីនេះ ប្រសិនបើរកឃើញថា ពុលទឹកក្រូចមែន។ មន្ត្រីជំនាញ នឹងអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ និងភេសជ្ជៈ ជាដើម៖ «សុខាភិបាល គឺមានតែអប់រំសុខភាពទេ ព្រោះផលិតផលវាច្រើនណាស់ វាអាចមានគ្រោះថ្នាក់ មិនមែនទឹកក្រូច ជួនកាលចំណីអាហារ សត្វសាច់ច្រើន។ មានតែការងារអប់រំសុខភាព ណែនាំគាត់មុនពេលបរិភោគរបស់របរមុនពេលបរិភោគ យើងត្រូវពិនិត្យបច្ច័យឲ្យច្បាស់លាស់»។
ចាប់តាំងពីចុងឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ខេត្តក្រចេះ មានមនុស្សស្លាប់ជាង ២០នាក់ និងជិត ២០០នាក់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីពលរដ្ឋពិសាស្រាស សាច់ឆ្កែដែលគេបំពុល និងករណីសង្ស័យពុលទឹកក្រូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
