ស្ត្រីវ័យ ៣២ឆ្នាំម្នាក់បានស្លាប់ ក្រោយពេលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា។ មន្ត្រីសុខាភិបាលឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងវិភាគធ្វើកោសល្យវិច័យរកមូលហេតុពិតប្រាកដ នៃការស្លាប់របស់ស្ត្រីរូបនេះ ដើម្បីជៀសវាង និងបង្ការកុំឲ្យមានករណីដូចគ្នានេះកើតមានទៅថ្ងៃក្រោយទៀត។
ក្រុមគ្រួសារស្ត្រីសម្រាលកូនស្លាប់ឈ្មោះ ផាន់ សុអ៊ីម នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ សម្រេចមិនប្ដឹងផ្ដល់ក្រុមគ្រូពេទ្យពីករណីស្លាប់នេះទេ ប៉ុន្តែស្នើឲ្យគ្រូពេទ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ។
ប្ដីរបស់ស្ត្រីរងគ្រោះ ចោទគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ថាមានការធ្វេសប្រហែស និងចាក់ថ្នាំខុសបច្ចេកទេស ទើបបណ្ដាលឲ្យប្រពន្ធរបស់គាត់ស្លាប់។ លោកថា បើទោះបីប្ដឹងរឿងនេះទៅតុលាការ ក៏មិនសង្ឃឹមឈ្នះដែរ ដោយគ្រួសារលោកមានជីវភាពក្រីក្រ ហើយលោកមិនសូវយល់ដឹងពីច្បាប់ ឬឡើងចុះតុលាការ។
ប្ដីរបស់ស្ត្រីរងគ្រោះ និងជាឪពុកកូនកំព្រាម្ដាយចំនួន ៤នាក់ លោក តាត់ សាវ៉ុន រៀបរាប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ថា នៅមុនពេលសម្រាល និងក្រោយពេលសម្រាលកូនភ្លាម សុខភាពរបស់ប្រពន្ធលោកនៅធម្មតា ប៉ុន្តែក្រោយពីគ្រូពេទ្យក្មេងៗបីនាក់ចាក់ថ្នាំបីម្ជុល និងដាក់សេរ៉ូមជាប់ៗគ្នា ហើយបន្តិចក្រោយមកមានពេទ្យវ័យចំណាស់ម្នាក់ទៀត បានបូមថ្នាំចាក់មួយម្ជុលទៀត ស្រាប់តែអាការៈប្រពន្ធគាត់កាន់តែចុះខ្សោយ។ លោកថា ប្រពន្ធរបស់លោកទំនងជាប្រតិកម្មថ្នាំ និងចាប់ផ្ដើមធ្វើទុក្ខក្នុងខ្លួនខ្លាំងតាំងពីម៉ោងជិត ១២ថ្ងៃត្រង់ រហូតដល់ម៉ោងជាង ៤ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ទើបដាច់ខ្យល់ស្លាប់៖ «យើងមិនចង់ថាអីទេ! គ្រាន់ថាធ្វើអ៊ីចឹង បើអ្នកក្រោយទៀតទៅពេលមានទម្ងន់ (មានផ្ទៃពោះ) ហើយទៅសម្រាលកូន ការពិតដល់ពេលយើងសម្រាលកូនរត់ទៅរកពេទ្យណាដែលល្អ យើងទៅពេទ្យហ្នឹង។ ជីវិតមនុស្សទាំងមូល កើតកូនមិនលំបាក ហើយដូចយកគ្នាទៅសម្លាប់អ៊ីចឹង ខ្ញុំវាហួសចិត្ដត្រង់ហ្នឹង»។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានច្រានចោលការចោទប្រកាន់ដែលថាការស្លាប់របស់ស្ត្រីឈ្មោះ ផាន់ សុអ៊ីម បណ្ដាលមកពីប្រតិកម្មថ្នាំ ឬក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់នោះ។ លោកបញ្ជាក់ថា បន្ទប់នាងសម្រាកនៅទល់មុខបន្ទប់ប្រចាំការរបស់គ្រូពេទ្យ ហើយមានការយកចិត្ដទុកដាក់ពីគ្រូពេទ្យ។ លោកស្ទាក់ស្ទើរក្នុងការវិនិច្ឆ័យនៃការស្លាប់នេះ ប៉ុន្តែលោកពន្យល់តាមរបៀបវេជ្ជសាស្ត្រថា បើមានប្រតិកម្មថ្នាំមែននោះ រោគសញ្ញាអាចស្ដែងចេញភ្លាមៗ ដូចជា សន្លប់ សម្ពាធឈាមធ្លាក់ចុះ និងជីពចរយកមិនបាន ជាដើម៖ «តាមពិតដូចជាគាត់បានជជែកគ្នារួចហើយនៅក្នុងក្របខ័ណ្ឌនៃមន្ទីរពេទ្យ ព្រោះខ្ញុំបានដឹងព័ត៌មានហ្នឹងភ្លាម យើងបានចាត់ចែងទៅលោកប្រធានមន្ទីរពេទ្យ ដើម្បីឲ្យគាត់ជួយពិនិត្យករណីហ្នឹង ហើយក្រុមតាមដានការស្លាប់របស់មាតារបស់ខេត្ត ក៏បានសាកសួរព័ត៌មានហ្នឹងដែរ»។
លោកបញ្ជាក់ថា ក្រោយពេលសម្រាលកូនហើយ ស្ត្រីរូបនោះមានសុខភាពល្អធម្មតា ប៉ុន្តែមានបញ្ហាថប់ដង្ហើមភ្លាមៗ ដែលអាចកើតចេញពីមូលហេតុជាច្រើន។ លោកថា មូលហេតុទាំងនោះអាចមកពីកត្តាដុំឈាមកកតូចៗទៅស្ទះនៅត្រង់សួត ដែលបណ្ដាលឲ្យស្លាប់។ បញ្ហានេះ ទាមទារឲ្យក្រុមការងារបច្ចេកទេសនៃមន្ទីរពេទ្យ សិក្សាបន្ថែម ដើម្បីជៀសវាង និងបង្ការករណីដូចគ្នានេះទៅថ្ងៃក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
